ខេត្តស្វាយរៀងៈ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយជ្រំ បានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវរួមគ្នាចូលរួមថែរក្សាសុខសន្តិភាព ទោះក្នុងកាលៈទេសៈណាក៏ដោយ និងមិនត្រូវជឿតាមការញុះញង់របស់គណបក្សប្រឆាំង ឬពួកអគតិមួយចំនួន ដែលចូល ចិត្តបំភ្លៃការពិត ខណៈដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ។
ការថ្លែងបែបនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៨ក្នុងពិធីសំណេះសំណាល និងសម្ពោធសមិទ្ធផលនានាក្នុងវត្តចារ ស្ថិតនៅភូមិស្វាយមីង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់លោកអ៊ឺម សារ៉ា សមាជិកក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្វាយជ្រំ លោកប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយតាមបណ្ដាឃុំក្នុងស្រុកស្ចាយជ្រំលោកអភិបាលស្រុកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស យាយជី តាជី ប្រមាណជាង១ពាន់នាក់ផងដែរ។
បន្ទាប់ពីលោកសុទ្ធគឹមចាន់ អភិបាលស្រុកបានឡើងអានរបាយការណ៍ សមិទ្ធផលនានា និងសភាពការណ៍សន្តិសុខសង្គមក្នុងស្រុកស្វាយជ្រំរួចមក លោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ ក៏បានផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែមានមនោសញ្ចេតនា ស្រលាញ់រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជន រួមជាតិទាំងអស់ និងជួយដោះស្រាយ ទុក្ខលំបាកសព្វ បែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ គឺក្រោមការអនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលដាក់ចេញនូវវិធាន ការជាច្រើន ក្នុងកិច្ចធ្វើឲ្យប្រសើរឡើង នូវមនុស្ស ផ្លូវ ទឹក ភ្លើង ហើយវិស័យអាណាចក្រ វិស័យពុទ្ធចក្រក៏បានរស់ឡើងវិញ និងដើរទន្ទឹមគ្នា ហើយពិសេសយើងទាំងអស់គ្នាក៏មានសិទ្ធិ និងសេរីភាពគ្រប់បែប យ៉ាងផងដែរ។
មិនតែប៉ុណ្ណោះយើងបានកសាងប្រទេសជាតិពីបាតដៃទទេ ដោយខិតខំស្តារកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ និង ព្រះវិហារ រហូតទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ ដូចដែលយើងទាំងអស់គ្នា បានឃើញមាននាពេលសព្វថ្ងៃនេះដោយ មិនមែនជារឿងចៃដន្យទេ គឺកើតឡើងដោយការដឹកនាំយ៉ាងត្រឹមត្រូវខាងនយោបាយ ប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្តេចតេជោ ទើបកម្ពុជាយើងមានអ្វីៗគឺកើតចេញពីមាតា ៧មករា ឆ្នាំ១៩៧៩។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់សប្បុរសជនពុទ្ធបរិស័ទក្នុង និងក្រៅប្រទេសក៏ដូចជាអស់លោកលោកក្រុមការងារដែលបានចំណាយពេលវេលាក៏ដូចជាថវិការផ្ទាល់ខ្លួនក្នុងការរួមចំណែកកសាងវត្ត ចារ រហូតឈានដល់សម្ពោធសមិទ្ធផលនានានាពេលនេះផងដែរ។
បន្ទាប់មកលោកក៏បានជំរុញដល់អាជ្ញាធរគ្រប់ឃុំក្នុងស្រុកស្វាយជ្រំត្រូវ បន្តខិតខំបន្ថែមទៀត ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សង្គមរបៀបរៀបរយសាធារណៈ អនុវត្ដន៍ឲ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពី ភូមិ-ឃុំ មានសុវត្ថិភាព បន្ដជំរុញកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ខិតខំដោះស្រាយ ឲ្យបានល្អនូវបាតុភាពផ្សេងៗ ក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើងផងដែរ។
ឪកាសនោះដែរនាយឧត្តមសេនីយ៍ ចៅ ភិរុណ ក៏បាន ប្រគេនបច្ច័យចូលបុណ្យដល់ព្រះគ្រូចៅអធិការ សម្រាប់កសាងវត្ត ចារ ចំនួន១១លាន៥សែន និងប្រាក់ដុល្លារ៤០០ នីងបានដោះស្រាយសំណូមពររបស់លោកគ្រូអ្នកគ្រូបានមួយចំនួនផងដែរ ៕ យឹម សុថាន