ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្តែងតួអង្គឪពុក លោកជេត បូរី ប្រកាសមុខជំនួញថ្មីតម្លៃជិត២០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែតារាសម្តែងតួអង្គឪពុកលោក ជេត បូរី បានប្រកាសធ្វើឲ្យអ្នកសិល្បៈភ្ញាក់ផ្អើលជាមួយនឹងការរៀបចំពិធីសម្ពោធផ្ទះសំណាក់ឱសថស្ថាន និងខួបកំណើតកូនប្រុសស្រីក្នុងថ្ងៃតែមួយ ។ កម្មវិធីនេះធ្វើឡើងកាលពីរាត្រីថ្ងៃទី២៦ ខែកុម្ភៈនេះ ហើយមុខជំនួញថ្មីនេះ គឺចាយទុនប្រមាណជិត២០ម៉ឺនដុល្លារអាមេរិក ។

តារាសម្តែង ដែលក្តាប់ជំនួញក្នុងដៃមិនធម្មតារូបនេះលើកឡើងថា ដោយសារចិត្តស្រលាញ់លោកមិនបោះបង់ចោលការងារសិល្បៈទេ បើទោះបីជាមមាញឹក និងមុខជំនួញ និងពេលខ្លះប្រាក់កម្រៃ ដែលទទួលបានមិនសាកសមនឹងការនឿយហត់ក៏ដោយ ។

លោក ជេត បូរី បង្ហើបថាជំនួញថ្មីទើបបើកដំណើរការនេះចាយទុនប្រមាណជាង១៧ម៉ឺនដុល្លារអាមេរិក ។ លោកថាលោកសម្រេចចិត្តទិញផ្ទះនៅជិតតំបន់ចោមចៅនៅខែមករា ឆ្នាំ២០១៨ ដែលជាតំបន់ប្រជុំជនសម្បូរដោយរោងចក្រជាច្រើនដែរ ហើយបានចាប់ផ្តើមរៀបចំបើកដំណើរការជួសជុលកែលម្អ និងរៀបចំឲ្យមានបន្ទប់ផ្ទះសំណាក់ជិត២០បន្ទប់នៅជាន់ខាងលើ ហើយខាងក្រោមសម្រាប់ឲ្យកូនស្រី ដែលទើបបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតកាលពីដើមឆ្នាំនេះផងដែរ ។

លោកបង្ហើបដែរថា ក្រៅពីជំនួញនេះ លោកមានជំនួញធំមួយទៀត គឺការទិញលក់អចលនទ្រព្យ ដែលលោកចាប់ផ្តើមរកស៊ីជាយូរមកហើយដែរ ហើយលោកស្នើមិនបញ្ជាក់អំពីចំនួនទុនសរុប ដែលមានក្នុងមុខរបរមួយនេះ ។

លោកថា កម្មវិធី ដែលលោករៀបចំដំណាលគ្នានេះគឺដើម្បីលើកទឹកចិត្តកូនស្រី ដែលទើបបញ្ចប់ការសិក្សា ក៏ដូចជាឱកាសចូលរួមអបអរសាទរការប្រកាសបើកដំណើរការ និងជាពេលវេលាជួបជុំអ្នកសិល្បៈរួមអាជីពជិតដិតមួយចំនួន ។

លោកថាភ្ញៀវ ដែលបានចូលរួមក្នុងរាត្រីនោះគឺមកគ្មានសល់ គឺប្រមាណជាង៤០០នាក់ ហើយលោកពិតជារំភើបនឹងទឹកចិត្តស្រលាញ់រាប់អានពីសំណាក់មិត្តភ័ក្កិសាច់ញាតិ ។

លោករំពឹងថា មុខជំនួញថ្មី ដែលឲ្យកូនប្រុសស្រីមើលការខុសត្រូវនេះនឹងដំណើរការដោយរលូន និងអាចឲ្យកូនៗមានមុខរបរមួយចិញ្ចឹមជីវិតបានសមរម្ភមុនពេលមានស្វាមីភរិយារៀងៗខ្លួននោះ ។

គួរបញ្ជាក់ដែរថា កន្លងមកលោក ជេត បូរី ត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្តែងជាតួអង្គឪពុកក្នុងភាពយន្តភាគជាច្រើនបន្តបន្ទាប់ ។ ជាមួយគ្នានេះលោកក៏បង្ហើបពីគម្រោងពង្រីកមុខជំនួញថ្មីបន្ថែមទៀតប៉ុន្តែលោកនៅបារម្ភព្រោះមិនមានអ្នកជួយមើលការខុសត្រូវគ្រា ដែលលោកក៏មមាញឹកនឹងការសម្តែងផងដែរ៕ វឌ្ឍនា


ចែករំលែក៖