ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសត្វទន្សោងនៅតាមផ្លូវចូលភូមិ អ្នកបរិស្ថានស្នើឲ្យមានការចូលរួមថែរក្សា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ កាលពីថ្មីៗនេះ សត្វទន្សោងមួយក្បាលត្រូវបានប្រជាពលរដ្ឋថតបានតាមផ្លូវធ្វើដំណើរ ចំនុចផ្លូវលំចូលទៅកាន់ភូមិអន្ទ្រងសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលធ្វើឲ្យក្រុមអ្នកការពារបរិស្ថាន និងមន្ត្រីជំនាញអភិរក្សសត្វព្រៃ មានការសប្បាយចិត្តជាខ្លាំងអំពីវត្តមាននៃសត្វព្រៃកម្រនេះ។

យ៉ាងណាក៏ដោយ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា រូបភាពសត្វទន្សោងដែលត្រូវគេថតបានកាលពីសប្តាហ៏មុននេះ បើតាមការពិនិត្យមើលទៅឃើញថា វាកំពុងឈឺជើង ដែលអាចបណ្តាលមកពីជំងឺអ៊ុតក្តាម ឬវាជាប់អន្ទាក់តែរើសរួច… ប៉ុន្តែខែនេះភាគច្រើនគឺវាកើតជំងឺអ៊ុតក្តាម ហើយបើមានការបរបាញ់យកសាច់វាទៅបរិភោគ នឹងធ្វើឲ្យឆ្លងជំងឺទៅមនុស្សប៉ះពាល់សុខភាពជាក់ជាមិនខាន។

ទោះជាយ៉ាងណាក៏ដោយ លោក កែវ សុភគ៌ ស្នើរដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវបរបាញ់សត្វព្រៃឡើយ ព្រោះជាទង្វើខុសច្បាប់ និងសូមចូលរួមថែរក្សាការពារពពួកសត្វព្រៃកម្រទាំងនេះ ដើម្បីជីវចម្រុះរបស់ប្រទេសយើង ។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានពិពណ៌នាថា ទន្សោងក្មេងមានសម្បុរក្រហមត្នោតស្រាលវាប្រែប្រួលទៅជាពណ៌ក្រហមត្នោតប្រផេះ ឬក្រហមត្នោតចាស់នៅពេលវាចំណាស់បន្តិច។ ជើងទាំងបួនខាងក្រោមជង្គង់មានពណ៌សដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែវាមានចំនុចមួយដែលប្លែកពីគេ គឺពណ៌សនៅផ្នែកខាងក្រោយត្រង់កំពែងគូទ ។

ស្នែងទន្សោងមានរាងមូលជាងស្នែងខ្ទីងមានពណ៌លឿងស្រគាំនៅផ្នែកពាក់កណ្តាលចុះក្រោមហើយចុងស្នែងពណ៌ខ្នៅ។

ទន្សោងចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោតជាដើម និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ វាមិនសូវរស់នៅតំបន់មានទីជម្រាលទេ។ វាចូលចិត្តរស់នៅជាហ្វូងៗ ឬនៅជាមួយគោព្រៃ ប្រើសខ្ទីងជាដើម។ ទន្សោងចេញរកស៊ីនៅពេលព្រលឹមនិងពេញព្រលប់។ ជាធម្មតាទន្សោងមេចាស់ជាងគេតែងតែជាអ្នកដឹកនាំហ្វូង។

ទន្សោងបន្តពូជនៅខែឧសភា ដល់មិថុនានិងអាចបង្កើតកូនបាន១-២ ក្បាលបន្ទាប់ពីពពោះរយៈពេល ១០ ខែ ហើយមេអាចដោយឈ្មោលម្តងទៀតក្រោយពេលកើតកូនបាន ២ ខែ ។

សម្រាប់ទីជម្រករបស់វា គឺរាយប៉ាយស្ទើរគ្រប់ទីកន្លែងមានដូចជា តំបន់ភូមិភាគឦសាន និរតី និង ភាគខាងជើង នៃប្រទេសកម្ពុជា។ វាមានផងដែរនៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និង ថៃ។

ទន្សោងជាប្រភេទមួយដែលទទួលរងនូវការគំរាមកំហែង យ៉ាងខ្លាំងពីការបរបាញ់ខុសច្បាប់ដើម្បី យកសាច់និងស្នែង ។ បច្ចុប្បន្ន ទន្សោងមានដោយកម្រនៅតំបន់ភាគច្រើន។ ទន្សោងស្ថិតក្នុងក្រុមប្រភេទសត្វមានដោយកម្រ និងចុះក្នុងបញ្ជីក្រហម IUCN (EN) ថា ជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ៕​ ហេង សូរិយា


ចែករំលែក៖