ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ សង្ស័យស្រវឹងហួសកម្រិត និងជាមនុស្សធ្លាប់ប្រើប្រាស់ថ្នាំញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយវាយគេឯងពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់ដែលជាមនុស្សធ្លាប់ប្រើប្រាស់ថ្នាំញៀន ខណៈដែលរូបគេបានបើករថយន្តមួយគ្រឿងបញ្រ្ចាសទិសដៅចរាចរណ៍ក្នុងសភាពស្រវឹងស្រាជោកជាំ ក៏ត្រូវសមត្ថកិច្ចឃាត់សួរនាំ បែរជាបុរសរូបនោះបង្កការអុកឡុក ស្រែកឡូឡា ដេញវាយនគរបាលចរាចរណ៍ឈរនៅគោលដៅ និងដេញវាយអ្នកសារព័ត៌មាន២នាក់ផងដែរ ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោង៩ និង៤៥នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៩ នៅចំណុចភ្លើងស្តុប ច្រមុះជ្រូក ក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បុរសខាងលើនេះ ឈ្មោះ ជួន ច័ន្ទដារី អាយុ៣៤ឆ្នាំ ស្នាក់ នៅផ្ទះលេខ៥C ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងត្រូវជាកូនអ្នកធំម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរូបនេះបានបើករថយន្តស៊េរីទំនើបម៉ាក កាមរីហាយប្រឺដ ពណ៌ខ្មៅ ពាក់ស្លាលលេខ ភ្នំពេញ 2AB-7691 ក្នុងល្បឿនលឿងសង្ស័យស្រវឹងជោកជាំ បញ្ច្រាសផ្លូវលេខ២៧១ ពីលិចទៅ កើត រ៉េចង្កូតពេញផ្លូវ ដោយខ្លាចក្រែងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ឬក៏ទៅបុកគេឯងនោះ ឃើញដូច្នេះពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចដែលឈរគោលដៅចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់ ឲ្យជួយឃាត់ដើម្បីត្រួតពិនិត្យជាក់ស្តែង ។ ពេលនោះសមត្ថកិច្ចជំនាញបានឃាត់រថយន្តខាង ដើម្បីសាកសួរស្រាប់តែបុរសរូបនោះ ដែលគេស្គាល់ថា ជាកូនរបស់មន្ត្រីជាន់ខ្ពស់ម្នាក់នោះ ចុះពីលើរថយន្តឡាំប៉ា មកធាក់សមត្ថកិច្ច២ជើង ទើបបង្កការភ្ញាក់ផ្អើលខ្លាំង ហើយសមត្ថកិច្ចក៏បានហៅនគរបាលព្រហ្មទណ្ឌខណ្ឌតាមវិទ្យុទាក់ទង ផ្អើលដល់អ្នកសារព័ត៌មានចុះមកថតផ្តិតយករូបភាព ក៏ត្រូវបុរសរូបនោះ យកដែក ដុំថ្ម និងស្បែកជើង ដេញគប់មកលើអ្នកសារព័ត៌មាន និងជេរប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូល និងកិត្តិយសរបស់អ្នកដទៃផងដែរ ។

ប្រភពដដែល បន្តទៀតថា ក្នុងពេលនោះដែរ ស្ត្រីជាប្រពន្ធរបស់បុរសខាងលើ ក៏បានមកដល់កន្លែងកើតហេតុ និងបានជួយហាមឃាត់ប្តី និងចាប់រូបគេ កុំឲ្យធ្វើផ្តេសផ្តាសបែបនេះតទៅទៀត ហើយក៏ត្រូវកម្លាំងសមត្ថកិច្ច ខណ្ឌមានជ័យ ចុះមកធ្វើអន្តរាគមន៍ ចាប់ឃាត់ខ្លួនរូបគេភ្លាមៗ តែម្តង យកទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីសាកសួរ ។

ប្រភពព័ត៌មានបានបន្ថែមថា ក្រោយឃាត់ខ្លួនសាកសួរ និងពិនិត្យធ្វើតេស្តរកគ្រឿងញៀន និងវាស់ជាតិអាកុល លទ្ធផលបង្ហាញថា បុរសខាងលើនេះ មានផ្ទុកសារធាតុញៀន និងប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត ពិតមែន(0.91) ថែមទាំងធ្លាប់វាយប្រពន្ធថែមទៀត ។ ក្នុងនោះតាមការសូមណូមពររបស់ម្តាយ ឲ្យសមត្ថកិច្ចជួយបញ្ជូនទៅបន្សាបគ្រឿងញៀន លោកអធិការបានសុំគោលការណ៍ពីថ្នាក់លើ បញ្ជូនទៅបន្សាបគ្រឿងញៀនផងដែរ ។ ស្ត្រីជាប្រពន្ធ និងក្រុមគ្រួសារ បញ្ជាក់ថា «ប្ដីគាត់ គឺជាមនុស្សប្រើប្រាស់គ្រឿងញៀនអស់រយៈពេលជាយូរណាស់មកហើយទំនងជា រូបគេប្រើប្រាស់ថ្នាំញៀនច្រើនពេក ទើបធ្វើឲ្យមានអការបែកថ្នាំ និងធ្វើសកម្មភាពបែបនោះ» ។

ដោយឡែកលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានឲ្យដឹងថា ក្រោយពីសុំគោលការណ៍ពីថ្នាក់លើរួច ជនសង្ស័យ ខាងលើ នេះត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