ខេត្តសៀមរាប៖ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប នាំគ្នាភ្ញាក់ផ្អើលនឹងទារិកាចម្លែកម្នាក់ មានខ្លួនមួយ ក្បាលពីរ និងបេះដូងមាន៦ថត បន្ទាប់ពីបានជួយសម្រាលកូនឲ្យប្រជាពលរដ្ឋជាម្តាយទារិកានេះរួចមក ។
ក្រោយឆ្លងទន្លេ នៅថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ឪពុក-ម្តាយ បានចាកចេញ ពីមន្ទីរពេទ្យនេះទៅបាត់ ដោយមិនបានបញ្ជាក់ពីឈ្មោះមកពីភូមិ ឃុំ និងស្រុកណានៅឡើយទេ ។
ទារិការូបនេះ កំពុងស្ថិតនៅក្នុងកែវចិញ្ចឹមដោយអុកស៊ីហ្សែនរបស់មន្ទីរពេទ្យ គន្ធបុប្ផាខេត្តសៀមរាប យ៉ាងម៉ត់ចត់ ហើយក្រុមគ្រូពេទ្យមិនបានធ្វើអត្ថាធិប្បាយលម្អិត ពីសុខភាពរបស់ទារិកានេះឲ្យអ្នកកាសែតដឹងទេ ដោយអះអាងថា លុះត្រាតែមានការអនុញ្ញាត ពីប្រធានមន្ទីរពេទ្យជាមុនសិន ។
លោក ដានីស ជាជនជាតិបរទេស និងជាអ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប មួយរូបបានប្រាប់អ្នកយកព័ត៌មានកាសែតនគរវត្តយ៉ាងខ្លី ថា «ពិតជាមានក្មេងកើតមកក្បាលពីរប្រាកដមែន» រួចក៏បិទទូរស័ព្ទទៅ ។
យ៉ាងណា អាណាព្យាបាលកុមារមានជំងឺដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ គន្ធបុប្ផា ខេត្តសៀមរាបលួចបង្ហើបឲ្យដឹងថា ពិតជាមាន ទារិកាចម្លែកម្នាក់ មានខ្លួនមួយ ក្បាលពីរ និងបេះដូងមាន៦ថត កើតក្នុងមន្ទីរពេទ្យនេះមែន ។ ទារិកានេះកើតមកមានទម្ងន់ជាង៣ គីឡូក្រាម និងមានសុខភាពខ្សោយដែលគ្រូពេទ្យត្រូវការសង្គ្រោះក្នុងកែវអុកស៊ីហ្សែន ហើយ ឪពុកម្តាយរបស់គេជាអ្នកមានជីវភាពទន់ខ្សោយ និងបានត្រឡប់ទៅផ្ទះវិញបាត់ទៅ ហើយគេ មិនទាន់ដឹងថា គ្រូពេទ្យអាចសង្គ្រោះបានដោយជោគជ័យ ដូចនៅបរទេស ឬយ៉ាងណានោះទេ៕ ប៊ុន ឬទ្ធី