ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ បានបញ្ចូនខ្លួនស្ត្រីជាជនសង្ស័យពាក់ព័ន្ធនិងសំណុំរឿងរៀបចំគម្រោងសម្លាប់ប្តីទៅតុលាការ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០១៩នេះ ។
គួររំលឹកថាស្ត្រីសង្ស័យខាងលើត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ បន្ទាប់ពីរៀបគម្រាងជាមួយសាហាយ បាញ់សម្លាប់ប្តីជាគ្រូបង្រៀននៅខណ្ឌសែនសុខ ។
ដូចពាក្យចាស់ថា “ឈាមស្រែកស្បែកហៅ”មិនខុសមែន ខណៈដែលស្រ្តីម្នាក់បានរៀបចំផែនការជាមួយសាហាយរបស់ខ្លួន ធ្វើសកម្មភាពបាញ់សម្លាប់បុរសជាប្តី បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចតាមផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មូញ ខណ្ឌសែនសុខនោះ ឥឡូវត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានស្រាវជ្រាវបំបែកសំណុំរឿងករណីឃាតកម្មនេះបានហើយ ។ ដោយកម្លាំងជំនាញឃាត់ខ្លួនស្រ្តីម្នាក់ជាប្រពន្ធ (ជាអ្នករៀបផែនការ) ចំណែកជនដៃដល់បានគេចខ្លួនបាត់ ខណៈដែលសមត្ថិច្ចកំពុងស្វែងរកចាប់ខ្លួន ។
លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង បានឱ្យដឹងថាកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងម្នាក់ទៀតបានរត់គេចខ្លួនបាត់បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ។
ជនសង្ស័យមានគ្នា២នាក់ ម្នាក់ឈ្មោះ ឃឿង ស៊ីហ៊ន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២ ផ្លូវ២១០ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ត្រូវជាប្រពន្ធជនរងគ្រោះ) ចំណែកជនដៃដល់ឈ្មោះ មករា ជាសង្សារចាស់របស់ជនសង្ស័យ(គេចខ្លួន) ។ ជនរងគ្រោះឈ្មោះ រឿន រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្រូបង្រៀននៅវិទ្យាល័យទួលប្រសាទសែនសុខ ស្នាក់នៅផ្ទះលេខ២ ផ្លូវ២១០ ភូមិសែនសុខ៥ សង្កាត់ឃ្មូញ ខណ្ឌសែនសុខ (ត្រូវគ្រាប់ចំពោះខាងឆ្វេងស្លាប់) ។
លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានបញ្ជាក់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៦ និង១៨នាទីព្រលប់ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ដឹកមិត្តស្រីរបស់ខ្លួនចេញពីភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មកផ្ទះជួលរបស់មិត្តស្រីស្ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។ លុះដល់ម៉ោង១០ និង៣០នាទីយប់ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះជួលរបស់មិត្តស្រី មកផ្ទះរបស់ខ្លួនវិញ ស្ថិតនៅភុមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ពេលជនរងគ្រោះជិះម៉ូតូដល់ចំណុចកើតហេតុ វេលាម៉ោង១១ និង៣០នាទីយប់(ម៉ោងកើតហេតុ) ។ សមត្ថកិច្ចបានទទួលព័ត៌មានថានៅចណុចខាងលើ មានករណីបាញ់សម្លាប់មនុស្សប្រុសម្នាក់ ក្រោយពីទទួលព័ត៌មាន សម្ថតកិច្ចយើងចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យសហការជាមួយការិយាល័យកោសលវិច្ច័យ និងវិទ្យាសាស្ត្រ និងបានស្រាវជ្រាវតាមកាំមេរ៉ាសុវត្ថិភាព និងតាមរយៈលេខទូរស័ព្ទទំនាក់ទំនងជាមួយជនរងគ្រោះមុនពេលកើតហេតុ បានកំណត់ភិនភាគជនសង្ស័យនិងបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឃឿន ស៊ីហ៊ន ត្រូវជាប្រពន្ធរបស់ជនរងគ្រោះតែម្តង ។
