ខេត្តកំពង់ឆ្នាំង ៖ ប្រាសាទថ្នមប្តីដែលបុព្វបុរសខ្មែរកសាងឡើងនៅមុនសម័យអង្គរ មានទីតាំងនៅក្បែរជើងភ្នំទូកមាស ស្ថិតនៅផ្នែកខាងកើតក្នុងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រ ពីទីរួមស្រុកកំពង់លែង ត្រូវជនខិលខូចមកជីកកកាយរកកំណប់បុរាណនិងទីទួលប្រាសាទមានស្មៅ និងព្រៃដុះទ្រុមទ្រុល បាំងបិតតួ ប្រាសាទគ្មានអ្នកថែ ។
ប្រាសាទមួយនេះ ត្រូវបានចាត់ទុកជាសម្បត្តិវប្បធម៌បេតិកភណ្ឌជាតិ មានតម្លៃជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានឡើយ តែពលនេះភ្ញៀវទេសចរមកពីបរទេសទៅលេងកម្សាន្តនៅទីនោះបែរជាស្រងាកចិត្ត ពិតជាគួរឱ្យសោកស្ដាយនៅពេលឃើញ ទីទួលប្រាសាទមានស្មៅ និងព្រៃដុះទ្រុម ហាក់ដូចជាត្រូវគេបោះបង់ចោលនៅលើដីទួលរហោឋាននេះជាយូរមកហើយ ដោយគ្មានអ្នកស្ដាយស្រណោះឡើយ។
អ្នកទៅទស្សនាប្រាសាទនេះបានឲ្យដឹងថា នៅក្នុងតួប្រាសាទផ្នែកខាងជើង ឃើញមានអន្លង់រណ្ដៅមានជម្រៅប្រមាណ១ម៉ែត្រ ដែលជនខិលខូចបានមកជីកកកាយរកកំណប់បុរាណនៅក្រោមប្រាសាទ ហើយរណ្ដៅនេះ បើគេមិនលុបវិញនោះទេ នឹងអាចបង្កឱ្យបាក់ដល់គ្រឹះប្រាសាទមិនខាន។ ដោយឡែក ប្រាសាទ១ទៀតនៅជាប់គ្នាផ្នែកខាងត្បូងក៏ពិនិត្យឃើញមានការបែកបាក់យូរយាមកហើយ និងឃើញមានសសរទ្វារប្រាសាទដែលមានក្បូរក្បាច់រចនាបុរាណទុកនៅរាយប៉ាយ ដូចជាគ្មានការថែទាំទុកដាក់ត្រឹមត្រូវពីក្រុមអភិរក្សឡើយ។
ភ្ញៀវទេសចរ បាន សំណូមពរដល់អាជ្ញាធរឃុំស្រុកនិងមន្ទីរ វប្បធម៌ខេត្ត ដែលជាអ្នកថែរក្សាការពារ និងគ្រប់គ្រងប្រាសាទបុរាណនៅក្នុងខេត្តកំពង់ឆ្នាំងមេត្តាជួយចុះទៅពិនិត្យមើល ដើម្បីជួយមានវិធានការណ៍គ្រប់គ្រងថែរក្សាការពារប្រាសាទថ្នមប្តី១គូនេះ ឱ្យបានគង់វង្សយូរអង្វែង ដើម្បីទុកឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ បានស្គាល់ និងបានសិក្សាស្វែងយល់ អំពីស្នាដៃដូនតាខ្មែរយើងផងចុះ។
ទាក់ទងបញ្ហា នេះ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ បានឱ្យដឹងថា នៅក្នុងស្រុកកំពង់លែងគឺមានឆ្មាំប្រាសាទម្នាក់ដែលមានតួនាទីថែរក្សាការពារប្រាសាទ ដូច្នេះរឿងខាងលើនេះ លោកនឹងបញ្ជាឱ្យឆ្មាំប្រាសាទនោះចុះទៅពិនិត្យមើលជាបន្ទាន់ និងដាក់វិធានការណ៍ម៉ឺងម៉ាត់ឱ្យឆ្មាំរូបនេះ ខិតខំថែរក្សាការពារប្រាសាទថ្នមប្តីខាងលើនេះ ឱ្យបានល្អប្រសើរឡើងវិញមិនឱ្យបាក់បែកខូចខាតដោយសារជនខិលខូចនោះទេ ៕ប្រាថ្នា