ភ្នំពេញ ៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់សាធារណជន ពាណិជ្ជករ នាំចូល អាជីវករលក់ដុំ លក់រាយ សូមមេត្តាជ្រាបថា ក្រុមហ៊ុន GROUPE LACTALiS បានប្រកាសព័ត៌មានជាថ្មី ទៀតស្តីពី «ការប្រមូលត្រឡប់មកវិញទាំងអស់ នូវផលិតផលម្សៅទឹកដោះគោ សំរាប់ទារក និងកុមារតូចៗ និងផលិតផល ចិញ្ចឹមទារក និងកុមារដែលផលិតនៅរោងចក្រ Craon» ដែលទឹកដោះគោទាំងនេះមានផ្ទុកជាតិបាត់តេរី នាំឲ្យប៉ះពាល់ដល់សុខភាពទារក និងកុមារតូចៗយ៉ាងខ្លាំងនៅពេលបានបរិភោគ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានបន្តទៀតថា ក្រុមហ៊ុនបាន និងកំពុងបន្តការប្រមូលត្រឡប់មកវិញនូវ ផលិតផលដែលមានបញ្ហាពីទីផ្សារប្រទេសបារាំង និងបណ្តាប្រទេសនានាដែលក្រុមហ៊ុន បានចែកចាយ។ ការចម្លងបាក់តេរី Salmonella Agona មានចំពោះតែលើផលិតផលដែលមានអត្តសញ្ញាណ មានដូចជា ៖ ក្រុមផលិតផល ( Groupe )ឈ្មោះផលិតផល (Norm Commercial) លេខឡូតិ៍ (Lot Four) កាលបរិច្ឆេទជាអប្បបរិមា ចំពោះផលិតផល (Date of Minimum Shelf life: DLC) ដែលស្ថិតក្នុងបញ្ជីនៃលិខិតប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ដូចមានជូនភ្ជាប់មកជាមួយប៉ុណ្ណោះ។
វត្តមានបាក់តេរី Salmonella ក្នុងផលិតផលខាងលើនឹងបង្កគ្រោះថ្នាក់ដល់សុខភាពទារក និងកុមារតូចៗ ដោយបង្កឲ្យមានជម្ងឺប្រព័ន្ធរំលាយអាហារ គ្រុនពោះវៀន។ ល។
ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានកាំកុងត្រូល បាននឹងកំពុងចាត់វិធានការរួមមាន៖
ទី១៖ រាំងខ្ទប់មិនឲ្យនាំចូលផលិតផលដូចបានអធិប្បាយខាងលើ
ទី២៖ ផ្តល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល ដល់អាជីវករលក់ដុំ និងរាយក្នុងករណីមាននំាចូល និងមានចរាចរលើទីផ្សារ
ទី៣៖ ត្រួតពិនិត្យនៅតាមទីផ្សារធំ-តូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធីប្រសិនបើ មានការដាក់តាំងលក់។
ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែល អាចប៉ះពាល់ដល់សុខភាពជាយថាហេតុ អគ្គនាយកដ្ឋានកាំកុងត្រូលសូម អំពាវនាវដល់សាធារណជន សូមកុំទិញផលិតផលដែលមានអត្តសញ្ញាណ ដូចបានជំរាបជូនខាងលើ និងសូមជួយសហការផ្តល់ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ។
លេខទូរស័ព្ទទំនាក់ទំនង៖
-ទូរស័ព្ទខ្សែទី១៖ ០១២ ២៧៨ ៧៨៩
-ទូរស័ព្ទខ្សែទី២៖ ០៩២ ៩៩៩ ៨៦៧
-ទូរស័ព្ទខ្សែទី៣៖ ០១២ ៩៨៥ ៥៧៧
អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមថ្លែងអំណរគុណ និងសង្ឃឹមចំពោះការយកចិត្តទុកដាក់ របស់សាធារណជន ពាណិជ្ជករ អាជីវករទាំងអស់លើកិច្ចសហការ ការពារសុខមាលភាពទារក និងកុមារតូចៗឲ្យបាន ល្អប្រសើរ៕ ស តារា