ព័ត៌មានទាន់ហេតុការណ៍៖

ការិយាល័យបេតិកភណ្ឌនៃការិយាល័យសារមន្ទីរចុះប្រគល់ និងទទួលវត្ថុបុរាណចំនួន២រូបពីប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីជំនាញការិយាល័យ បេតិកភណ្ឌ នៃការិយាល័យសារមន្ទីរចុះប្រគល់ និងទទួលវត្ថុបុរាណចំនួន២ ដុំ/រូប ពីប្រជាពលរដ្ឋដែលបានប្រទះឃើញដោយចៃដន្យនៅពេលប្រកបការងារកសិកម្ម ស្ថិតនៅត្រង់ចំណុចភូមិសាស្រ្ត ឃុំ អំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានមានជ័យ ។

ការប្រគល់ និងទទួលនេះក៏មានការចូលរួមពីសំណាក់មន្ត្រីសាលាស្រុក ប៉ូលីសនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល នាយរងប៉ុស្តិ៍ ម្ចាស់រូបដែលបានប្រទះឃើញ លោកគ្រូ ព្រះចៅអធិការវត្តគោកឪឡោក អាចារ្យ គណៈកម្មការវត្ដ ប្រជាពរលរដ្ឋ ហើយ និងអាជ្ញាធរដែនដីយ៉ាងច្រើនកុះករ ។

រូបដែលបានទទួល និងប្រគល់មានលក្ខណៈ

១ ជាដងខ្លួនទេវរូប ភេទប្រុស មានកម្ពស់ ៥១ សង្ទីម៉ែត្រ និងទទឹង ១៨ សង្ទីម៉ែត្រ ទ្រង់ឈរ ធ្វើពីថ្មភក់ ស្ថិតក្នុងសម័យអង្គរ ( រចនាបថកោះកែរ?) បាត់ព្រះកេស, ព្រះបាទ, ព្រះហស្តខាងឆ្វេងបាក់បាត់ទាំងស្រុង ចំណែកព្រះហស្តខាងស្តាំបាក់បាត់មួយកំណាត់ខាងក្រោម ។

២ ទេវរូប ដាក់តាមកញ្ចាំងប្រាសាទ កម្ពស់ ៤០ សង្ទីម៉ែត្រ ទទឹង ១៤ សង្ទីម៉ែត្រ ធ្វើពីថ្មភក់ ទ្រង់ឈរ ស្ថិតក្នុងសម័យអង្គរ ។ ស្ថានភាពទេវរូបទី២មានភាពសឹករេចរឹលខូចខាត ដោយការសំលៀងវត្ថុរឹង ។

បច្ចុប្បន្នរូបខាងលើត្រូវបានដឹកយកមករក្សាទុក អភិរក្ស នៅក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ដើម្បីធានាសុវត្ថិភាព និងរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិរបស់យើងទាំងអស់គ្នា ៕ ប៉ែន នួន


ចែករំលែក៖