ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលា ស្តីពីការពិនិត្យស្ថានភាព មេរោគអេដស៍/ជំងឺអេដស៍  និងការឆ្លើយតបឆ្នាំ ២០១៧ របស់​គណៈកម្មាធិការប្រយុទ្ធនឹងជំងឺ​អេដស៍​ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្ទីរសុខាភិបាល​ខេត្តស្វាយរៀង បានរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យស្ថានភាព មេរោគអេដស៍/ជំងឺអេដស៍  និងការឆ្លើយតបឆ្នាំ ២០១៧ របស់​គណៈកម្មាធិការប្រយុទ្ធនឹងជំងឺ​អេដស៍​ខេត្តស្វាយរៀង ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត កែរ  រដ្ឋា ប្រធានមន្ទីរសុខាភិបាល​ខេត្តស្វាយរៀង តំណាងលោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាល​ខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី ២៤ ខែ វិចិ្ឆកា ឆ្នាំ ២០១៧។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកស្នងការរងមេបញ្ជាការសឹករងលោកអភិបាលរងក្រុងស្រុក និងមន្ទីដែលពាក់ពន្ធ័​សមាជិក​របស់គណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍ យ៉ាងច្រើនកុះករផងដែរ។
លោកវេជ្ជបណ្ឌិត កែរ  រដ្ឋា ប្រធានមន្ទីរសុខាភិបាល​ខេត្តស្វាយរៀង តំណាងលោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាល​ខេត្តស្វាយរៀងបានបើកសិក្ខាសាលា ស្តីពីការពិនិត្យស្ថានភាព មេរោគអេដស៍/ជំងឺអេដស៍  និងការឆ្លើយតបឆ្នាំ ២០១៧ របស់​គណៈកម្មាធិការប្រយុទ្ធនឹងជំងឺ​អេដស៍​ខេត្តស្វាយរៀងថាក្នុងរយះពេល៩ខែឆ្នាំ២០១៧នេះ មានសេវាធ្វើតេស្តឈាមរកមេរោគអេសដ៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ចំនួន២កន្លែងនៅមន្ទីរពេទ្យខេត្ត១កន្លែង និងនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក និងមានសេវាធ្វើតេស្តឈាមដោយជោះចុងម្រាមដៃតាមមណ្ឌលសុខភាពមានចំនួន៤៣មណ្ឌលសុខភាពព្រមទាំងការធ្វើតេស្តឈាមរកមេរោគអេសដ៍ចល័តចំពោះក្រុមប្រឈមមុខខ្ពស់ដែលសហការអនុវត្តដោយអង្គរការAHF។
លោកបន្តថាជាលទ្ធផល៩ខែនេះចំនួនអតិថិជនមកធ្វើតេស្តឈាមរកមេរោគអេសដ៍មានចំនួន២០៤៤៦នាក់វិជ្ជមានមានចំនួន៦៣ករណីត្រូវជា០.3ភាគរយផងដែរ។
លទ្ធផលល្អដែលយើងទទួលបានពេលនេះដោយសាមានការគាំទ្រពីថ្នាក់ជាតិ និងក្រោមជាតិព្រមទាំងអង្គការដៃគូរួមមានអង្គការAHF អង្គការCHCបណ្ដាញអ្នកផ្ទុកអេសដ៍ប្រចាំខេត្ត។
ទន្ទឹម និងនោះដែរ យើងក៏មានបញ្ហាប្រឈមមួយចំនួនដូចជាអ្នកផ្ទុកមេរោគអេសដ៍ និងអ្នកជំងឺអេសដ៍នៅមានជិវភាពក្រីក្រពុំមានលទ្ធភាពមកទទួលសេវាតាមការកំណត់របស់គ្រូពេទ្យពុំមានពេលវេលាគ្រប់គ្រាន់មកពិនិត្យដោយសារចំណាកស្រុករកការងារ និងពិបាកសុំច្បាប់ការងារតាមវិស័យឯកជនហើយអង្គការដៃគូមួយចំនួនមានការកាត់បន្ថយថវិកាពីមួយឆ្នាំទៅមួយឆ្នាំដែលពុំមានថវិកាគ្រប់គ្រាន់ក្នុងការឆ្លើយតប និងតម្រូវការរបស់អ្នកជំងឺផងដែរ។
បន្ទាប់មកលោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាល​ខេត្តស្វាយរៀងបានថ្លែងថាក្នុងនាមគណៈកម្មាធិការប្រយទ្ធនឹងជំងឺអេសដ៍ខេត្តសូមពាំនាំនូវអនុសាសន៏របស់លោកប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ក្នុងឪកាសអបអរសាទរទិវាពិភពលោកប្រយុទ្ធ និងជំងឺអេសដ៍១ធ្នូឆ្នាំ២០១៧ដែលមានដូចខាងក្រោម
សកម្មជនប្រយុទ្ធនឹងជំងឺអេសដ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ត្រូវយកឪកាសដ៏មានតំលៃដោយប្រើប្រាស់គ្រប់រូបភាពធ្វើការផ្សព្វផ្សាយនូវព័ត៌មានថ្មីៗស្ដីពីការរាលដាលនៃមេរោគអេសដ៍ និងជំងឺអេសដ៍ស្ដីពីការទប់ស្កាត់ការរាលដាល និងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យមានការចូលរួមកាន់តែខ្លាំងក្លាថែមទៀតក្នុងការបង្ការថែទាំព្យាបាល និងគាំទ្រដល់អ្នកផ្ទុកមេរោគជាបន្តទៀត។
ត្រូវផ្ដោតការយកចិត្តទុកដាក់ជាពិសេសចំពោះការកាត់បន្ថយការចម្លងមេរោគអេសដ៍ក្នុងចំណោមក្រុមប្រឈមមុខខ្ពស់នឹងការចម្លងមេរោគអេសដ៍ជាពិសេសក្រុមបុគ្គលិកក្នុងគ្រឹះស្ថានកំសាន្តសប្បាយក្រុមបុរសស្រឡាញ់បុរសក្រុមអ្នកប្រើប្រាស់គ្រឿងញៀនក្រុមយុវវ័យ និងក្រុមចំណាកស្រុកផងដែរ។
លោកបន្តទៀតថាតាមរយះវិធានការណ៏អបរំបង្ការការលើកកំពស់ការប្រើប្រាស់ស្រោមអនាម័យមួយរយភាគរយការគ្រប់គ្រងជំងឺកាមរោគការផ្ដល់ប្រឹក្សា និងការធ្វើតេស្តឈាមរកមេរោគអេសដ៍ឲ្យបានជាប្រចាំ និងការប្រើប្រាស់ម្ជុលស៊ីរាំងស្អាតគ្មានមេរោគជាដើម និងឲ្យបានខ្ចាប់ខ្ជួន។
មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំគ្រប់ស្ថាប័នគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវយកបញ្ហាអេសដ៍ជាអទិភាពក្នុងការបញ្ជៀប និងបញ្ចូលទៅគ្រប់សេវានៅក្នុងស្ថាប័ន និងសហគមន៏របស់ខ្លួនដើម្បីធានាថាមន្ត្រីបុគ្គលិកប្រជាជនរបស់ខ្លួនមានចំណេះដឹងត្រឹមត្រូវ និងមានមធ្យោបាយគ្រប់គ្រាន់ក្នុងការបង្ការខ្លួនពីការចម្លងមេរោគអេសដ៍ផងដែរ៕ យឹម សុថាន

ចែករំលែក៖