លោកហួរ ម៉េងវ៉ាង បន្តថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យត្រូវជាប្រពន្ធរបស់ជនរងគ្រោះថា កន្លងមកខ្លួន និងប្តី(ជនរងគ្រោះ) ធ្លាប់មានទំនាស់រស់នៅមិនចុះសម្រុងនិងគ្នា ហើយតែងតែឈ្លោះគ្នាជាញឹកញាប់ ។ ដោយជនរងគ្រោះ និងជនដៃដល់ឈ្មោះ មករា (សាហាយ) ក៏ធ្លាប់មានទំនាស់ជាមួយជនរងគ្រោះនៅពេលផឹកស៊ីកន្លងមក ។ លុះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ជនដៃដល់ឈ្មោះ មករា បានទូរស័ព្ទមកជនសង្ស័យ ឈ្មោះ ឃឿន ស៊ីហ៊ន ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ដើម្បីរៀបគម្រាងសម្លាប់ជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ ឃឿន ស៊ីហ៊ន ជាអ្នកមើលផ្លូវ និងរាយការណ៍ពីសកម្មភាពក្នុងពេលធ្វើដំណើរ ដល់ជនដៃដល់ឈ្មោះ មករា (គេចខ្លួន) ។ រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅលេងស្រុកភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយជនសង្ស័យជាប្រពន្ធបានទូរស័ព្ទហៅឲ្យជនរងគ្រោះត្រឡប់មកផ្ទះវិញ ហើយជនសង្ស័យឈ្មោះ ឃឿន ស៊ីហ៊ន បានទូរស័ព្ទទៅសាហាយរបស់ខ្លួនជាជនដៃដល់ពីដំណើររបស់ជនរងគ្រោះ លុះដល់ម៉ោងកើតហេតុវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃដដែល ជនរងគ្រោះ ត្រូវបានជនសង្ស័យឈ្មោះ មករា ធ្វើសកម្មភាពបាញ់បណ្តាលឲ្យស្លាប់នៅចំណុចកើតហេតុខាងលើ រួចជនសង្ស័យបានគេចខ្លួនបាត់ ។ វត្ថុតាងបន្សល់ទុក៖សំបកគ្រាប់កាំភ្លើង០១គ្រាប់ និងម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ រតនគីរី 1E-7838 (របស់ជនរងគ្រោះ) ។
បើតាមប្រភពព័ត៍មានផ្សេងទៀត បានឲ្យដឹងថា ដើមឡើយស្រ្តីសង្ស័យ ពេលសមត្ថកិច្ចឃាត់ខ្លួនសាកសួរដំបូង ខ្លួនបានប្រាប់ បុរសជាប្តី(ជនរងគ្រោះ)មកពីផ្ទះមិត្តភក្តិស្រី នៅព្រែកលៀប ប៉ុន្តែបងប្អូនខាងជនរងគ្រោះថា ជនរងគ្រោះទៅធ្វើបុណ្យ នៅឯស្រុកកំណើតភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលទៅវិញ ប៉ុន្ដែចុងក្រោយជនសង្ស័យជាប្រពន្ធ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាអ្នករៀបចំផែនការបាញ់សម្លាប់ប្តី ក៏ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា ។
ស្រ្តីដែលជារៀបចំផែនការបាញ់សម្លាប់ប្តី បានបញ្ជាក់ថា កន្លងមកប្តី(ជនរងគ្រោះ)តែងតែមានទំនាស់ជាមួយខ្លួនរស់នៅមិនចុះសម្រុងគ្នានិងធ្លាប់មានទំនាស់ពាក្យសំដីជាមួយបុរសម្នាក់ ដែលជាសង្សារចាស់របស់ខ្លួន ។ ទើបថ្ងៃទី២៥សីហា ឆ្នាំ២០១៩ នាងបានទូរសព្ទ័ជួបសង្សារចាស់ ដែលលួចទាក់ទងគ្នាមិនឲ្យប្តីដឹងនោះទេ រួចក៏រៀបចំផែនការបាញ់សម្លាប់ប្តីតែម្តង ។
លុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ខណៈដែលបុរសជាប្តី បានទៅបុណ្យនៅឯស្រុកកំណើត ភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខ្លួនក៏បានទូរស័ព្ទឲ្យសង្សារចាស់(ជនដៃដល់) ត្រៀមរៀបចំខ្លួនធ្វើសកម្មភាព ដោយខ្លួនបានទូរស័ព្ទបង្ខំប្តីឲ្យប្រញាប់មកផ្ទះ ហើយប្តីបានប្រាប់ថា ម៉ោង១១យប់ទៅដល់ហើយ នៅពេលនោះជនសង្ស័យបានទូរស័ព្ទឲ្យជនដៃដល់ ចាំផ្លូវលុះពេលជនរងគ្រោះ មកដល់កន្លែងស្ងាត់ជិតមណ្ឌលឱកាសខ្ញុំ ក៏ធ្វើសកម្មភាពបាញ់សម្លាប់តែម្តង ។ រួចឈ្មោះមករា បានទូរស័ព្ទមកប្រាប់នាងបាញ់សម្លាប់រួចរាល់ បានសម្រេច ហើយរួចបិទទូរស័ព្ទ និងគេចខ្លួនបាត់រហូតមកដល់ពេលនេះ ។
ក្រោយកើតហេតុ នៅកន្លែងកើតហេតកម្លាំងនគរបាលជំនាញ បានរកឃើញសំបកគ្រាប់កាំភ្លើងខ្លីម៉ាក K54 ចំនួន០១គ្រាប់ ហើយនៅលើដងខ្លួនសាកសពជនរងគ្រោះ មានស្នាមរបួសចំនួន២ កន្លែងចំត្រង់ក្រោមឆ្អឹងជំនី សងខាង ដួលស្លាប់នៅលើផ្លូវក្បែរម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កូបពីដែលជារបស់ជនរងគ្រោះជិះ ។
បច្ចុប្បន្នស្រ្តីសង្ស័យត្រូវ ឃាត់ខ្លួននៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកជនដៃដល់ឈ្មោះ មករា សមត្ថកិច្ចកំពុងស្រាវជ្រាវសាវតា ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះនិង ក្រុមគ្រួសារ ៕ចន្ទ លីហ្សា