ខេត្តកណ្ដាលៈ បុរសវ័យចំណាស់អាយុ៥៧ឆ្នាំម្នាក់ទាញកាំភ្លើងAK ៤៧ មកគំរាមកូនប្រសាររបស់ខ្លួនកុំឲ្យមើលងាយ ត្រូវបាននគរបាលចាប់ខ្លួនកាលពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលដកកាំភ្លើងគំរាមឈ្មោះ វង់ ថៃ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមានកាំភ្លើងចំនួន១ដើម ម៉ាក់ AK ៤៧ ( ស្វាយ បត់) លេខ៥៦-១-១៩០៦៩៦-១៦ បង់ចំនួន១ មានគ្រាប់ចំនួន៣០គ្រាប់ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ឈ្មោះ វង់ ថៃ (ជនសង្ស័យ)បានមានទំនាស់ពាក្យសម្តីជាមួយកូនប្រសារ ឈ្មោះ ឈីវ ឈាន ដោយទ្រាំពុំបានជនសង្ស័យក៏ទៅយកកាំភ្លើងដែលលាក់ទុកក្នុងផ្ទះ យកគំរាមកូនប្រសាររបស់ខ្លួនឈ្មោះ ឈីវ ឈាន ដើម្បីកុំអោយមើលងាយទៅលើរូបគាត់ទៀត ភ្លាមនោះក៏ធ្វើឲ្យកូនប្រសារមានការភ័យខ្លាច បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ដើម្បីជួយអន្តរាគមន៍ ។ ក្រោយពីទទួលបានពាក្យបណ្ដឹង កំលាំងនគរបាលប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វង់ថៃ រួមទាំងវត្ថុតាងបញ្ជូនមកអធិការស្រុកស្អាងដើម្បីអនុវត្តនិតិវិធី ៕ស្អាងជ័យ