សារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦បានផ្សាយថា ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានបដិសេធចំពោះការយល់ឃើញថា រដ្ឋាភិបាលរបស់លោកស្រីឆ្លើយតបយឺតយ៉ាវចំពោះការបំផ្លិចបំផ្លាញបង្កឡើងដោយគ្រោះរញ្ជួយដីភ្លោះ ដែលបានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់។
ក្នុងសន្និសីទសារព័ត៌មានលើកដំបូង ចាប់តាំងពីឡើងកាន់អំណាចកាលពីខែមករា ក្រោយពេលប្រធានាធិបតី លោក Nicolas Maduro ត្រូវបានអាមេរិកចាប់ខ្លួន លោកស្រី Rodriguez បាននិយាយដូច្នេះថា «វាគឺជាសោកនាដកម្មធម្មជាតិមួយមានទំហំយ៉ាងធំសម្បើម ដែលយើងមិនធ្លាប់ស្រមៃគិតនោះឡើយ ទោះបីជាយើងបានដឹងថា បាតុភូតរញ្ជួយដីអាចកើតមាននៅក្នុងប្រទេសយើងក៏ដោយ។ ពួកយើងមិនបាននៅរង់ចាំ១ថ្ងៃ ២ថ្ងៃ ឬ៣ថ្ងៃនោះទេ។ យើងបានធ្វើសកម្មភាពភ្លាមៗ»។
លោកស្រី Rodriguez បាននិយាយថា រដ្ឋាភិបាលលោកស្រី បានចេញក្រឹត្យបន្ទាន់មួយ ដើម្បីដំណើរការនីតិវិធីឆ្លើយតបគ្រោះអាសន្ននិងការពារជនស៉ីវិល ក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីមានគ្រោះរញ្ជួយដី ដែលបានវាយប្រហារកាលពីថ្ងៃពុធសប្តាហ៍មុន ជាមួយកម្រិត៧,២រ៉ិចទ័រ និង៧,៥រ៉ិចទ័រ។
លោកស្រី ថែមទាំងបានអះអាងថា ស្ទើរតែទាំងអស់នៃក្រុមមន្រ្តីប្រចាំតំបន់នៅរដ្ឋ La Guairá ដែលជាតំបន់រងគ្រោះធ្ងន់ជាងគេ គឺបានបាត់បង់ជីវិតក្នុងអគារដែលបានបាក់ស្រុតដោយសាររញ្ជួយដី។ បើតាមលោកស្រី Rodriguez តួលេខចុងក្រោយបង្អស់នៃមនុស្សដែលបានស្លាប់ គឺបន្តកើនដល់២៥៩៥នាក់ ហើយលោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលនៅតែមិនទាន់បញ្ចប់កិច្ចប្រឹងប្រែងស្វែងរកនិងជួយសង្រ្គោះឡើយ។
លោកស្រី Rodriguez មិនបានប្រាប់លម្អិតអំពីតួលេខអ្នកដែលនៅបន្តបាត់ខ្លួនទេ។ ទោះជាបែបនេះក្តី បើតាមបញ្ជីអនឡាញមួយដែលមានលក្ខណៈមិនផ្លូវការ ប៉ុន្តែត្រូវបានប្រើប្រាស់ទូលំទូលាយ គឺចំនួនមនុស្សបាត់ខ្លួន បានថយមកនៅខ្ទង់៣៨៥០០នាក់ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ក្រោយឡើងដល់ជិត៦០០០០នាក់ អំឡុងពេលប៉ុន្មានថ្ងៃដំបូង ក្រោយគ្រោះរញ្ជួយដី៕

ដោយ៖ ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច