ខេត្តឧត្ដរមានជ័យ៖ បុរាណវត្ថុដែលរក្សាទុកជាច្រើនឆ្នាំដោយមិនមានការយកចិត្តទុកដាក់ប្រឈមនឹងការខូច ។
នៅថ្ងៃ៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារបុរាណវិទ្យារបស់នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវទ្យា នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយក្រុមការងារបុរាណវិទ្យានិងមន្រ្តីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានចុះត្រួតពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ បញ្ហាប្រឈមចំពោះបុរាណវត្ថុមួយចំនួននៅវត្តគូ ក្នុងភូមិគូ ឃុំកោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលរៀបចំទុកដាក់មិនបានត្រឹមត្រូវនៅកន្លែងមានសំណើមខ្លាំងធ្វើឱ្យវត្ថុឆាប់ពុកផុយ ឈានទៅរកការបាត់បង់យ៉ាងឆាប់រហ័ស ។
ដោយឃើញសភាពបែបនេះ ក្រុមការងាររៀបចំឡើងវិញ ដោយប្រមូលវត្ថុទាំងនោះ មកបែងចែកតាមប្រភេទ កត់ត្រាទិន្នន័យរបស់វត្ថុ ហើយរៀបចំទុកដាក់ក្នុងកេសមានគម្របដើម្បីយកមកទុកកន្លែងមានសុវត្ថិភាព ផុតពីភ្លៀង សំណើម ពន្លឺថ្ងៃ ដើម្បីធានាដល់ការគង់វង្ស និងមិនខូចខាតពុកផុយបន្តទៀត ៕ ប៉ែន នួន