ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែ វិច្ឆិកាឆ្នាំ២០១៧ ការដ្ឋានស្ពានអាកាសស្តុបផ្សារដីហុយសម្រេចបានលទ្ឋផល៧០ ភាគរយ។
រដ្ឋបាលសាលារាជធានីភ្នំពេញបញ្ជាក់ទៀតថា ខណៈនេះការដ្ឋានចាប់ផ្តើមដំណើរការភ្ជាប់តួស្ពានកណ្តាលនៅចំណុចទីតាំងភ្លើងស្តុប ដោយបាននិងកំពុងដំឡើង ពុម្ពសរសរទម្រ និងពុម្ពកម្រាលស្ពានកម្ពស់៥ម៉ែត្រ ហើយដោយសារស្ថានភាពទីតាំងបត់តូចចង្អៀត និង ចៀសវាងបង្ការផលប៉ះពាល់ដល់ពុម្ពសសរទម្រនោះ គឺការធ្វើចរាចររថយន្តធុនធំនិងរថយន្តវែងគ្រប់ប្រភេទ មិនអនុញ្ញាតឲ្យបត់ឆ្វេងទាំង៤ទិសជាដាច់ខាត។
សូមជម្រាបថា ស្ពានអាកាសស្តុបផ្សារដីហុយគឺជាស្ពានអាកាសទី៥ ក្នុងរាជធានី ភ្នំពេញ ស្ថិតនៅចំណុចប្រសព្វរវាងមហា វិថីសហព័ន្ឋរុស្ស៊ី នឹងផ្លូវហាណូយ ឬផ្លូវលេខ ១០១៩ គម្រោងសាងសង់ ស្ពានអាកាស ស្តុបផ្សារដីហុយនេះ មានប្រវែង៩០៥ ម៉ែត្រ ទទឹង ៦.៥ម៉ែត្រ ដែលបានបើកការ ដ្ឋានសាងសង់កាលពីខែសីហាឆ្នាំ២០១៦ ហើយគ្រោងនឹងបព្ចាប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០១៧ ។
គម្រោងស្ពានអាកាសស្តុបផ្សារដីហុយ និងផ្លូវក្រវាត់ក្រុងទី ២ គឺជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងទទួលបានសិទ្ធិសាងសង់ដោយក្រុមហ៊ុនសៀងហៃ ហើយត្រួតពិនិត្យបច្ចេក ទេសដោយក្រសួងសាធារណការ និងដឹក ជញ្ជូន ហើយស្ពាននេះនឹងជួយសម្រួល ដល់បញ្ហាកកស្ទះចរាចរណ៍នៅតំបន់ជុំវិញទីនេះបានយ៉ាងច្រើន ហើយនឹងធ្វើឲ្យការ ធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលជាងមុន៕ ហេង នរិន្ទ្រ