ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់ នៅរោងចក្រតំបន់អូរឌឹម

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការនី ចំនួន១៥,៧៤២នាក់ មកពីរោងចក្រនានានៅតំបន់អូរឌឹម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញមកជួបជុំជាមួយបងប្អូន កូនក្មួយកម្មករកម្មការនីក្នុងការចុះជួបសំណេះសំណាលប្រចាំសប្តាហ៍ដើម្បីស្វែងយល់ពីសុខទុក្ខផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនរបស់កម្មករ និងជំរុញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំថៅកែរោងចក្រអនុញ្ញាតិអោយកម្មករកម្មការនីទាំងអស់ទទួលបានការឈប់សំរាកមួយថ្ងៃដោយមិនមានការកាត់ប្រាក់ខែក្រោយពីចប់កម្មវិធីសំណេះ សំណាលនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រា និងកូនក្មួយកម្មករកម្មការនី ទាំងអស់ដែលបានគោរពស្រលាញ់សម្តេច។ ការគោរពស្រឡាញ់នេះ គឺបានលើកទឹកចិត្តសម្តេចក្នុងការបន្តចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនកូនក្មួយនៅទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងម៊ឺងម៉ាត់ថាសង្គ្រាមមិនអាចកើតមានឡើងដរាបណា មានវត្តមាន សម្តេច ដឹកនាំប្រទេស។ សម្តេចតេជោ ប្តេជ្ញាការពារ និងថែរក្សាសន្តិភាពជូន ប្រជាពលរដ្ឋ និងប្រទេសជាតិអោយខានតែបាន។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់ល័ក្ខខ័ណ្ឌការងារល្អ និងប្រាក់ចំណូលល្អ:

ទី១)ត្រូវរួមគ្នាថែរក្សាសន្តិភាពស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបាន ល្អ។

ទី២)រួមគ្នារក្សាការងារនិងបង្កើតការងារថ្មីៗច្រើនថែមទៀតដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។

ទី៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំកើន ទាំងប្រាក់បៀវត្សន៍អប្បរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ក្នុង១គីឡូវ៉ាត់ម៉ោង(សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹកគឺថ្លៃតែ ៧០០៛ ប៉ុណ្ណោះក្នុងមួយម៉ែត្រគូប ។ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ(២០១៨)ដើម្បីជួយកម្មករយើងអោយមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមក្នុងការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង។

ទី៤)ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។ ពេលនោះបងប្អូនអាច នៅសល់ប្រាក់ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃតាមរយៈមូលនិធិសមធម៌។សម្តេចតេជោ បានណែនាំអោយម្ចាស់ក្រុមហ៊ុនរោងចក្ររៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្រ របស់ខ្លួនដើម្បីជួយដល់កម្មករ។គ្រប់ស្ត្រីកម្មករិនីមានផ្ទៃពោះទាំងអស់ត្រូវបានអនុញ្ញាតិអោយចេញមុនម៉ោង១៥នាទីចំពោះបណ្តារោងចក្រណាអនុញ្ញាតិអោយកម្មករចេញមុនម៉ោងលើលពីការកំណត់រឹតតែប្រសើរហើយសម្តេចតេជោនឹងបំពាក់មេដៃជូន។ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ)។នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជូនដំណឹងដល់បងប្អូនកម្មការនីអំពីអត្ថប្រយោជន៍មួយទៀតដែលនឹងទទួលបានពីបេឡាសង្គមគឺ:-ចំពោះស្រ្តីសម្រាលកូនទោះក្នុងប្រព័ន្ធឬក្រៅប្រព័ន្ឋដែលសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ថវិកានេះនឹងផ្តល់ជូនដោយបេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលដែលនឹងត្រៀមថវិកាប្រមាណជាង១០លានដុល្លារក្នុង១ឆ្នាំៗ(ទោះបីកូននោះកើតរស់ឬស្លាប់គឺនៅទទួលបានថវិកាគាំពារដូចគ្នា)។កម្មករកម្មការនីទូទាំងប្រទេស នឹងទទួល បានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា២០១៩)។ចំពោះកីឡាករកីឡាការិនីទាំងអស់ក៏ទទួលបានការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃផងដែរសម្រាប់រយៈពេល២ឆ្នាំហើយទទួលបានបានពិនិត្យថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ចំពោះកីឡាការនីដែលសម្រាលកូនក៏ទទួលបានអត្ថប្រយោជន៍ដូចកម្មការិនីផងដែរ ចាប់ពីខែមករា ឆ្នាំ ២០១៨ នេះទៅ ។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍(ប្រាក់រឺត្រែត)ដែលនឹងទទួលបានចំនួន៨០%នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពេលនៅធ្វើការចុងក្រោយ។ ចំពោះស្រ្តីជាមន្រ្តីរាជការស៊ីវិល នគរបាល កងទ័ព គឺចាប់ពីខែ មករា ឆ្នាំ ២០១៨ នេះទៅ បើសម្រាលបានកូន ១ ត្រូវទទួលបាន ៨០០,០០០៛ បើបានកូនភ្លោះ២គឺទទួលបាន ១,៦០០,០០០៛ បើបានកូនភ្លោះ៣ គឺទទួលបាន ២,៤០០,០០០៛។ចំពោះគ្រូបង្រៀន និងគ្រូពេទ្យជាស្រ្តី ក៏ទទួលបានប្រាក់ឧបត្ថម្ភ ដូចខាងលើនេះផងដែរ។

ទី៥)រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារចំពោះកម្មករកម្មការិនីដែលកំពុងធ្វើការនៅក្រៅប្រទេសដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារល្អៗដែលមានប្រាក់ខែល្អសមរម្យដល់កម្មករព្រមទាំងជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានាដែលពាក់ព័ន្ធនឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។ទន្ទឹមនឹងនេះដែររាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេសផ្សេងៗដូចជាកូរ៉េខាងត្បូងម៉ាឡេស៊ី និងប្រទេសថៃដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារ និងប្រាក់ខែល្អៗសម្រាប់បងប្អូនកូនក្មួយកម្មករខ្មែរ ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ដែលបានចូលរួមក្នុងពិធីជួបជុំថ្ងៃនេះ។សម្តេចតេជោ បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងបានឧបត្ថម្ភថវិកាដល់កម្មការនីមានផ្ទៃពោះចំនួន ៣០៨ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie, FREE ឱបនិង, FREE ថើប ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករកម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