ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់១ របួសធ្ងន់១ ដោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នានៅក្រុងស្វាយរៀង

ចែករំលែក៖

 

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ បណ្ដាលឲ្យយុវជនម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងភាគីបុរសម្ខាងទៀត រងរបួសធ្ងន់បាក់ជើងឆ្វេងបែកក្បាល ហូរឈាមពេញមុខសន្លប់ស្តូកស្តឹង ខណៈដែលបើកជែងរថយន្ត ហើយជ្រុលទៅបុកម៉ូតូទៀតកាលពីវេលាម៉ោង៦ និង០៥នាទីល្ងាច ថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្ចាយរៀងបានឲ្យកាសែតនគរវត្តដឹងថា យុវជនដែលបើកម៉ូតូជែងខ្វះការប្រុងប្រយត្ន័មានឈ្មោះប៉ាក់ ចាន់លីណា អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកមួយគ្រឿងម៉ាក Air Black ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BZ-6238 ខូចខាតយ៉ាងដំណំ។

ចំណែកភាគីអ្នកបើកបរម៉ូតូម្ខាងទៀតមានឈ្មោះ ម៉ឹក សុផា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិត្រោក ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាក​លេខ ស្វាយរៀង ១H-៥០៩៥ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានយុវជនម្នាក់បានជិះម៉ូតូម៉ាកអ៊ែរប្លេក ពណ៌ខ្មៅ មួយគ្រឿង លើកំណាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុខាងលើ ក៏ បានបើកជែងរថយន្តមួយគ្រឿងទៀត ក្នុងសភាពគ្រោះថ្នាក់ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី ឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាក​លេខ ស្វាយរៀង ១H-៥០៩៥ ចំពីមុខពេញទំហឹង ក្នុងទិសដៅពីលិចទៅកើតបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលឲ្យបែកក្បាលហូឈាមពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមមកអន្តរាគមន៍វាស់វែង និងយកភាគីរងគ្រោះមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀងចំណែកឯអ្នកស្លាប់ សមត្ថកិច្ចបានប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ យឹម សុថាន


ចែករំលែក៖