ភ្នំពេញ៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយបានកើតឡើង បង្កជាផ្សែងហុយឡើងទ្រលោម និងអណ្ដាតភ្លើងឆាបឆេះគ្រឹះស្ថានឯកជនអិលប៊ីភី មីក្រូហិរញ្ញវត្ថុភីអិលស៊ី ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចការិយាល័យពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍ភ្លាមៗ មិនឆេះរាលដាលខ្លាំង ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣៥ព្រឹក ថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅទីតាំងគ្រឹះស្ថានឯកជនអិលប៊ីភី មីក្រូហិរញ្ញវត្ថុភីអិលស៊ី ទល់មុខវិទ្យាល័យបាក់ទូកស្ថិតក្នុងភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុខពេលកើតហេតុ គឺសន្តិសុខព្យាយាមនៅមុខ គ្រឹះស្ថានឯកជនអិលប៊ីភីមីក្រូហិរញ្ញវត្ថុភីអិលស៊ី ឃើញមានផ្សែង និងអណ្ដាតភ្លើងឆេះនៅខាងក្នុង ទើបស្រែកឆោឡោផ្អើលពលរដ្ឋជិតខាងនាំគ្នាជួយធ្វើអន្តរាគមន៍ និងរាយការណ៍ប្រាប់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងមកជួយបាញ់ពន្លត់ទៅវិញភ្លាមៗ ដោយមិនមានការឆេះរាលដាលខ្លាំងនោះទេ គ្រាន់តែខូចខាតសម្ភារមួយចំនួនប៉ុណ្ណោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុដោយសារឆ្លងចរន្តអគ្គិសនី ទើបបង្កជាអណ្តាតភ្លើងឆេះបែបនេះ ៕ ស រស្មី