ព័ត៌មានទាន់ហេតុការណ៍៖

ស្តាប់ចម្លើយសារភាពរបស់ខ្មាន់កាំភ្លើងបាញ់របួស២នាក់ដូចមិនទំនង

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញបានបញ្ជូនជនដៃដល់ជាខ្មាន់កាំភ្លើងបាញ់ប្រហារប្រុសស្រី២នាក់នាពាក់កណ្តាលអធ្រាត្រម៉ោង១២និង៣០នាទីឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមុខផ្ទះជួលនៅតាមបណ្តោយផ្លូវលេខ ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខដល់សាលាដំបូងរាជធានីកាលពីព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែ មីនា ឆ្នាំ២០១៨ ។

ហេតុការណ៍បាញ់ប្រហារមួយនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីប្រជាពលរដ្ឋជុំវិញកន្លែងកើតហេតុរហូតដល់ ផ្ទុះការងើងឆ្ងល់ពីសំណាក់មហាជនពេញបណ្តាញសង្គមហ្វេសប៊ុកព្រោះតែគ្រប់គ្នាចង់ដឹងថា មូលហេតុអ្វីទើបបានជាមានការបាញ់ប្រហារដ៏ឃោរឃៅនេះកើតឡើងរហូតបណ្តាលឲ្យជនរងគ្រោះ២នាក់រងរបួស ធ្ងន់។ ជនរងគ្រោះទី១-ឈ្មោះ សិង វិន ភេទស្រី អាយុ២៥ឆ្នាំ បានរងរបួសត្រូវគ្រាប់ កាំភ្លើង៣គ្រាប់ (ចំស្មាខាងស្តាំ២គ្រាប់ និងកំភួនដៃខាងឆ្វេង១គ្រាប់) និងជនរង គ្រោះទី២-ឈ្មោះ គង់ វិន ភេទប្រុស អាយុ ៣០ឆ្នាំ បានរងរបួសត្រូវគ្រាប់កាំភ្លើង១ គ្រាប់ចំស្មាខាងស្តាំ ។

ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញជនសង្ស័យដែលជាខ្មាន់កាំភ្លើងបានចូលមកសារភាពកំហុសខ្លួន ដើម្បីទទួលទោសតាមច្បាប់កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីបានរត់គេច ខ្លួនអស់រយៈពេល៥ថ្ងៃ ។

តាមចម្លើយសារភាពរបស់ជនដៃដល់បានរៀបរាប់ថា រូបគេឈ្មោះ ប៊ុន តេង កើត នៅឆ្នាំ១៩៨៦ មុខរបរជាយោធា មានទីលំ នៅបច្ចុប្បន្នផ្ទះលេខ T53A ផ្លូវW23C7 សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជ ធានីភ្នំពេញ។ នៅថ្ងៃកើតហេតុរូបគេពិតជា បានបាញ់ប្រហារលើប្រុសស្រីទាំង២នាក់នោះពិតប្រាកដមែនដោយប្រើប្រាស់កាំភ្លើងខ្លី១ដើមម៉ាក BERATA តែការបាញ់ប្រហារ នោះព្រោះតែមានការភ័ន្តច្រឡំប៉ុណ្ណោះ។

ជនដៃដល់បានរៀបរាប់បន្តទៀតថា រូបគេជាមួយជនរងគ្រោះទាំង២ជាមនុស្ស ស្គាល់គ្នាប្រហែលកន្លះឆ្នាំមកហើយតាម រយៈការផឹកស៊ីជាមួយមិត្តភក្តិតៗគ្នា។ នៅ មុនថ្ងៃកើតហេតុគឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៨ រូបគេរួមជាមួយមិត្តភក្តិសរុបមាន គ្នា៨នាក់បាននាំគ្នាចូលរួមផឹកស៊ីក្នុងខារ៉ាអូខេរីវើឡែសនៅតំបន់ព្រែកលៀប។ ក្នុង អំឡុងពេលផឹកស៊ីរូបខ្លួន(ជនដៃដល់) និង មិត្តភក្តិឈ្មោះ ប៊ី បានទាស់សម្តីគ្នា រហូត ដល់រូបខ្លួន(ជនដៃដល់) បានវាយឈ្មោះ ប៊ី មួយដៃបណ្តាលឲ្យជ្រុះកាំភ្លើងខ្លីរបស់ ខ្លួន ហើយក៏ត្រូវបានមិត្តភក្តិផ្សេងទៀត ជួយឃាត់។ ភ្លាមនោះឈ្មោះពេជ្រ សាឡន បានរើសយកកាំភ្លើងខ្លីហុចមកឲ្យខ្លួនវិញ ហើយក្រោយមកកម្មវិធីត្រូវបានបញ្ចប់រូប ខ្លួន(ជនដៃដល់) ក៏បានជិះរថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2R-6967 ជូនឈ្មោះសម្បត្តិ និងឈ្មោះ ប៊ី ទៅផ្ទះរៀងៗខ្លួន ។

