ភ្នំពេញ៖ តារាចំរៀងផ្នែកអាយ៉ៃ លោកតា ផ្លុង មឿក ដែលមានវ័យ៨៤ឆ្នាំនោះ ត្រូវបានកូនចៅបញ្ជូនចូលមន្ទីរពេទ្យ កាល់ម៉ែត សង្គ្រោះបន្ទាន់ ខណៈដែលលោកកើតជំងឺរលាកសួត និងស្វិតខួរក្បាលធ្វើទុក្ខខ្លាំង។
វ័យជរា រួមទាំងជំងឺរ៉ាំរ៉ៃរួមរិតអស់ជាច្រើនឆ្នាំបានធ្វើឲ្យអ្នកចម្រៀងអាយ៉ៃល្បីឈ្មោះលោកតាផ្លុង មឿក ដេកដួលសម្រាន្តនៅនឹងកន្ទេល។ កាលពីល្ងាចថ្ងៃទី០៣ ខែតុលា ដោយសារជំងឺធ្វើទុក្ខខ្លាំង ក្រុមគ្រួសារបានបញ្ជូលលោកតាទៅសង្គ្រោះបន្ទាន់ផងដែរ។
កូនស្រីលោកតា ផ្លុង មឿក បានប្រាប់ ថាដំបូងគឺគាត់មានអាការៈគ្រុនក្តៅពីរថ្ងៃមិនធូរស្រាល អ្នកស្រីក៏បានយកគាត់មកគ្លីនិកមួយនៅច្បារអំពៅ ហើយពេទ្យថតឃើញគាត់មានជំងឺរលាកសួត និងស្វិតខួរក្បាល ដោសារអាការៈគាត់ធ្ងន់ គេក៏បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីចូលសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង ហើយពេទ្យគេប្រាប់ថា គាត់ពិតជាមានជំងឺទាំងពីរមុខនេះពិតមែន។ អ្នកស្រីថា ដល់ ពេទ្យគេបានដាក់អុកស៊ីហ្សែន ភ្លាមៗផងដែរ ព្រោះដង្ហើមគាត់ដំណើរការខុសប្រក្រតី។ តែនៅព្រឹកថ្ងៃទី០៤ តុលានេះ គាត់បានបញ្ជូនចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ គឺអាការៈគាត់អាចបើកភ្នែកបានហើយ តែអ្វីដែលគ្រួសារខ្ញុំកំពុងតែជួបបញ្ហាធំ គឺថវិកាតែម្តង ព្រោះគ្រួសារខ្ញុំមិនមានធន់ធានទេ ម្យ៉ាងទៀតពីរខែមុននេះម្តាយទើបតែស្លាប់ ស្រាប់តែប៉ា គាត់ឈឺថែមទៀត ។
កូនស្រីរបស់គាត់ ក៏បានបញ្ជាក់ទៀតថា តាមការពិតគ្រាន់តែបានដំណឹងថាលោកតាផ្លុង មឿក ធ្លាក់ខ្លួនឈឺកន្លងមកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌឹត បានចាត់តំណាងឲ្យមកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំងឺជាក់ស្តែងហើយសម្តេចទាំងពីរក៏ធ្លាប់បានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួនមួយម៉ឺនដុល្លារដែលបានផ្តល់ជូនកាលពីខែមេសាឆ្នាំ២០១៣រួម និងប្រាក់ឧបត្ថម្ភជាប្រចាំខែចំនួន៥០ម៉ឺនរៀលក្នុងមួយខែដែលចាប់បើកតាំងពីខែឧសភា ឆ្នាំ២០១៣ មកហើយប្រាក់ឧបត្ថម្ភនេះកូនរបស់គាត់ ក៏បានទៅបើកជាប្រចាំដែលសរុបមកដល់ពេលនេះគឺមានចំនួនជាង៥០ខែរួចមកហើយ។ លោកតាផ្លុង មឿកក៏នៅទទួលបានប្រាក់ចូលនិវត្តន៍ចំនួន៣៦ម៉ឺនរៀល ពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ផងដែរ។
គួររំលឹកថាលោកតាផ្លុង មឿកមានវ័យ៨៣ឆ្នាំរូបនេះ ជាអ្នកអាយ៉ៃជើងចាស់ ក្នុងទសវត្សរ៍៧០-៨០ហើយអ្វីដែលលោកតាសម្តែងល្បីជាងគេជាមួយលោកតាសាឡាត់អ្នកចម្រៀងអាយ៉ៃជើងចាស់ដូចគ្នាដែរនោះគឺរឿងកំប្លែងរឿង«តាភោគ»ធ្វើឲ្យអ្នកទស្សនាសើចសប្បាយស្ទើរចុកពោះ។ លោកតាក៏ជាអតីតអ្នកបង្ហាត់បង្រៀនសិល្បៈអាយ៉ៃនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ផងដែរ៕ វឌ្ឍនា