ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េទាំងពីរមានទំនាក់ទំនងល្អប្រសើរ ក្រោយប្រឈមមុខតានតឹង

ចែករំលែក៖

ក្រោយការប្រឈមមុខតានតឹងដាក់គ្នា យ៉ាងយូរនាពេលកន្លងមកស្ទើរតែផ្ទុះសង្គ្រាម នៅពេលនេះ កូរ៉េទាំងពីរ មានទំនាក់ទំនងល្អប្រសើរឡើងវិញ ក្រោយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បញ្ជាឲ្យបើកខ្សែទូរស័ព្ទភ្ជាប់ ទំនាក់ទំនងឡើងវិញ។ ក្រោយកិច្ចពិភាក្សា កូរ៉េខាងជើង បានយល់ព្រមបញ្ជូនអត្តពលិករបស់ខ្លួន មកចូលរួមការប្រកួតកីឡាអូឡាំពិក លើទឹកដីកូរ៉េខាងត្បូង ។

ក្រោយកិច្ចពិភាក្សា តំណាងមកពីកូរ៉េខាងជើងបានសម្រេចថា ខ្លួននឹងបញ្ជូនក្រុមប្រតិភូជាន់ខ្ពស់ ព្រមទាំងអត្តពលិក ឲ្យមកចូលរួមក្នុងការប្រកួតកីឡាអូឡាំពិករដូវរងារ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅក្នុងទឹកដីកូរ៉េខាងត្បូង នាខែកុម្ភៈ ខាងមុខនេះហើយ ។ នេះបើតាមការអះអាងពីរដ្ឋាភិបាលទីក្រុងសេអ៊ូល ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០១៨។

ការសម្រេចដែលត្រូវបានចាត់ទុកថា ជាភាពវិជ្ជមាន នៃទំនាក់ទំនងប្រសើរឡើងវិញបន្តិចរវាងអតីតបងប្អូនទាំងពីរនេះ បានកើតមានឡើងបន្ទាប់ពី កិច្ចប្រជុំអន្តរកូរ៉េកាលពីម៉ោង ១០៖០០នាទីព្រឹក ថ្ងៃអង្គានេះ ត្រូវបានរៀបចំឡើង នៅឯភូមិ Panmunjom ហើយមុននេះ លោក Ri Son Gwonតំណាងកូរ៉េខាងជើងបានលើកឡើងដូច្នេះថា «នៅថ្ងៃនេះ កូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងចូលរួមក្នុងកិច្ចប្រជុំជាមួយជំហរពិតប្រាកដ និងស្មោះត្រង់… ហើយខ្ញុំសង្ឃឹមថា កិច្ចសន្ទនានេះ នឹងទទួលបានលទ្ធផលល្អ»។

គួរបញ្ជាក់ថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានចាប់ផ្តើមចរចាគ្នាជាផ្លូវការ ដោយបានពិភាក្សាគ្នាស្តីពីការបញ្ជូនអត្តពលិកកូរ៉េខាងជើង ទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវរងារនៅឯទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ក្រោយនេះ។ ប៉ុន្តែទន្ទឹមគ្នា បើតាមសារព័ត៌មានកូរ៉េខាងត្បូង ទីក្រុងសេអ៊ូល ទំនងជាអាចនឹងលើកឡើងផងដែរ ពីផ្លូវនាំទៅរកការស្ដារទំនាក់ទំនងឡើងវិញ រវាងកូរ៉េទាំងពីរ ព្រមទាំងការរៀបចំជំនួបគ្រួសារកូរ៉េ ដែលបានព្រាត់ប្រាស់គ្នានៅអំឡុងសម័យសង្រ្គាមកូរ៉េ៕ ម៉ែវ សាធី


ចែករំលែក៖