ខេត្តស្វាយរៀង៖ សាច់មាន់ជើងមាន់ កោះមាន់ ចូលមកពីប្រទេសវៀតណាមខុសច្បាប់ចំនួន៣៤២ គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាប និងយកទៅដុតកម្ទេចចោល ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ។
ការដុតកម្ទេចចោលបានធ្វើឡើងនៅរសៀលថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតល្នុង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
យោងតាមលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀងបានឲ្យដឹងថា ដោយមានសេចក្ដីរាយការណ៍ថា មានក្រុមឈ្មួញបានដឹកសាច់មាន់ ជើងមាន់ កោះមាន់សង្ស័យខូចគុណភាព ទើបអាជ្ញាធរក្រុងកម្លាំងអធិការរដ្ឋាន សហការក្រុងជាមួយកម្លាំងការិយាល័យជំនាញខេត្ត មន្ត្រីករិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គោលដៅលើផ្លូវលេខ៣១៤ ស្ថិតក្នុងភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង បានត្រួតពិនិត្យម៉ូតូរឺម៉ក ដឹកត្រីរបស់ក្រុមឈ្មួញវៀតណាម ។
ប្រភពបន្តថា ជាលទ្ធផលរកឃើញសាច់មាន់ ជើងមាន់ កោះមាន់ ចូលមកពីប្រទេសវៀតណាមខុសច្បាប់ចំនួន៣៤២ គីឡូក្រាម ។
ប្រភពបន្តថាបន្ទាប់ពីបង្ក្រាបហើយសមត្ថកិច្ចបានចូលរួមក្នុងការដុតកម្ទេចចោលនូវសាច់មាន់ ជើងមាន់ កោះមាន់ ចូលមកពីប្រទេសវៀតណាមខុសច្បាប់ចំនួន៣៤២ គីគីឡូក្រាមផងដែរ ៕ យឹម សុថាន