ព័ត៌មានទាន់ហេតុការណ៍៖

ចិនម្នាក់ស្រវឹងស្រាដល់ក បើករថយន្តស៊េរីទំនើបបុកទ្រូងផ្លូវនៅក្នុងមជ្ឈម​ណ្ឌលកោះពេជ្រ ក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនជាជនជាតិចិនម្នាក់ បានស្រវឹងស្រាជាខ្លាំង ហើយបើករថយន្តស៊េរីទំនើប មេកស័រដេស ទៅបុកទ្រូងផ្លូវនៅមជ្ឈមណ្ឌលកោះពេជ្រ បណ្ដាលឲ្យបាក់បែកអស់ជាច្រើនកង់ និងក្រឡាប់ផ្ងារជើងមួយចំហៀងរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡើយ ។​

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០១៩ នៅតាមបណ្ដោយផ្លូវកោះពេជ្រ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។​

តាមសម្ដីសន្តិសុខដែលប្រចាំការនៅក្បែរកន្លែងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក មេកស័រដេស GL350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-7698 បើកបរដោយយុវជនម្នាក់ជាជនជាតិចិន និងស្រវឹងស្រាឡើងជោកជាំផង ក្នុងល្បឿនលឿនផង ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់បែកចំនួន៧កង់ ឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងមួយចំហៀងខូចខាតយ៉ាងដំណំ តែអ្នកបើកបរមិនរងរបួសនោះឡើយ ។​

ក្រោយកើតហេតុ តៃកុងរថយន្តបង្កបានទាក់ទងទៅមិត្តភ័ក្ត្រឲ្យមកទទួលដែរ តែត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង និងធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