ខេត្តសៀមរាប៖ សំណង់ស្ពានឈើខ្វាត់ខ្វែងនៅក្នុងប្រាសាទបេងមាលា ប្រវែង២១៥ម៉ែត្រ (រាប់ទាំងជណ្តើរ) ដែលសង់ថ្មីជំនួសស្ពានឈើចាស់ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុន ខាំ សុម៉េត បានបញ្ចប់គម្រោងជាស្ថាពរហើយ កាលពីខែឧសភា ឆ្នាំ២០១៩ កន្លងមកនេះ ។ ស្ពាននេះ បានបង្កើតនូវភាពទាក់ទាញជាខ្លាំង ដល់ទេសចរគ្រប់ជាតិសាសន៍ ក្នុងការផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រាសាទ និងផ្តល់ភាពងាយស្រួលក្នុងការទស្សនាសំណង់ស្ថាបត្យកម្មខ្មែរដ៏ធំមួយនេះ ។
លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឲ្យដឹងថា ភាពទាក់ទាញនៃប្រាសាទបេងមាលា គឺសំណង់ស្ថាបត្យកម្មដ៏មហិមារំលេចទៅដោយក្បូរក្បាច់រចនាសម្បូរបែបរួមផ្សំនឹងភាពសុខដុមរមនារវាងប្រាសាទ និងធម្មជាតិដែលរក្សានូវភាពដើមរបស់ប្រាសាទរួមនឹងវត្តមានស្ពានឈើ ដ៏វែងជួយសម្រួលដល់ការទស្សនារបស់ភ្ញៀវ ។
កត្តាទាំងនេះហើយដែលប្រាសាទបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិក្នុងរដូវភ្ញៀវតិចពី១៥០០០នាក់ទៅ៣០០០០នាក់ និងរដូវភ្ញៀវច្រើនពី៣០០០០នាក់ដល់ជាង៤០០០០នាក់ ។ ចំណែកប្រវត្តិនៃស្ពានឈើនេះវិញ គឺបានសង់ឡើងនៅឆ្នាំ២០០២ដោយក្រុមហ៊ុនភាពយន្តអន្តរជាតិមួយដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាក្នុងការថតរឿងនៅក្នុងប្រាសាទបេងមាលា ដើម្បីងាយស្រួលជញ្ជូនឧបករណ៍ថតកុនដែលមានទម្ងន់ធ្ងន់ៗ ។ ក្រោយបញ្ចប់ការថត អាជ្ញាធរជាតិអប្សរាបានថែរក្សា និងជួសជុលស្ពាននេះបន្តបន្ទាប់រហូតដល់សព្វថ្ងៃ ដើម្បីឲ្យភ្ញៀវទេសចរងាយស្រួលក្នុងការទស្សនាប្រាសាទ ។
លោកបណ្ឌិត រដ្ឋា បន្តថា ស្ពានឈើក្នុងប្រាសាទបេងមាលាមានប្រវែងសរុប២៩៥ម៉ែត្រ ធ្លាប់ធ្វើការជួសជុលបីលើករួចមកហើយ គឺនៅឆ្នាំ២០០៥ ២០០៨ និង២០១៥ ។ ថ្មីៗនេះ ដោយសារស្ពានចាស់មានសភាពទ្រុឌទ្រោម ដោយកត្តាអាយុកាល គុណភាពឈើ អាកាសធាតុ ធ្វើឲ្យស្ពានពុកផុយអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវ ពិសេសស្ពានមានទំហំតូច ចង្អៀតមិនសមនឹងកំណើនទេសចរ ទើបអាជ្ញាធរជាតិអប្សរាដោយសហការជាមួយក្រុមហ៊ុន ខាំសុម៉េត បានសម្រេចធ្វើការរុះរើ និងសាងសង់ថ្មីប្រវែង២១៥ម៉ែត្រលើប្រវែងសរុប និងគ្រោងចំណាយពេលបីខែក្នុងការសាងសង់តែដោយសារការផ្គត់ផ្គង់ឈើមានការយឺតយ៉ាវ ទើបពន្យាពេលរហូតដល់ដល់០៧ខែ (តុលា ២០១៨ ដល់ ឧសភា ២០១៩) ទើបបញ្ចប់ ។ ស្ពាននេះចំណាយឈើអស់៨៣ម៉ែត្រគូប ដែលធ្វើពីឈើគគីរ ផ្ចឹក និងរាំង មានការរចនាស្អាត រឹងមាំអាចធន់បានរហូតដល់ជាង១០ឆ្នាំ ថែមទាំងបានពង្រីកទំហំពី៨០សង់ទីម៉ែត្រទៅ១.៥០ម៉ែត្រ ដើម្បីទេសចរងាយស្រួលដើរទស្សនាទៅវិញទៅមក ។
ចំពោះបច្ចេកទេសនៃការធ្វើស្ពានឈើថ្មីជំនួសស្ពានចាស់វិញ លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរឲ្យដឹងថា ក្រុមការងារបានគណនាយ៉ាងល្អិតល្អន់ពីកម្រាស់ និងទំហំឈើដើម្បីធានាដល់សុវត្ថិភាពភ្ញៀវ ពង្រឹងរចនាសម្ពន្ធស្ពានដោយរៀបចំគ្រឿងបង្គំសំណង់ទៅតាមបទដ្ឋានបច្ចេកទេស ។ ចំណែកការភ្ជាប់ឈើ គឺប្រើប៉ូឡុងសម្រាប់មួលភ្ជាប់ដែលធានាគុណភាពជាប់ជាងដែកគោល ពិសេសងាយស្រួលក្នុងការជួសជុលពេលក្រោយ ។ ក្នុងនោះដែរ ដើម្បីការពារសំណង់ស្ពានឲ្យនៅបានយូរ ក្រុមការងារក៏បានប្រើថ្នាំការពារសត្វល្អិតចង្រៃលាបសាច់ឈើផងដែរ ។
លោកមន្ត្រីបច្ចេកទេសរូបនេះបន្តទៀតថា ក្រៅពីសោភ័ណភាពប្រាសាទ និងសុវត្ថិភាពនៃភ្ញៀវទេសចរ អ្នកជំនាញក៏បានគិតគូរខ្ពស់ដល់ការអភិរក្សប្រាសាទផងដែរ គឺធ្វើទៅតាមគំរូប្លង់ និងបទដ្ឋានបច្ចេកទេសដែលសិក្សារួចមកហើយ ។ បើកន្លែងណាប៉ះថ្ម គឺត្រូវរំកិលថ្មចេញដោយមានការសម្រង់ប្លង់មុននឺងប្តូរទីតាំង តែបើមិនអាចកំរិលថ្មចេញបាន គឺប្រើសំបកកង់ឡាន កង់ម៉ូតូទ្រាប់កុំឲ្យឈើសង្កត់លើថ្មផ្ទាល់ ហើយជំនួសឲ្យការជីកដីទៅក្រោមដើម្បីរក្សាលំនឹងស្ពាន អ្នកជំនាញបានប្រើជើងតាងបេតុងដើម្បីបណ្តុះសរសរ និងទ្រលំនឹងស្ពាន ។ កិច្ចការទាំងនេះ គឺរក្សាបានទាំងសោភ័ណភាព គុណភាពសំណង់ និងការអភិរក្សបុរាណដ្ឋានប្រកបដោយចីរភាព៕ ប៊ុនរិទ្ធី