ព័ត៌មានទាន់ហេតុការណ៍៖

ជនត្រូវចោទម្នាក់ ត្រូវនគរបាលស្រុកអង្គស្នួល ចាប់ខ្លួន ដោយអនុវត្ដដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្ដកណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលស្រុកអង្គស្នួល ចាប់ខ្លួនជនត្រូវចោទម្នាក់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ដោយអនុវត្ដតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដកណ្ដាល ។ ករណីនេះ ធ្វើឡើងនៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនត្រូវចោទចាប់ខ្លួនមានឈ្មោះ ហៀង ចាន់ថៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរការធំ ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជននេះ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខៈ ១០៧ ដក.បចខ/១៩ចុះថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយលោក គឹម រត្ន័ណារិន ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល ចោទពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្ត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា ក្រោយពីជនសង្ស័យខាងលើនេះ ធ្វើសកម្មភាព ជួញដូរគ្រឿងញៀន ជនសង្ស័យបានរត់គេចខ្លួនចេញផ្ទះអស់រយៈពេលប្រមាណ១ឆ្នាំមកហើយ ដោយពុំដឹងទៅរស់នៅឯស្រុក/ខេត្ដណានោះទេ ទើបចៅក្រមសម្រេចចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចមូលដ្ឋាន ធ្វើការស្រាវជ្រាវ និងឃ្លាំមើលជនសង្ស័យខាងលើ ដើម្បីចាប់ខ្លួន ។ លុះមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នគរបាលប៉ុស្ដិ៍រដ្ឋបាលបែកចាន បានប្រទះឃើញជនសង្ស័យនៅក្នុងមូលដ្ឋាន ភ្លាមនោះក៏រាយការណ៍ទៅនគរបាលជំនាញស្រុក រួចសហការគ្នាចុះធ្វើការចាប់ខ្លួនជនសង្ស័យខាងលើ ដោយអនុវត្ដតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដកណ្ដាល បញ្ជូនខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើនេះ គឺជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ព្រៃស ១លើករួចហើយ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៕ ស្អាងជ័យ


ចែករំលែក៖