ព័ត៌មានទាន់ហេតុការណ៍៖

ករណីលោកចៅក្រម កូយ សៅ មិនឃុំខ្លួនជនជាតិកូរ៉េ៣នាក់ ដែលឆបោកលុយធនាគារ កាថេយូណៃធីត ជាង២លានដុល្លារ ត្រូវអគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ បញ្ជូនសេចក្តីប្តឹងឧទ្ធរណ៍មកប្រធានសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមប្រភពព័ត៍មានពីសាលាឧទ្ធរណ៍ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក មាស សុភក្តិ អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ បានផ្ញើសេចក្តីប្តឹងឧទ្ធរណ៍មួយច្បាប់ មកលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ករណីលោក កូយ សៅ អនុប្រធាននិងជាចៅក្រមស៊ើបសួរ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១៧៦៦ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ សម្រេចមិនឃុំខ្លួនបុរសជនជាតិកូរ៉េ៣នាក់ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ កន្លងមក ក្នុងបទល្មើសសមគំនិតក្នុងអំពើឆបោកនិងក្លែងបន្លំឯកសារ ទឹកប្រាក់ជាង២លានដុល្លារអាមេរិក របស់ធនាគារកាថេយូណៃធីត ។

ទន្ទឹមនេះ លោក វង្ស រដ្ឋា មេធាវីតំណាងដោយអាណត្តិអោយសាជីវកម្មធនាគារកាថេយូណៃធីត បានប្តឹងដកហូតសំណុំរឿងពីលោកចៅក្រមស៊ើបសួរ កូយ សៅ ដែលទទួលដោះស្រាយ ទៅលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ដោយយល់ថា លោក កូយ សៅ មិនអាចផ្តល់ភាពយុត្តិធម៌ដល់កូនក្តីបាន ។

ទោះបីយ៉ាងណា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ភ្នាក់ងារកាសែតនគរវត្ត ពុំទាន់សុំការបញ្ជាក់បន្ថែមពីលោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋាននិងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ ព្រោះទូរស័ព្ទចូលហើយ ត្រូវបានចុចបិទវិញ ទំនងលោកកំពុងជាប់រវល់ ។

ប៉ុន្តែករណីនេះ បើយោងតាមដីកាសម្រេចមិនឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង៣នាក់ , លោកចៅក្រមស៊ើបសួរ កូយ សៅ ក៏សង្កត់ធ្ងន់ផងដែរ ថា “ប្រសិនបើជនត្រូវចោទគេចវេសដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន ស្របតាមមាត្រា២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ” ។

សូមបញ្ជាក់ថា យោងតាមពាក្យសុំអន្តរាគមន៍ប្តឹងឧទ្ធរណ៍ ទៅលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ក្នុងកម្មវត្ថុ “សុំអន្តរាគមន៍ ដើម្បីប្តឹងឧទ្ធរណ៍នឹងដីការបស់លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចមិនឃុំខ្លួនបណ្តោះអាសន្នលើជនជាតិកូរ៉េ៣នាក់ ក្នុងបទល្មើសសមគំនិតក្នុងអំពើឆបោកនិងក្លែងបន្លំឯកសារ ទឹកប្រាក់ជាង២លានដុល្លារអាមេរិក” ។

នេះបើយោងតាមពាក្យសុំអន្តរាគមន៍ ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ពាក្យសុំអន្តរាគមន៍ប្តឹងឧទ្ធរណ៍ ទៅលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ , លោកមេធាវី វង្ស រដ្ឋា បានអះអាងយ៉ាងដូច្នេះ ថា ៖

សំណើសុំអន្តរាគមន៍ ដើម្បីប្តឹងឧទ្ធរណ៍នឹងដីកាដូចខាងក្រោម ៖

១. ដីកាសម្រេចមិនឃុំខ្លួនបណ្តោះអាសន្នលេខ ៧៨០៧ ម.ជ.ព.ស ចុះថ្ងៃ

ទី១០ ខែតុលា ឆ្នាំ២០១៩ និងដីកាសម្រេចឲ្យដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលេខ ៧៨០៨ ដ.ព.ស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លើជនត្រូវចោទឈ្មោះ ចូ ដុងល្បឿន (CHO DONG YOEN) ។

