ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹង បែកគំនិតជិះកង់ឌុបគ្នាទៅលួចម៉ូតូ មិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ជាមុខសញ្ញាទើបចេញពីពន្ធនាគារ ត្រូវបានសមត្ថកិច្ចស្រុកស្អាងចាប់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យខាងលើ ផឹកស្រាស្រវឹង បែកគំនិតជិះកង់ឌុបគ្នា ធ្វើសកម្មភាពលួចម៉ូតូរបស់ពលរដ្ឋទុកក្នុងផ្ទះ កាលពីថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២២និង៣០នាទី ស្ថិតក្នុងភូមិកំពុងទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ថា ដា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង (ទើបចេញពីពន្ធនាគារខេត្តកណ្ដាល ពីបទហិង្សាដោយចេតនា រយះពេល១៣ខែ រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនឈ្មោះ ប៉ូច រ៉ាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ។ ចំណែកជនរងគ្រោះឈ្មោះ អេត លឹមឈាង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពុងទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ម៉ូតូចំនួន១គ្រឿង ម៉ាកវ៉េវអ៊ី ពណ៌បៃតង ពាក់ស្លាកលេខ.ភ្នំពេញ.1M.0597 ,កង់ចំនួន១គ្រឿង (របស់ជនសង្សយ័) ,កូនកន្រ្តៃចំនួន១ និងទូរសព្ទ័ដៃ ១គ្រឿងផងដែរ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១៩ ជនសង្ស័យ២នាក់ បាននាំគ្នាផឹកស្រា នៅផ្ទះរបស់ឈ្មោះ រ៉ូ រហូតដល់ម៉ោង២២ ទើបជនសង្ស័យទាំង២នាក់ឈប់ផឹក ។ បន្ទាប់ពីឈប់ស្រាហើយ ជនសង្ស័យទាំង២នាក់ បែកគំនិត ក៏បបួលគ្នាជិះកង់ឌុបគ្នា ទៅលួចម៉ូតូរបស់ជនរងគ្រោះខាងលើ ដែលទុកនៅក្រោមផ្ទះ ដោយជនសង្ស័យឈ្មោះ ថា ដា ជាអ្នកចូលលួច រីឯឈ្មោះ ប៉ូច រ៉ាន់ ជាអ្នកចាំមើលផ្លូវ ។ លុះពេលកំពុងសកម្មភាពអូសម៉ួតូចេញមកក្រៅ ខណៈនោះ អ្នកជិតខាងបានឃើញ ក៏ស្រែកឆោឡោថា ចោៗ ផ្អើលដល់ប្រជាពលរដ្ឋជិតខាង ក៏នាំគ្នាដេញចាប់បានម្នាក់ឈ្មោះ ថា ដា រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ ប៉ូច រ៉ាប់ រត់គេចខ្លួន ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនសង្ស័យខាងលើ ត្រូវបានប្រជាពលរដ្ឋប្រគល់ឲ្យទៅសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធី ។ ចំពោះជនសង្ស័យម្នាក់ទៀត ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីស្រាវជ្រាវបន្ដចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