ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីកម្មវិធីជួបជុំមិត្តភក្តិ ជិះម៉ូតូលឿនពេកទៅអកហ្សឺ ជាមួយរថយន្តផ្សេងជ្រុលបុកខឿនបោកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូចេញពីកម្មវិធីផឹកសុីជាមួយមិត្តភក្តិ គោលបំណងត្រឡប់ទៅផ្ទះវិញ ហើយធ្វើដំណើរម្នាក់ឯង ក្នុងល្បឿនលឿន ស្រាប់តែអកហ្សឺជាមួយរថយន្តផ្សេងនៅពីមុខ ក៏ជ្រុលចង្កូតបុកខឿនបណ្ដាលឲ្យផ្លោងអូសជិត៥០ម៉ែត្រ បណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសាច់ញាតិជនរងគ្រោះកាលពីវេលាម៉ោង ២ និង ២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មានឈ្មោះ មាស សុខម៉េង អាយុ២០ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅការ៉ាស់ឡាន ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ។ និងមានស្រុកកំណើតនៅម្ដុំផ្សារដើមអំពិល ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូធំម៉ាក DUCATI ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-8898 តែម្នាក់ឯង ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុកែងនិងផ្លូវលេខ២៤០ ក៏បានអកហ្សឺជាមួយនឹងរថយន្តមួយគ្រឿងផ្សេង នៅខាងមុខ ជ្រុលចង្កូតទៅបុកខឿននៅចិញ្ចើមផ្លូវផ្លោងជាង៥០ម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯម៉ូតូបានឃ្លាតឆ្ងាយពីជនរងគ្រោះជិត១០ម៉ែត្របន្ថែមទៀត រងការខូចខាតតិចតួច ។

ក្រោយកើតហេតុភ្លាមៗ មិត្តភក្តិជនរងគ្រោះដែលជិះតាមពីក្រោយបានមកដល់មានការតក់ស្លុតនិងយំសោកស្ដាយជាខ្លាំង ព្រោះបានបាត់បង់មិត្តភក្តិ និងសាច់ញាតិដ៏ល្អម្នាក់ជារៀងរហូត ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានក៏បានចុះដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំប្រគល់ឲ្យសាច់ញាតិនៅពេលក្រោយ ។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំនត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ធឿនព្រែកជ័យ


ចែករំលែក៖