សារទាំងស្រុងពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក៖
«សុខសប្បាយជាទេ បងប្អូនជនរួមជាតិ?
ក្នុងសប្តាហ៍នេះ ទោះបីខ្ញុំហត់បន្តិចមែនប៉ុន្តែខ្ញុំពិតជារីករាយយ៉ាងខ្លាំងចំពោះសមិទ្ឋផលថ្មីៗរបស់ប្រទេស ដូចជា ១)រោងចក្រស៊ីម៉ង់ត៍ខ្នាតធំដែលបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ក្នុងតំបន់ដែលទើបបានបង្កើតនៅខេត្តកំពត និង ២) បើកការដ្ឋានសាងសង់ “ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ក្រូចឆ្មា” ឆ្លងកាត់ទន្លេមេគង្គ កាលពីម្សិលនៅខេត្តកំពង់ចាម។ ទាំងរូបខ្ញុំ ក៏ដូចជាពលរដ្ឋនៅខេត្តកំពង់ចាម គឺមិនដែលនឹកស្មានថា នឹងមានស្ពានធំៗឆ្លងកាត់ទន្លេមេគង្គបែបនេះឡើយ។ ប៉ុន្តែក្នុងជំនាន់យើងនេះ គឺអ្វីដែលយើងនឹកស្មានមិនដល់ គឺត្រូវបានកើតមានឡើងជាបន្តបន្ទាប់។
អរគុណជនរួមជាតិ និងកូនក្មួយដែលបានជូនពរ និងបារម្ភអំពីសុខភាពខ្ញុំ។ ក្រោយពីបានហាត់កីឡាទៀងទាត់នឹងបានសម្រកទម្ងន់ដោយធាក់កង់ហាត់ប្រាណក្នុងផ្ទះមួយរយៈពេលនេះ គឺខ្ញុំមានសុខភាពកាន់តែល្អប្រសើររឹងមាំ។
សូមជូនពរបងប្អូនធ្វើដំណើរជិតឆ្ងាយមានសុខសុវត្ថិភាព និងជួបតែសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារទាំងអស់គ្នា » ៕