ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋក្មេងចាស់ ប្រុស ស្រីព្រមទាំងសិស្សានុសិស្ស លោក គ្រូ អ្នកគ្រូ ក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារជាច្រើន រយនាក់កាលពីព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ បានរៀបចំធ្វើពិធីដង្ហែ ខ្មោច ព្រាយ បិសាច អាបយកទៅបណ្តែត ទឹកទន្លេដោយពួកគាត់គិតថា កន្លងទៅ ខ្មោចព្រាយតែងតែបានចូលក្នុងខ្លួនប្រាណប្រជាពលរដ្ឋរហូតធ្វើឲ្យពួកគាត់មានការខ្លាចរអា ។
លោក ស៊ឹម បឿន ស្មៀនឃុំកំពង់ ស្រឡៅ១ បានឲ្យដឹងថា ពិតជាមានប្រជាពលរដ្ឋក្នុងភូមិកំពង់ស្រឡៅធ្វើពិធីបែបនេះមែន។ មិនត្រឹមតែប្រជាពលរដ្ឋទេគឺ មានលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នគរ បាល និងប្រជាការពារភូមិចូលរួមផងដែរ។ និយាយរួមក្នុងមួយភូមិកំពង់ស្រឡៅគឺ ចូលរួមគ្រប់គ្នា ។
លោក ស៊ឹម បឿន បានបន្តថា មូល ហេតុដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិកំពង់ស្រឡៅរៀបចំធ្វើពិធីដង្ហែបណ្តេញខ្មោច ព្រាយ បិសាច អាបចេញពីភូមិបែបនេះក៏ព្រោះតែកាលពីប៉ុន្មានថ្ងៃមុននេះ ពោលគឺ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៨ មានប្រជាពលរដ្ឋប្រមាណ៦នាក់ ហើយត្រូវបានខ្មោច ព្រាយបិសាចចូលខ្លួន ក្នុងនោះមានកូនកំលោះក្រមុំមួយគូក្នុងថ្ងៃរៀបការក៏ដូចជាកូនរបស់លោកមេឃុំកំពង់ស្រឡៅ១ផងដែរ ។
លោកស្មៀនឃុំបានបន្ដថា អាការរបស់បងប្អូនប្រជាពលរដ្ឋដែលត្រូវខ្មោចព្រាយបិសាចចូលសណ្ឋិតក្នុងខ្លួនគឺមានអាការ និយាយរវើរវាយផ្តេសផ្តាស និងស្រែក ហើយ ភ្នែកបាញ់ក្រឡោតមកមើលមនុស្សជុំវិញគួរឲ្យព្រឺខ្លាច ប៉ុន្តែជំងឺប្រភេទនេះមិនដែលនាំទៅព្យាបាលនៅមន្ទីរពេទ្យនោះទេមានតែគ្រូអាចារ្យដែលមានមន្តអាគមស្តោះផ្លុំ ប៉ុណ្ណោះទើបធ្វើឲ្យអ្នកជំងឺវិលមករកសភាព ធម្មតាជាសះស្បើយវិញ ។
ពិធីដែលគេធ្វើពេលនេះគឺមានរៀបចំជាស្លាធម៌ បាយសី បាយស បាយក្រហម នាំគ្នាដង្ហែយកទៅដាក់ក្នុងទឹកទន្លេបណ្តែតទឹកចោល។ ជាមួយគ្នានោះផងដែរក៏មានការអុជផាវផ្ទុះទ្រហឹងពេញភូមិ។ ចំណែកផ្ទះមានចងព័ទ្ធខ្សែអំបោះសីមាការពារផង ដែរ ។
លោក ស៊ឹម បឿន បានបញ្ជាក់ថា ពិធី បែបនេះប្រជាពលរដ្ឋទើបតែធ្វើនៅក្នុងឆ្នាំនេះទេឆ្នាំមុនៗមិនមានធ្វើទេគឺធ្វើតែពិធីឡើងអ្នកតាប៉ុណ្ណោះ ហើយចំពោះឆ្នាំនេះ ដែលបណ្តាលឲ្យមានហេតុការណ៍បែបនេះ ក៏ព្រោះតែមានបញ្ហា៣ចំណុចដែលធ្វើឲ្យប្រជាពលរដ្ឋមានជំនឿ ទី១-ការយកខ្មោច តៃហោងចូលមកក្នុងភូមិ, ទី២-បុណ្យឡើង អ្នកតាមិនសូវមានប្រជាពលរដ្ឋចាស់ៗចូលរួមមានតែក្មេងៗហើយក៏គ្មានអ្នកស្នងរូប ចូលសណ្ឋិត និងទី៣-មិនមានធ្វើពិធីអុំទូក ដូចរាល់ឆ្នាំសែនដល់អ្នកតាទើបធ្វើឲ្យអ្នក តាខឹងសម្បាហើយលែងខ្មោចព្រាយចូលធ្វើបាបប្រជាពលរដ្ឋក្នុងភូមិបែបនេះ ៕ ហេង នរិន្ទ្រ