២. ដីកាសម្រេចមិនឃុំខ្លួនបណ្តោះអាសន្នលេខ ៧៨០៣ ម.ជ.ព.ស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ និងដីកាសម្រេចឲ្យដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលេខ៧៨០៤ ដ.ព.ស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លើជនត្រូវចោទឈ្មោះ ចូ សាំងធូល(CHO SANG CHOEL) ។

៣. ដីកាសម្រេចមិនឃុំខ្លួនបណ្តោះអាសន្នលេខ ៧៨០៥ ម.ជ.ព.ស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ និងដីកាសម្រេចឲ្យដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ លេខ៧៨០៦ ដ.ព.ស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លើជនត្រូវចោទឈ្មោះ ចូ ហ្វីបឿន ((CHO KW YEUN)) ។

លោកចៅក្រមស៊ើបសួរ កូយ សៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានទទួលដោះស្រាយក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៧៦៦ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ របស់សាលាដំបូងរាជធានីរាជធានីភ្នំពេញ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ១៥៥៧ អយត ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ដែលបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើ ៖

១. ឈ្មោះ ហ្វូ វៃគូ (FOO WEI KUO) ភេទប្រុស ជនជាតិសិង្ហបុរី ពីបទ ឆបោក និងក្លែងបន្លំឯកសារ កិច្ចសន្យាប្រព្រឹត្តនៅអគារលេខ ៦៨ ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣ តាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៦២៦ និងមាត្រា ៦២៧ នៃក្រមព្រហ្មទណ្ឌ ។

២. ឈ្មោះ ចូ ហ្វីញើន (CHO KWLYEUN) ភេទប្រុស អាយុ៥៥ ឆ្នាំ ជនជាតិកូរ៉េ ។

៣. ឈ្មោះ ចូ ដុងល្បឿន (CHO DONG YOEN) ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិកូរ៉េ ។

៤. ឈ្មោះ ចូ សាំងធូល (CHO SANG CHOEL) ភេទប្រុស អាយុ៥០ ឆ្នាំ ជនជាតិកូរ៉េ ពីបទសមគំនិតក្នុងអំពើឆបោក និងក្លែងបន្លំឯកសារ(កិច្ចសន្យាប្រព្រឹត្តនៅអគារលេខ ៦៨ ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកក្កដាដល់ថ្ងៃទី០៦ ខែសីហាឆ្នាំ២០១៣ តាមបញ្ញត្តិមាត្រា២៩ មាត្រា៣៧៧ មាត្រា ៣៧៨មាត្រា ៦២៦ និងមាត្រា ៦២៧ នៃក្រមព្រហ្មទណ្ឌ ។

ក្រោយពីទទួលចាត់ការសំណុំរឿងខាងលើមក ឃើញថា ចំណាត់ការសំណុំរឿងខាងលើមានភាពយឺតយ៉ាវខ្លាំង រហូតមកដល់ពេលនេះរយៈពេលប្រហែល១ឆ្នាំ ៥ខែហើយ តែសំណុំរឿងនេះនៅមិនទាន់បញ្ចប់នៅឡើយ ។

ពិសេសជាងនេះទៅទៀត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លោកចៅក្រម ធ្វើការសាកសួរជនត្រូវចោទទាំងបីខាងលើ ប្រើរយៈពេល តែកន្លះថ្ងៃតែប៉ុណ្ណោះ ។ ជាងនេះទៅទៀត ការសាកសួរជនត្រូវចោទ ចូ ហ្វីបឿន (CHO KWI YEUN) ប្រើរយៈពេលតែពីរនាទី ក៏បញ្ចប់ហើយក៏ចាប់ផ្តើមសាកសួរជនត្រូវចោទCHO SANG CHEOL បន្ត ។ ម្យ៉ាងវិញទៀត ការតាំងសួររបស់លោកចៅក្រមស៊ើបសួរ ក៏ពុំបានលម្អិត អង្គហេតុដែលលើកឡើងដោយដើមបណ្តឹងរដ្ឋប្បវេណី និងតំណាងអយ្យការដែរ ដោយសារសំណុំរឿងនេះមានលក្ខណៈស្មុគស្មាញ និងបង្កឲ្យមានព្យសនកម្មមានលក្ខណៈធំធេងដល់ដើមបណ្តឹងរដ្ឋប្បវេណី គប្បីលោកចៅក្រមបញ្ជាក់លម្អិត ដើម្បីរកយុត្តិធម៌ដល់ដើមបណ្តឹងរដ្ឋប្បវេណី ។

