ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិ យោធាចារ្យ នាយទាហាន កម្មសិក្សាការីទាំងអស់ ដែលប្រឹងប្រែងបង្រៀន និងរៀនសូត្រ ទទួលបានលទ្ធផលល្អក្នុងរគ្គបណ្តុះបណ្តាលនាឆ្នាំ២០១៧កន្លងមក។
សម្តេចពិជ័យសេនាថ្លែងដូច្នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនឆ្នាំ២០១៧ និងបើកវគ្គហ្វឹកហ្វឺនបន្តឆ្នាំ២០១៨ ព្រមទាំងប្រកាសផ្ទេរតំណែង និងប្រគល់ត្រាសិទ្ធសាកលវិទ្យាល័យការពារជាតិជូននាយកសាកលវិទ្យាធិការថ្មី។
ពិធីនេះ ប្រព្រឹត្តទៅកាលពីថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យការពារជាតិ។
ក្នុងឱកាសនោះដែរ ក៏ការចូលរួមពីនាយទាហាន មកពីបណ្តាស្ថាប័នកងឯកភាព ចំណុះកងយោធពលខេមរភូមិន្ទ (ខ.ភ.ម)ជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យបណ្ឌិត អ៊ុង ស៊ាន សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ រាយការណ៍ជូនអង្ពពិធី ពីលទ្ធផលសិក្សាដែលនាយទាហាន នាយទាហានរងបានហ្វឹកហ្វឺន ក្នុងរយៈពេលមួយឆ្នាំកន្លងមក។
លោកឧត្តមសេនីយ៍ត្រី ថោង លី នាយការិយាល័យបុគ្គលិកសាកលវិទ្យាល័យការពារជាតិអានសេចក្តីប្រកាស ប្រគល់បណ្ណសរសើរ-លិខិតសរសីរ និងសេចក្តីសម្រេច ប្រគល់សញ្ញាបត្រ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយស និងសេចក្តីសម្រេច ជូននាយទាហាន យោធាចារ្យ បុគ្គលិកបម្រើការ និងនិសិ្សតដែលមានស្នាដៃ បំពេញភារកិច្ចទទួលបានលទ្ធផលល្អក្នុងឆ្នាំកន្លងមក។
ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រគល់ត្រាសិទ្ធ ជូននាយឧត្តមសេនីយ៍ ជា តារា អតីតអគ្គមេបញ្ជាការរង ខ.ភ.ម ឥឡូវជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិផងដែរ៕ សុខដុម