ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតអាមេរិក និងមជ្ឈមណ្ឌល EducationUSAនឹងរៀបចំពិព័រណ៍ EducationUSAប្រចាំឆ្នាំ២០១៨

ចែករំលែក៖

ស្ថានទូតអាមេរិកមានសេចក្តីរីករាយសូមប្រកាសពិព័រណ៍ចំនួនពីរ ដែលនឹងប្រព្រឹត្តទៅនៅពេលខ្លីខាងមុខនេះ របស់មជ្ឈមណ្ឌលផ្តល់ប្រឹក្សាស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក(EducationUSA) សំរាប់ឆ្នាំ ២០១៨។ដោយមានការជួយឧបត្ថម្ភពីស្ថានទូតអាមេរិក មជ្ឈមណ្ឌលEducationUSAនឹងរៀបចំពិព័រណ៍ទាំងពីរនេះ ដើម្បីប្រាប់ពីឱកាសក្នុងការសិក្សានៅក្នុងសហរដ្ឋអាមេរិក សំរាប់សិស្សនិស្សិតកម្ពុជា។ ពិព័រណ៍នេះគឺជាកន្លែងពិសេសមួយសំរាប់អោយសិស្ស និស្សិតកម្ពុជាធ្វើការទាក់ទងជាមួយស្ថាប័នឧត្តមសិក្សានៅក្នុងសហរដ្ឋអាមេរិក ហើយដឹងពីអត្ថប្រយោជន៍ក្នុងការទទួលបានការសិក្សានៅក្នុងសាកលវិទ្យាល័យសហរដ្ឋអាមេរិក។

ពិព័រណ៍ EducationUSAដំបូងបង្អស់នេះ នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅព្រឹក ថ្ងៃអង្គារ ទី ១៣ ខែមិនា ឆ្នាំ ២០១៨ ពីម៉ោង ៨:៣០ ដល់ម៉ោង ១១:៣០ នៅសណ្ឋាគារ Somadevi Angkor Resort & Spaផ្លូវស៊ីសុវត្ថ ភូមិមណ្ឌល ២ សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប។ ពិព័រណ៍ EducationUSA នៅភ្នំពេញគ្រោងនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី ១៥ ខែមិនា ពីម៉ោង ២:០០ ដល់ម៉ោង ៦:០០ នៅបន្ទប់ប្រជុំធំនៃសណ្ឋាគារ Great Duke Hotel(អតីតសណ្ឋាគារ Intercontinental Hotel)។

នឹងមានតំណាងមកពីមហាវិទ្យាល័យនិងសាកលវិទ្យាល័យចំនួនជាង ២០ នាក់មកជំរាបប្រាប់សិស្ស និស្សិតអំពីកម្មវិធីសិក្សា លក្ខខ័ណ្ឌទាមទារក្នុងការទទួលអោយចូលរៀន និងឱកាសទទួលបានអាហារូបករណ៍ សំរាប់សិក្សានៅក្នុងសហរដ្ឋអាមេរិក។ តំណាងដទៃទៀតដែលចូលរួមក្នុងពិព័រណ៍នេះ នឹងផ្តល់ព័ត៌មានស្តីពីទិដ្ឋាការសិស្ស កម្មវិធីផ្លាស់ប្តូររបស់រដ្ឋាភិបាលអាមេរិក និងការផ្តល់ការណែនាំរបស់មជ្ឈមណ្ឌល EducationUSA ។ សិស្សវិទ្យាល័យនិងនិស្សិតសាកលវិទ្យាល័យនៅកម្ពុជា ដែលមានការចាប់អារម្មណ៍ចង់សិក្សាថ្នាក់ឧត្តមសិក្សានៅក្នុងសហរដ្ឋអាមេរិក ត្រូវបានស្វាគមន៍អោយចូលរួមនៅក្នុងពិព័រណ៍នេះ។ ឪពុកម្តាយសិស្ស និស្សិតក៏ត្រូវបានស្វាគមន៍និងលើកទឹកចិត្តអោយចូលរួមផងដែរ។

លោកអនុប្រធានទូតអាមេរិក Michael Newbill និងតំណាងនៃក្រសួងអប់រំ យុវជន និងកីឡាត្រូវបានគេរំពឹងថា នឹងដើរមើលពិព័រណ៍នេះនៅភ្នំពេញ នៅថ្ងៃទី ១៥ ខែមិនា នៅម៉ោងប្រហែល ៣ រសៀល។ អ្នកសារព័ត៌មានដែលចង់ចូលយកព័ត៌មាននៅពេលនោះ គួរទៅដល់សណ្ឋាគារ Great Duke Hotel ត្រឹមម៉ោង ២:៣០រសៀល។ បើចង់ដឹងព័ត៌មានបន្ថែម សូមចូលមើលក្នុងគេហទំព័រ https://kh.usembassy.gov/educationusa-fair-2018/ ឬទាក់ទងមកមជ្ឈមណ្ឌល EducationUSAដោយហៅទូរស័ព្ទមកលេខ ០១២ ៨៧៦ ៧៤៩ សំរាប់ពិព័រណ៍៕

 


ចែករំលែក៖