ភ្នំពេញ៖ កញ្ញាឯក Miss Grand Cambodia 2017កញ្ញា ខ្លឹម ស្រីគា លេចមុខក្នុងការថតភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍បាយ័ន ដោយសម្តែងរួមជាមួយ Freshie Boyលេខ ១ លោក ទ្រី តារាវុធ។ ទោះបីជាវាគឺជារឿងដំបូងប៉ុន្តែ តារាស្រីរូបនេះបានបញ្ចេញសមត្ថភាពគួរឲ្យសរសើរក្នុងការសម្តែង។
កាលពីចុងឆ្នាំ២០១៧កញ្ញា ខ្លឹម ស្រីគាដែលមានវ័យ១៨ឆ្នាំនោះទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនក្រោយពីនាងក្លាយជាម្ចាស់ជ័យលាភីលេខ១គ្រងមកុដMiss Grand Cambodia 2017 និងបានតំណាងឲ្យកម្ពុជាចេញទៅប្រកួតម្កុដ Miss Grand លើកទី៥របស់ពិភពលោកដែល ប្រទេសវៀតណាមជាម្ចាស់ផ្ទះ។
នាងនឹងបង្ហាញសមត្ថភាពក្នុងការសម្តែងភាពយន្តជាលើកដំបូង ក្នុងតំណែងតួឯករួមគ្នាជាមួយតារាសម្តែងស្រស់សង្ហា ទ្រី តារាវុធ ក្នុងរឿងភាគមួយគឺរឿង«ភូមិគ្រឹះជំពាក់ស្នេហ៍» របស់ទូរទស្សន៍បាយ័ន។ ភាពយន្តនេះបានប្រកាសចេញថតលើកដំបូងចាប់ពីថ្ងៃទី២៦ខែកុម្ភៈកន្លងទៅ។
កញ្ញា នៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេ ប៉ុន្តែតួឯកប្រុសលោក ទ្រី តារាវុធ បានលើកឡើងថាវាគឺជារឿងពិត។ លោកក៏បានបង្ហាញក្តីរីករាយខ្លាំងក្រោយពីក្លាយជាតួឯកក្នុងភាបយន្តនេះ ហើយអ្វីដែលពិសេសគឺជំនួបសម្តែងរួមជាមួយ តួឯកស្រី ខ្លឹម ស្រីគា ដែលមហាជនចាប់អារម្មណ៍ច្រើន។
លោកថា អ្វីដែលកាន់តែធ្វើឲ្យលោកភ្ញាក់ផ្អើលគឺការសម្តែងក្នុងភូមិគ្រឹះបុរាណបន្សល់ទុកពីសម័យបុរាណ សម័យអាណានិគមនិយមបារាំងនៅតំបន់គៀនស្វាយ ហើយក៏ជាភូមិគ្រឹះដែលលោកធ្លាប់បានសម្តែងរឿងភាពយន្តខ្នាតធំរឿង”សរសរកន្លោង”កាលពីកន្លងទៅដែរ។
លោកបញ្ជាក់ដែរថា ភាពយន្តភាគនេះនឹងឆ្លុះបញ្ចាំងអំពីស្នេហាមួយ ដែលពោរពេញដោយភាពចាក់ស្រះកាច់កុង ដែលកើតមានក្នុងសម័យអាណានិគមនិយមបារាំង ហើយភាពយន្តនេះនឹងកាន់តែទាក់ទាញការចាប់អារម្មណ៍ច្រើនពីមហាជនព្រោះតែប្រមូលផ្តុំដោយសិល្បករល្បីឈ្មោះជាច្រើនចូលរួម ។
លោកថា បើទោះបីជាភាពយន្តភាគថ្មីនេះ ទើបនឹងជួបដៃគូសម្តែងថ្មី ប៉ុន្តែក្រោយការសម្តែងរួមគ្នាបាន២ថ្ងៃគឺមានអារម្មណ៍ថា ចុះសម្រុងគ្នាច្រើនដែរ ។
លោកបញ្ជាក់ថា តួឯកស្រីសុទ្ធតែដាក់ក្តីរំពឹងខ្ពស់ ព្រោះតែភាពយន្តនេះនឹងត្រូវសម្រិតសម្រាំងក្នុងការផលិត មួយប្រកបដោយគុណភាព ហើយក៏បានឆ្លុះបញ្ចាំងពីជ្រុងមួយនៃទិដ្ឋភាពសង្គមខ្មែរនាសម័យអាណានិគមនិយមបារាំងដែលក្មេងជំនាន់ក្រោយមិនសូវបានដឹងនិងស្គាល់ ពិសេសឈុតឆាកថ្មីប្លែកជាច្រើនក្នុងភាពយន្តនេះនឹងត្រូវបង្ហាញផងដែរ ៕ វឌ្ឍនា