ខេត្តស្ទឹងត្រែង៖ សត្វត្រយងដែលជិតផុតពូជនោះ កំពុងរងនូវការគំរាមកំហែងដ៏ច្រើន ហើយក្រុមអ្នកអភិរក្សសត្វព្រៃកំពុងមាន ការព្រួយបារម្ភអំពីការរស់រានរបស់ប្រភេទសត្វទាំងនេះ ដែលមានរស់នៅក្នុងប្រទេសកម្ពុជា ។
សព្វថ្ងៃនេះ សត្វត្រយង មួយចំនួនមានគេអះអាងថា មានវត្តមាននៅលើដីកោះស្រឡាយ ស្រុកសៀមបូក នៅភាគខាងលិច នៃខេត្តស្ទឹងត្រែង ។
យោងតាមលោក ចៅ ឡេងថុល ដែលជាមន្ត្រីរបស់ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ហៅកាត់ថា ACCB មានទីតាំងនៅក្រុងស្ទឹងត្រែង) បានឲ្យដឹងថា ការធ្វើជំរឿនថ្នាក់ជាតិ គឺចាប់អនុវត្តនៅក្នុងរដូវវស្សា ដោយសហការជាមួយអង្គការផ្សេងៗទៀតមានដូចជា អង្គការ Birdlife International Cambodia, អង្គការ WCS, អង្គការ WWF រូមជាមួយនឹង ដៃគូរាជដ្ឋាភិបាលពាក់ព័ន្ធផ្សេងៗទៀត ។
លោក ចៅ ឡេងថុល បានបង្ហើបប្រាប់ឲ្យដឹងទៀតថា នៅពេលដែលចំនួននៃសត្វត្រយង ហាក់ដូចជាធ្លាក់ចុះនៅក្នុង តំបន់ផ្សេងៗទៀតនៃប្រទេសកម្ពុជាយើង សត្វប្រភេទនេះវារស់នៅជាហ្វូងផ្តុំគ្នា ហើយមានក្តីសង្ឈឹម រស់នៅលើដីកោះ ក្នុងឃុំកោះស្រឡាយ ដែលថ្មីៗនេះខាងអង្គការរបស់លោកបានថត នឹងរាប់ ឃើញចំនួន៣៨ក្បាលហើយសត្វត្រយងចំ កំពុងឋិតក្នុងការតាមដាន អភិរក្សរបស់អង្គការរួមនឹងមន្ត្រីជំនាញផងដែរ ។
បើតាមលោក ណុប បូរ៉ាត ជានាយកសាលាភូមិស្មាកោះ ឃុំកោះស្រឡាយ នឹងប្រជា ពលរដ្ឋដែលរស់នៅទីនោះ បានប៉ាន់ប្រមាណឃើញថា មានសត្វ ត្រយង ប្រហែលជា៥០ក្បាល ។
ឃុំកោះស្រឡាយ ស្រុកសៀមបូក មានភូមិសាស្រ្តព្រៃឈើដែលមានការអភិរក្ស ពីសហគមន៍នៅតំបន់ខាងលើ ទើបធ្វើឲ្យសត្វរាប់រយប្រភេទ រួមទាំងសត្វត្រយង ពីរប្រភេទ កំពុងតែរស់នៅទីនោះ ។ សត្វត្រយងត្រូវគេចាត់ទុកថា គឺជាប្រភេទសត្វដ៏កម្រជិតផុតពូជទៅហើយនៅក្នុងប្រទេសកម្ពុជា ហើយមានចំនួនប្រហែល ជា៩៥%នៃចំនួនដែលនៅសល់ទូទាំងសកលលោក ហើយមានរស់នៅតាមតំបន់ដែលមានព្រៃធម្មជាតិ និងអំណោយផលក្នុងការរកចំណី ។
ចំណីដែលសត្វនេះស៊ី គឺជាប្រភេទសត្វល្អិត ខ្យង ខ្ចៅ អន្ទង់ ត្រីតូចៗ និងពស់តូចៗ ជាដើម ហើយក្នុងមួយឆ្នាំ វាបន្តពូជតែម្តងប៉ុណ្ណោះ គឺក្នុងខែកុម្ភៈ ដល់ខែឧសភា ដោយមួយសំបុក មានពងពី១ ទៅ៣ពងតែប៉ុណ្ណោះ វាចូលចិត្តធ្វើសំបុកនៅលើដើមឈើធំៗខ្ពស់ៗ និងឈើដែលមិនសូវមានស្លឹក ស៊ុបទ្រុបនោះដែរ ហើយវាច្រើនរស់នៅតាមដងទន្លេដីវាល វាលស្មៅ ងាយស្រួលដល់ការរកចំណីរបស់វាផងដែរ ។
ក្រុមអ្នកអភិរក្សកំពុងមានការព្រួយបារម្ភ ពីការបាត់បង់ជិតផុតពូជរបស់សត្វដ៏កម្រនេះ ហើយជាពិសេសដោយសារតែសត្វដ៏កម្រទាំង នេះមានវត្តមានតែនៅក្នុងភូមភាគឦសាន ក្នុងខេត្តស្ទឹងត្រែងយើងនេះ ។
លោក ចៅ ឡេងថុល បានជុំរុញដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំប្រមាញ់ សត្វទាំងនោះលក់ ឬធើ្វម្ហូប ត្រូវចូលរួមការពារសត្វស្លាបកម្រជិតផុតពូជទាំងនេះឲ្យបានគង់វង្សទុកដល់កូនចៅជំនាន់ក្រោយបានស្គាល់ និងបានសិក្សា ស្រាវជ្រាវផង ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ធ្វើការផ្តោតលើការការពារជីវៈចម្រុះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមជ្ឈមណ្ឌលនេះមានមណ្ឌលអភិរក្ស និងសង្រ្គោះសត្វព្រៃ ដែលស្ថិតនៅភូមិក្បាលស្ពាន ក្នុងខេត្តសៀមរាប ។
មជ្ឈមណ្ឌលនេះ សង្រ្គោះ និងស្តារនីតិសម្បទាសត្វព្រៃ ដោយព្រលែងពពួកសត្វទាំងនោះឲ្យចូលទៅរស់នៅក្នុងទីជម្រកព្រៃធម្មជាតិវិញ ៕ មាស សុផាត