ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកូរ៉េខាងត្បូងទៅអាមេរិក រុស្ស៊ីចិននិងជប៉ុន ដើម្បីផ្តល់លទ្ធផលស្តីពីជំនួបជាមួយកូរ៉េខាងជើង

ចែករំលែក៖

ទីប្រឹក្សាសន្តិសុខជាន់ខ្ពស់របស់ប្រធានាធិបតី កូរ៉េខាងត្បូង មូន ជេអុីន បានធ្វើ ដំណើរទោះកាន់អាមេរិក នៅថ្ងៃទី៨ ខែមីនា បន្ទាប់មកនឹងទៅកាន់រុស្ស៊ី ចិន ជប៉ុន ដើម្បីផ្តល់នូវលទ្ធផលនៃជំនួបជា មួយមេដឹកនាំគីម ជុងអ៊ុន។

សារព័ត៌មាន យ៉ុនហាប បានផ្សាយថា លោក Chung Eui Yong ប្រធានការិយា ល័យសន្តិសុខ កូរ៉េខាងត្បូង បានដឹកនាំ គណៈប្រតិភូ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ។ ក្រៅពីលោក Chung នៅមានប្រធានចារ កម្មកូរ៉េខាងត្បូង លោក Suh Hoon ផងដែរ ទៅកាន់អាមេរិកក្នុងរយៈពេល៣ថ្ងៃ។

នៅទីក្រុងវ៉ាស៊ីនតោន លោកជុង នឹង ជួប ផ្តល់លទ្ធផលស្តីពីជំនួបជាមួយកូរ៉េ ខាងជើង ដល់មន្ត្រីអាមេរិកក្នុងនោះ មានទី ប្រឹក្សាសន្តិសុខជាតិ លោក Herbert McMaster និងរដ្ឋមន្ត្រីការបរទេស Rex Tillerson ។

កន្លងមក ក្រោយពេលបញ្ចប់ដំណើរ ទស្សនកិច្ច ទៅកាន់កូរ៉េខាងជើង និងជួប ពិភាក្សាគ្នាជាមួយមេដឹកនាំគីម ជុងអ៊ុន រួចមក ទីក្រុងព្យុងយ៉ាងបង្ហាញពីការត្រៀមលក្ខណៈដើម្បីពិភាក្សាជាមួយអាមេរិក បញ្ចប់ កម្មវិធីបរមាណូ។

កន្លងមកអាមេរិកតែងតែមន្ទិលសង្ស័យទៅលើកូរ៉េខាងជើង ប៉ុន្តែ ក្រោយដំណើរ ទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ កូរ៉េខាងត្បូង ដោយជោគជ័យមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានប្រកាសថា កូរ៉េខាងជើង ពិតជា បានបង្ហាញភាពស្មោះត្រង់នៅក្នុងកិច្ចពិភាក្សា ។

លោក Chung Eui Yong បានប្រកាស ថា លោក និងគណៈប្រតិភូរបស់លោក នឹងនាំសារសម្ងាត់របស់មេដឹកនាំកូរ៉េខាងជើងផ្ញើទៅកាន់អាមេរិក។

ក្រៅពីដំណើរទស្សនកិច្ចទៅកាន់អាមេរិក លោក Chung នឹងបន្តទៅកាន់ ប្រទេសចិន ជប៉ុន និងរុស្ស៊ី ដើម្បីផ្តល់ព័ត៌មានស្តីពីលទ្ធផលនៃជំនួបនោះផងដែរ។

ពាក់ព័ន្ធនឹងអាវុធបរមាណូនិងមីស៊ីល របស់កូរ៉េខាងជើង សារព័ត៌មានរដ្ឋកូរ៉េ ខាងជើង Rondong Sinmun នាថ្ងៃពុធ មុននេះ បានចេញផ្សាយថា ការដែល ប្រទេសរបស់ខ្លួន មានអាវុធនុយក្លេអ៊ែរនៅ ក្នុងដៃ គឺគ្រាន់តែជាជម្រើសសម្រាប់ជ្រើសរើសមួយប៉ុណ្ណោះ ដើម្បីការពារប្រជាជាតិ ខ្លួន ពីការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរ ពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួ នៅល្ងាចថ្ងៃពុធ ទី៧ ខែមីនា ឆ្នាំ ២០១៨។

នៅក្នុងអត្ថបទព័ត៌មានមួយរបស់ខ្លួន Rondong Sinmun បានចោទសហរដ្ឋអាមេ រិកថា បានបង្កការគំរាមកំហែង នៃអាវុធ នុយក្លេអ៊ែរមកលើប្រទេសកូរ៉េខាងជើង អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រហូតយកវាធ្វើជាគោលនយោបាយមួយ ដើម្បីបើកការវាយប្រហារដោយនុយក្លេអ៊ែរ មកលើប្រជាជាតិអាស៊ីខាងកើតមួយ នេះ។

Rondong Sinmun បានបញ្ជាក់ថា កូរ៉េខាងជើងពុំមានជម្រើសអ្វីផ្សេងឡើយ ដើម្បី ការពាររបប និងជោគវាសនានៃប្រជាជាតិ មួយនេះ នៅក្នុងការប្រឈមមុខដាក់គ្នា ជាមួយមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតលើលោក គឺអាមេរិក។

គួរជម្រាបថា ការបកស្រាយខាងលើពី កូរ៉េខាងជើង ត្រូវបានធ្វើឡើងក្រោយពីរដ្ឋាភិបាលទីក្រុងសេអ៊ូល បានអះអាងថា ទី ក្រុងព្យុងយ៉ាង នឹងមិនប្រើប្រាស់អាវុធ ក្លេអ៊ែរ ឬអាវុធធម្មតា ប្រឆាំងកូរ៉េខាងត្បូង ឡើយ ហើយប្រសិនបើសុវត្ថិភាពរបស់កូរ៉េខាងជើង ត្រូវបានធានាទាំងស្រុងនោះ របបដឹកនាំទីក្រុងព្យុងយ៉ាង នឹងសម្រេច ផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលការ​បញ្ជាក់ពីរដ្ឋាភិបាលទីក្រុងសេអ៊ូល ត្រូវ បានធ្វើឡើង បន្ទាប់ពីបេសកជនពិសេស របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន បានត្រឡប់ពីរដ្ឋធានីព្យុងយ៉ាង វិញ ក្រោយពីបានជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន៕ ម៉ែវ សាធី

 


ចែករំលែក៖