ព័ត៌មានទាន់ហេតុការណ៍៖

រណ្ដៅដីមួយកន្លែង ត្រូវបានមន្រ្ដីចម្រុះចុះបិទ ដោយសារគ្មានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត ចុះតើរណ្ដៅផ្សេងទៀតមានអាជ្ញាប័ណ្ណមែនទេ បានជាមិនឃើញចុះឃាត់?

ចែករំលែក៖

ខេត្តសៀមរាប៖ មន្រ្ដីចម្រុះនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យ និងឈានដល់ការបិទការដ្ឋានជីករណ្តៅដីមួយកន្លែង នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

បើតាមការឃ្លាំមើលពីប្រជាពលរដ្នបានឲ្យដឹងថារណ្ដៅដីនេះបានដំណើរការជីកយកអាចម៍ដីលក់ជាយូណាស់មកហើយ ប៉ុន្តែមន្ត្រីខេត្តសៀមរាបទើបភ្ញាក់រលឹកចុះទៅបិទទីតាំងនេះក្នុងករណីម្ចាស់ការដ្ឋានមិនអនុវត្តតាមសេចក្តីសម្រេចរបស់អាជ្ញាធរមានសមត្ថកិច្ចទើបមានវិធានការតាមនីតិវិធីច្បាប់ជាធរមាន ។

ក្រុមមន្ត្រីជំនាញបានអះអាងថា ការដ្ឋាននេះ បានបំពាន ទី១ បានជីកដីមានជម្រៅហួសការកំណត់ និងគ្មានអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាត , ទី២ មិនធ្វើតាមការណែនាំពុំបានព័ទ្ធរបងជុំវិញរណ្តៅដីក្នុងការដ្ឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវ,ទី៣ ការដឹកជញ្ជូនដីដោយមិនគ្របតង់កៅស៊ូឲ្យបានត្រឹមត្រូវ , រីឯច្រកចេញចូលការដ្ឋាន ក៏ពុំមានការស្រោចទឹកជាប្រចាំ ដែលជាហេតុបង្កឲ្យមានការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញទីតាំងការដ្ឋាននោះ ។

ទន្ទឹមនឹងការចុះបិទទីតាំងការដ្ឋានជីករណ្តៅដីមួយកន្លែងនេះ ក៏នៅមានទីតាំងជាច្រើនកន្លែងកម្រឃើញ អាជ្ញាធរជំនាញពាក់ព័ន្ធចុះបង្ក្រាបណាស់ ដូចជានៅខាងជាយក្រុងខាងលិច ក្រុងសៀមរាប មានការដ្ឋានជីករណ្ដៅដី គ្មានអាជ្ញាប័ណ្ណជាច្រើនទៀត មិនឃើញចុះទៅបិទនោះទេ ហើយការដឹកជញ្ជូនដីនោះ បានបំផ្លិចបំផ្លាញផ្លូវថ្នល់គ្មានសល់ នៅតាមមូលដ្ឋាន ។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងលោក ស៊ូប្លាតុង អភិបាលស្រុកប្រាសាទបាគង មិនអាចសុំការបកស្រាយបានទេ រហូតមកដល់ ថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០១៩ ទោះបីយើងខំ និងព្យាយាមផ្ញើរូបភាព និងអត្ថបទ បញ្ជាក់តាម ប្រព័ន្ធតេលេក្រាមក៏ដោយ ពាក់ព័ន្ធ នឹង សំណួរសួរថា តើរណ្ដៅដីដែលបានចុះចាប់នោះ ជារបស់អ្នកណា ហេតុអីមិនបញ្ចេញឈ្មោះ ? និងតើរណ្ដៅដីផ្សេងទៀត មានអាជ្ញាប័ណ្ដដែរឬទេ បានជាមិនឃើញចុះឃាត់ ?

ជុំវិញករណីនេះ មានប្រភពរិះគន់ជាច្រើនថ្លែងថា លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប គឺជាអ្នកបណ្ដែតបណ្ដោយឲ្យឈ្មួញ ជីករណ្ដៅដីហួសច្បាប់កំណត់ ។

តែនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប បានឲ្យដឹងថា ការជីករណ្ដៅដីជ្រៅចាលក្បាលប្រែត នោះប្រហែលជាគេជីកចាក់សំរាម ត្រង់សួរថា រណ្ដៅដីណាមានអាជ្ញាប័ណ្ណ ឬអត់នោះ ទាល់តែឲ្យមន្រ្ដីចុះមើលសិន ៕ ប៊ុនរិទ្ធី


ចែករំលែក៖