កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថាកម្រិត វាយស្ទាក់របស់មីស៊ីលអាមេរិកទៅលើ មីសុីលឆ្លងទ្វីប ទទួលបានជោគជ័យដល់ទៅ៩៧ភាគរយ។ ការប្រកាសរបស់លោក ត្រាំ កើតឡើង ក្នុងពេលដែលអាមេរិក និងកូរ៉េខាងជើងកំពុងប្រឈមមុខតានតឹងដាក់គ្នាដែលអាចផ្ទុះសង្គ្រាមគ្រប់ពេលវេលា។
ក្រុមអ្នកឯកទេសវិភាគពីយុទ្ធសាស្ត្រយោធាបានលើកឡើងថា ការប្រកាសរបស់លោក ត្រាំ ក្នុងគោលដៅគំរាមឌឺដងដាក់កូរ៉េខាងជើងថា មីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង មិនអាចបាញ់ទម្លុះជញ្ជាំង ការពារចូលទឹកដីអាមេរិកបានឡើយ។ កូរ៉េខាងជើងគួរតែបោះបង់ការប៉ុនប៉ងវាយប្រហារដោយមីស៊ីលទៅលើអាមេរិក។
សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានផ្សាយថា ប្រធានាធិបតី ត្រាំ បានលើកឡើងពីកម្រិតមីសុីលវាយស្ទាក់ដោយជោគជ័យរបស់អាមេរិកបានរហូតដល់៩៧ភាគរយ។ ការលើកឡើងខាងលើ ធ្វើឡើង នៅក្នុងបទសម្ភាសន៍ស្តីអំពីអាវុធបរមាណូរបស់កូរ៉េខាងជើង។
លោក ត្រាំ បានបញ្ជាក់ថា «យើងមានកាំជ្រួចមីស៊ីលវាយស្ទាក់យ៉ាងល្អបំផុត ដោយមានកម្រិតជោគជ័យដល់ទៅ៩៧ភាគរយ។ ប្រសិនបើវាយស្ទាក់ដោយមីស៊ីល២គ្រាប់ នោះ មីស៊ីលឆ្លងទ្វីបរបស់សត្រូវមិនអាចរួចផុតពីការបំផ្លាញនោះឡើយ»។ នៅពេលនេះអាមេរិកបានដាក់ពង្រាយប្រព័ន្ធមីស៊ីលវាយស្ទាក់នៅគ្រប់ទីកន្លែង។ នៅពេលនេះប្រព័ន្ធមីស៊ីលការពារទំនើបបំផុត GMD ក៏ត្រូវបានដាក់ពង្រាយនៅអាឡាស្កា និងកាលលីហ្វ័រនីញ៉ាដែរ។
GMD គឺជាប្រព័ន្ធការពារមីស៊ីលដែលមានតម្លៃដល់ទៅ៤០ពាន់លានដុល្លារ ត្រូវបានអាមេរិកប្រើប្រាស់ធ្វើជារនាំងការពារទឹកដីអាមេរិក ទប់ស្កាត់ការវាយប្រហារដោយមីស៊ីលឆ្លងទ្វីបរបស់សត្រូវ។ មីស៊ីលរបស់អាមេរិកអាចកម្ទេច មីស៊ីលសត្រូវពេលហោះនៅលើអាកាសក្នុងកម្ពស់ខ្ពស់។
ចំណែកមន្ត្រីគ្រប់គ្រងប្រព័ន្ធមីស៊ីលការពារអាមេរិក ក៏បានលើកឡើងថា ពិតដូចអ្វីដែលលោក ត្រាំ បានលើកឡើងមែន គឺមីស៊ីលការពាររបស់អាមេរិក អាចការពារបានរហូតដល់៩៧ភាគរយ។
ក្រៅពីនេះ អាមេរិកនៅមានប្រព័ន្ធមីស៊ីលការពារ THAAD ដែលជាប្រព័ន្ធការពារដ៏ទំនើបបំផុត ត្រូវបានដាក់ពង្រាយនៅជុំវិញពិភពលោក ក្នុងនោះមាននៅកូរ៉េខាងត្បូងដើម្បីទប់ស្កាត់ការវាយប្រហារពីកូរ៉េខាងជើង៕ ម៉ែវ សាធី