លុះស្អែកឡើងថ្ងៃទី២៥ ខែកុម្ភៈ រូបខ្លួន (ជនដៃដល់)បានបាត់បង់កាំភ្លើងអស់១ ក៏ជិះរថយន្តទៅផ្ទះឈ្មោះ ពេជ្រ សាឡន ដើម្បីសួររកបង់កាំភ្លើងតែឈ្មោះ ពេជ្រ សាឡន បានប្រាប់ថា មិនឃើញទើបខ្លួន គិតថា ប្រហែជាធ្លាក់នៅក្នុងបន្ទប់ខារ៉ាអូខេ ភ្លាមនោះខ្លួនក៏បើករថយន្តទៅសួរដល់ បន្ទប់ខារ៉ាអូខេតែគេប្រាប់ថា បានឃើញ មនុស្សស្រីម្នាក់យកចេញក្រៅបាត់ទៅហើយ ខ្លួនក៏ត្រឡប់មកផ្ទះវិញដើម្បីជូនប្រពន្ធទៅ កម្មវិធីឡើងផ្ទះបងប្អូននៅផ្សារដីហ៊ុយ។

រហូតដល់ម៉ោងប្រហែល១១យប់ថ្ងៃទី ២៥ ខែកុម្ភៈខ្លួនបានត្រឡប់មកពីកម្មវិធីឡើងផ្ទះបងប្អូនវិញខ្លួនក៏បានបើករថយន្តទៅផ្ទះពេជ្រ សាឡន ម្តងទៀតក្នុងគោល បំណងទៅសួររកបង់កាំភ្លើងដែលបាត់តែ ពេលទៅដល់មុខផ្ទះឈ្មោះ ពេជ្រ សាឡន ស្រាប់តែឃើញរថយន្តម៉ាកតាកូម៉ា មួយ គ្រឿងដែលមានជនរងគ្រោះឈ្មោះ គង់ វិន ហៅវ៉ែនតា ជិះជាមួយឈ្មោះ សិង វិន ហៅ ភ័ស្ត ឈប់ក្បែរផ្ទះ ពេជ្រ សាឡន ខ្លួនក៏ អែបរថយន្តទៅឈប់ទន្ទឹមគ្នានិងចុចកញ្ចក់ រថយន្តចុះដូចគ្នា។ ពេលនោះខ្លួនក៏សួរទៅ ឈ្មោះ វ៉ែនតាថា បានឃើញបង់កាំភ្លើង របស់ខ្លួនឬអត់? ស្រាប់តែឈ្មោះ គង់ វិន ហៅ វ៉ែនតា មិនព្រមឆ្លើយតប និងលើកអាវ ឡើងទើបខ្លួននឹកក្នុងចិត្តថា ប្រហែលគេខឹង ហើយដកកាំភ្លើងបាញ់រូបខ្លួន ខ្លួនក៏ដក កាំភ្លើងខ្លីបាញ់ពួកគេមុនអស់គ្រាប់រួចគេច ខ្លួនទៅផ្ទះតែម្តង។ លុះព្រឹកឡើងបានជិះ រថយន្តតាក់ស៊ីទៅខេត្តពោធិ៍សាត់ បាត់ ដំបង បន្ទាយមានជ័យដើម្បីលាក់ខ្លួនតាមព្រំដែន។ ក្រោយមកដោយបានដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមស្រាវជ្រាវស៊ើបអង្កេតជាបន្តបន្ទាប់ យ៉ាងប្រកិតៗទើបខ្លួនសម្រេចចិត្តចូលមកសារភាពតែម្តង ។

ទោះជាយ៉ាងណាមហាជនមិនយល់ស្របតាមសម្តីរបស់ជនដៃដល់រូបនេះនោះទេគេយល់ថា អ្វីដែលជាចម្លើយសារភាព របស់ជនដៃដល់គឺគ្រាន់តែជាវិធីដើម្បីជួយសម្រាលទោសដល់ខ្លួនប៉ុណ្ណោះ។ គេជឿ ថា សមត្ថកិច្ចមិនជឿ ឬមិនស៊ុមគ្រលំុជា មួយជនដៃដល់នេះទេ ៕ ហេង សូរិយា


ចែករំលែក៖