លោកមេធាវី វង្ស រដ្ឋា បន្តថា មួយវិញទៀត ក្នុងសំណុំរឿងនេះឃើញថា ជនត្រូវចោទទាំងបីខាងលើ ពុំសូវសហការចូលបង្ហាញខ្លួនតាមដីការបស់តុលាការ នៅពេលមានការកោះហៅម្តងៗឡើយ តាំងពីនីតិវិធីនៅនគរបាលយុត្តិធម៌ រហូតដល់តុលាការ បែរជាលោកចៅក្រមសម្រេចឲ្យដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តែពីរចំណុចប៉ុណ្ណោះគឺ ៖

១. ត្រូវឆ្លើយតបនឹងដីកាកោះហៅរបស់តុលាការគ្រប់ពេលវេលា ។

២. ហាមមិនឲ្យផ្លាស់ប្តូរទីលំនៅបច្ចុប្បន្នដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ហើយកាតព្វកិច្ចដទៃទៀត លោកចៅក្រមពុំបានបង្គាប់ឡើយ ពិសេសកាតព្វកិច្ច ដែលធានាវត្តមានរបស់ជនត្រូវចោទ គឺការបង្ហាញខ្លួនតាមការកំណត់នៅអង្គភាពនគរបាល ឬកងរាជអាវុធហត្ថដែលចាត់តាំងដោយចៅក្រមស៊ើបសួរ ក៏ពុំមានដែរ ។ ជាងនេះទៅទៀត អ្វីដែលកូនក្តីលោកមេធាវី វង្ស រដ្ឋា មានការងឿងឆ្ងល់នោះគឺថា តើលោកចៅក្រមសម្រេចមិនឃុំខ្លួនជនត្រូវចោទខាងលើជាបណ្តោះអាសន្ន និង ដីកាសម្រេចអោយដាក់ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ធ្វើឡើងនៅថ្ងៃសុក្រ ១៣ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ឬនៅថ្ងៃព្រហស្បតិ៍ ១២ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ពីព្រោះក៏ក្នុងដីកាសម្រេរបស់តុលាការមានខ្លះសរសេរថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ និងមានខ្លះសរសេរថ្ងៃទី១០ខែតុលា ឆ្នាំ២០១៩ តែធ្វើនៅថ្ងៃសុក្រ ១៣ កើត ខែអស្សជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦ទៅវិញ ។

ដោយសារដំណើរការនីតិវិធីមានការយឺតយ៉ាវ និងការស៊ើបសួរពុំសូវម៉ត់ចត់ខាងលើ ធ្វើឲ្យកូនក្តីរបស់លោកមេធាវី វង្ស រដ្ឋា បារម្ភថា លោកចៅក្រមស៊ើបសួរអាចនឹងលើកលែងការចោទប្រកាន់ដល់ជនត្រូវចោទខាងលើជាយថាហេតុ ។

ហេតុផលទាំងអស់ខាងលើបានធ្វើឲ្យកូនក្តី របស់លោកមេធាវី វង្ស រដ្ឋា មិនមានជំនឿចិត្តថា លោកចៅក្រមអាចរកយុត្តិធម៌ឲ្យកូនក្តី ហើយបានសំណូមពរឲ្យមេធាវី ប្តឹងដកហូតសំណុំរឿងពីលោកចៅក្រម តាមពាក្យបណ្តឹងដកហូតសំណុំរឿង ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Nuri Trust ដែលមានទីតាំងស្ថិតតាមមហាវិថីព្រះមុនីវង្ស ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលក្រុមឆបោកទាំងនេះ ជ្រកកោននោះ ឥឡូវនេះបានរុះរើចេញអស់ហើយ ៕ ចេស្តា


ចែករំលែក៖