ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលបីថ្ងៃភ្ញៀវទេសចរណ៍ជាតិចូល និងចេញតាមច្រកអន្តរជាតិបាវិតថយចុះ តែភ្ញៀវបរទេសកើនឡើង រីឯភ្ញៀវដើរលេងកំសាន្តក្នុងខេត្តមានការកើនឡើងដែរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមលោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀងថ្លែងប្រាប់កាសែតនគរវត្តថា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ទើបមានភ្ញៀវទេសចរអន្តរជាតិគ្រប់សាសន៍ មកទស្សនា ក៏ដូចជាលំហែកាយដើរកំសាន្តមានការកើនឡើងគួរឲ្យកត់សម្គាល់ ជាក់ស្ដែងគិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ )ក្នុងឱកាសបុណ្យចូលឆ្នាំចិន ភ្ញៀវឆ្លងកាត់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត មានភ្ញៀវទេសចរណ៍ខ្មែរចូលសរុបមានចំនួន ៦២៧ នាក់ ថយចុះចំនួន ៨,៤៤៥ នាក់ ស្មើនឹង ៩៣.០៩% បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ៩,០៧២ នាក់ ។

ភ្ញៀវទេសចរខ្មែរចេញសរុបមានចំនួន ១,០០៧ នាក់ ថយចុះចំនួន ២,២៦៨ នាក់ ស្មើនឹង ៦៩.២៥% បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ៣,២៧៥ នាក់។

លោកប្រធានមន្ទីរបានបន្តទៀតថា ចំណែកឯភ្ញៀវទេសចរណ៍អន្តរជាតិភ្ញៀវទេសចរបរទេសចូលតាមច្រកអន្តរជាតិបាវិតនេះ សរុបមានចំនួន ៧,៦៧០ នាក់ កើនទ្បើងចំនួន ៦,៦៥៨ នាក់ ស្មើនឹង ៦៥៧.៩១ %បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ១,០១២ នាក់។ ភ្ញៀវទេសចរបរទេសចេញសរុបមានចំនួន ២០៥២ នាក់ កើនទ្បើងចំនួន ៩២៥ នាក់ ស្មើនឹង ៨២.០៨%បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ១,១២៧ នាក់។

លោក វ៉ាន់ សារ៉ាត បានថ្លែងទៀតថាភ្ញៀវចូលទស្សនារមណីយដ្ឋាននានានៅក្នុងខេត្តនៅឱកាសពិធីបុណ្យចូលឆ្នាំចិននេះ មានការកើនឡើងដោយ មានភ្ញៀវទេសចរណ៍មកទស្សនារមណីយដ្ឋាននានា មានចំនួនសរុប ១៧៩៩ នាក់ ស្រី ៩៨៦ នាក់ ក្នុងនោះ ជនបរទេស ៦៥ នាក់ ស្រី ៣១ នាក់ មានការកើនឡើងចំនួន ១៥២៤ នាក់ ស្មើនឹង ៥៥៤.១៨ % បើធៀបនឹងឆ្នាំ ២០១៧ មាន ២៧៥ នាក់ ហើយភាគច្រើននៃភ្ញៀវទេសចរមក គឺក្នុងគោលបំណងទេសចរណ៍៕ យឹម សុថាន


ចែករំលែក៖