លោក Arsene Wenger អ្នកចាត់ការទូទៅក្លិបកាំភ្លើងធំ Arsenal បានសម្តែងមតិថា គាត់ចង់ឲ្យក្លិបយក្សពីររបស់ស្កុតឡេន Celtic និង Rangersមកលេងនៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier League មុនពេលអញ្ជើញក្លិប Barcelonaមកចូលរួមដែរ។
បញ្ហានយោបាយនៅក្នុងប្រទេសអេស្ប៉ាញកាន់តែក្តៅក៏គុកដោយសារតែប្រជាជនទាំងអស់នៅតំបន់ Catalan នាំគ្នាបោះឆ្នោតប្រជាមតិដើម្បីផ្ដាច់ទឹកដីពីប្រទេសអេស្ប៉ាញ ជារដ្ឋឯករាជ្យមួយ ប៉ុន្តែសកម្មភាពនេះមិនមានការគាំទ្រពីរដ្ឋាភិបាលអេស្ប៉ាញឡើយ ព្រមទាំងចោទថា ជាអំពើខុសច្បាប់។
រដ្ឋមន្ត្រីក្រសួងកីឡារបស់តំបន់ Catalan បានអះអាងថា បើសិនតំបន់នេះទទួល បានឯករាជ ក្លិបចំនួន៣គឺ Barcelona, Espanyol និង Girona ត្រូវលេងនៅប្រទេសផ្សេង។ ស្របពេលជាមួយគ្នានេះក៏មានព័ត៌មានថា ជើងខ្លាំង Barcelonaនឹងត្រូវអញ្ជើញមកលេងនៅ ក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។
លោក Arsene Wenger បាននិយាយថា “ក្របខ័ណ្ឌអង់គ្លេស Premier League គួរតែស្វាគមន៍ដល់ក្លិបប្រទេសស្កុតឡេនមុនដោយសារតែពួកគេនៅក្នុងចក្រភពអង់គ្លេសដូចគ្នា។ ប្រសិនបើ Barcelona មកកាន់ Premier League វាធ្វើឲ្យកាន់តែពិបាកក្នុង ការដណ្តើមជើងឯក” ៕ ដេវីត