ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តពោធិ៍សាត់ម៉ៅ ធនិន សម្ពោធអគារសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកភ្នំក្រវាញក្រោមគម្រោងមូលនិធិអង្គការហត្ថាកសិករ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អគារមន្ទីរពេទ្យថ្មីមួយខ្នង ក្រោមគម្រោងឧបត្ថម្ភពីអង្គការហត្ថាកសិករ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ស្ថិតនៅមន្ទីរពេទ្យបង្អែកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ។

ពិធីសម្ពោធអគារសម្រាកព្យាបាលក្រោមគម្រោងមូលនិធិនៃអង្គការហត្ថាកសិករនេះដែរ មានការចូលរួមពីសំណាក់មន្ត្រីរដ្ឋបាលខេត្ត មន្ត្រីផ្នែកពាក់ព័ន្ធផ្សេងៗ និងជាពិសេស មានវត្តមានលោកឧកញ៉ាហួត អៀងតុងអគ្គនាយក ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថហត្ថាកសិករ លីមីតធីតជាច្រើនរូបផងដែរ។

ផ្អែកលើបាឋកថារបស់លោកខូយ ឌីប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ឲ្យដឹងថា អគារមន្ទីរពេទ្យថ្មីនេះ ជាអគារមួយជាន់ផ្ទាល់ដី មានបន្ទប់សម្រាកព្យាបាលចំនួន៥ និងបន្ទប់ទឹកចំនួន៣ បានសាងសង់ប្រកបដោយគុណភាពស្តង់ដាបច្ចេកទេស ក្នុងវិមាត្រទំហំ៧ម៉ែត្រគុណនឹង២៥ម៉ែត្រ។

លោកបន្តថា សំណង់អគារនេះបញ្ចប់ការសាងសង់ក្នុងរយៈពេល៥ខែ ចំណាយថវិកាអស់ប្រមាណ៥ម៉ឺនដុល្លារ ហើយចំណាយការសាងសង់ទាំងស្រុង ត្រូវបានឧបត្ថម្ភគម្រោងមូលនិធិនៃអង្គការហត្ថាកសិករតាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត។ ជាមួយអគារជំនួយថ្មីនេះ លោកមានជំនឿចិត្តយ៉ាងមុតមាំថា មន្ទីរពេទ្យបង្អែកភ្នំក្រវាញ នឹងមានលទ្ធភាពកាន់តែសកម្មក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាជនក្នុងស្រុកក្រវាញទាំងមូល ។

ជាមួយភាពអំណររីករាយក្រៃលែងលើសកម្មភាពសង្គមដ៏ថ្លៃថ្លានេះ លោកក៏ដូចជាបុគ្គលិកសុខាភិបាលទាំងអស់នៃខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណចំពោះហត្ថាកសិករ និងជាពិសេស លោកឧកញ៉ាហួត អៀងតុង អគ្គនាយក ព្រមទាំងសមាជិក សមាជិកាទាំងអស់ ដែលតែងតែដឹកនាំជ្រោមជ្រែងការអភិវឌ្ឍសហគមន៍តាមសកម្មភាពសង្គមផ្សេងៗ។ លោកខូយ ឌីបានចាប់អារម្មណ៍ឃើញថា ហត្ថាកសិករ មិនត្រឹមតែជាស្ថាប័ននាំមុខលើសកម្មភាពអាជីវកម្មហិរញ្ញវត្ថុនោះទេ ហត្ថាកសិករក៏បានបង្ហាញវត្តមានជាវិស័យឯកជនដ៏សកម្មមួយលើការចូលរួមជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍផងដែរ។

លោកម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងបុគ្គលិកហត្ថាកសិករទាំងអស់ ដែលជានិច្ចកាលចូលរួមក្នុងសកម្មភាពសង្គម ពិសេសចូលរួមទ្រទ្រង់លើគ្រប់វិស័យ នៅខេត្តពោធិ៍សាត់ ក៏ដូចបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។

លោកម៉ៅ ធនិន បានសរសើរស្មារតីចូលរួមសកម្មភាពសង្គម និងមនុស្សធម៌របស់ហត្ថាកសិករ ដែលស្តែងចេញពីសន្តានចិត្ត និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់វិស័យឯកជនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលមានតម្រូវការជាចាំបាច់។

លោកបានឲ្យដឹងថា ក្រៅពីវិស័យសុខាភិបាលដែលជាអាទិភាព ហត្ថាកសិករក៏បានចូលរួមយ៉ាងសកម្មលើការកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតជាឱកាសការងារ ការចែករំលែកចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាពិសេសការដោះស្រាយ និងនីតិវិធីចាកចេញពីបំណុលវ័ណ្ឌក។

លោកបន្តថា កាលពីឆ្នាំកន្លងៗទៅ យើងក៏សង្កេតឃើញសមិទ្ធផលនានាជាច្រើនដែលហត្ថាកសិករបានប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ដើម្បីអភិវឌ្ឍន៍សហគមន៍មានដូចជាការសាងសង់សាលារៀន ការផ្តល់ជាសម្ភារសិក្សាជូនសិស្សានុសិស្ស ការផ្តល់បរិក្ខារសម្រាប់សួនច្បារសាធារណៈ និងការចូលរួមថែរក្សាបរិស្ថានជាដើម។

លោកម៉ៅ ធនិនបានសង្កត់ធ្ងន់ថា ចំពោះការងារមនុស្សធម៌ដែលមិនអាចកាត់ថ្លៃបាននេះ លោកសូមជូនពរឲ្យហត្ថាកសិករកាន់តែមានការគាំទ្រពីអតិថិជនបន្ថែមទៀត៕ ប៉ឹម ពិន


ចែករំលែក៖