ខេត្តតាកែវ៖ ស្ត្រីម្នាក់បានប្តឹងមន្ត្រីនគរបាលមួយរូប នៅស្រុកអង្គរបុរី ថាបាន ល្បួងនាងទៅខារ៉ាអូខេ និងបានបង្ខាំងរំលោភរហូតបានសម្រេចដែលហេតុការណ៍នេះ បានកើតឡើងកាលពីរាត្រី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងហាងខារ៉ាអូខេមួយកន្លែង យីហោ ហេងហេង ស្ថិតក្នុងភូមិទួលសាំង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។
ស្ត្រីរងគ្រោះឈ្មោះ ស.ស.ច អាយុ២២ឆ្នាំ បានលើកឡើងនៅក្នុងពាក្យបណ្ដឹងថា ជនសង្ស័យឈ្មោះ សំ តារា ជាមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំគោគធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ កាលពីថ្ងៃកើតហេតុខាងលើបានធ្វើសកម្មភាពលួងលោម ប្រព្រឹត្តអំពើប៉ះពាល់លើរាង្គកាយធ្ងន់ធ្ងរ និងបង្ខាំងរំលោភរហូតបានសម្រេច។
ពាក្យបណ្ដឹងបានបន្ថែមថា មុនពេលកើតហេតុ ជនសង្ស័យបាននាំជនរងគ្រោះ និងគ្នា ០២នាក់ទៀតប្រុសម្នាក់ ស្រីម្នាក់ ទៅច្រៀងខារ៉ាអូខេ នៅហាងខាងលើ។ គ្រានោះជនសង្ស័យឲ្យគ្នា២នាក់ផ្សេងទៀតចេញក្រៅ ហើយក៏បានចាប់រំលោភសម្រេចតែម្ដង។
ផ្អែកតាមអង្គហេតុនេះ ជនរងគ្រោះ បានទាមទារជំងឺចិត្តពីជនសង្ស័យ ចំនួន៥ពាន់ដុល្លារ និងឲ្យជនសង្ស័យខាងលើទទួលខុសត្រូវចំពោះមុខច្បាប់ ដោយខ្លួនជាមន្ត្រីនគបាលស្រាប់ផង។ ប៉ុន្តែពេលបញ្ជូនពាក្យបណ្ដឹងទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបុរី តែពុំត្រូវបានគេចាត់ការដោះស្រាយឲ្យឡើយ។
ពាក់ព័ន្ធករណីខាងលើ លោក សួន ផុន ស្នងការរងផែនយុត្តិធម៌ នៃស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា លោកនឹងឲ្យអធិការស្រុកអង្គរបុរី បញ្ជូនសំណុំរឿងមកថ្នាក់លើជាបន្ទាន់ ដើម្បីមានវិធានការ។ ចំណែកលោក ផាន់ សុភ័ក្រ អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ បានឲ្យដឹងថា ជនរងគ្រោះអាចយកពាក្យបណ្ដឹង មកដាក់នៅសាលាដំបូង ដើម្បីស្វែងរកយុត្តិធម៌។
បច្ចុប្បន្នស្ត្រីរងគ្រោះបាននឹងកំពុងរៀបចំទៅដាក់ពាក្យពាក្យបណ្តឹងនៅសាលាដំបូងខេត្តតាកែវ នៅដើមសប្ភាហ៍ក្រោយនេះហើយ៕ ភ្នំដា