ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងរវាងលោកខាងលិចនឹងរុស្ស៊ីប្រឈមមុខតានតឹង ដោយសារការបំពុលចារបុរសអង់គ្លេស

ចែករំលែក៖

ទំនាក់ទំនងរវាងរុស្ស៊ីនឹងលោកខាង លិច កាន់តែតានតឹងថែមមួយកម្រិតទៀត ដោយសារតែ លោកខាងលិច ក្នុងនោះ មានអាមេរិកជាដើម បានចោទប្រកាន់រុស្ស៊ីចំៗថាជាអ្នកបំពុល ពលរដ្ឋអង់គ្លេសឲ្យ ស្លាប់។

ប៉ុន្តែភាគីរុស្ស៊ី ក៏បានឆ្លើយតបវិញថា ជាការចោទប្រកាន់មិនមានការណ៍ពិត ដើម្បី បង្វែរការចាប់អារម្មណ៍របស់ពិភពលោកតែប៉ុណ្ណោះ ។ នេះជាយុទ្ធសាស្ត្ររបស់ អាមេរិក និងសម្ពន្ធមិត្តដើម្បីបន្តដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ។ មិនតែប៉ុណ្ណោះ ក៏បាន ស្នើដល់អង្គការសហប្រជាជាតិ ដករុស្ស៊ីចេញពីកៅអីសមាជិកក្រុមប្រឹក្សា ដែលជាគោល ដៅពិតប្រាកដរបស់លោកខាងលិច។

កន្លងមក រុស្ស៊ីតែងតែប្រឆាំងនិង គោលនយោបាយរបស់អាមេរិក នៅអង្គ ការសហប្រជាជាតិ ក្នុងចំណោមប្រទេសសមាជិកអចិន្ត្រៃយ៍ដែល រុស្ស៊ីតែងតែបោះឆ្នោតប្រឆាំងអាមេរិក ជាបន្តបន្ទាប់ ។ ទាំងនោះហើយទើបលោកខាងលិច មានបំណងចង់ដករុស្ស៊ីចេញឲ្យផុតពីភ្នែក កុំឲ្យរារាំងដល់ផែនការអាមេរិក។

ពាក់ព័ន្ធនឹងករណីបំពុលពលរដ្ឋអង់ គ្លេស សហរដ្ឋអាមេរិកបានបង្ហាញក្តីជឿជាក់ថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយការបំពុលសម្លាប់ អតីតមន្ត្រីទីភ្នាក់ងារចារកម្មរុស្ស៊ីម្នាក់ នៅលើទឹកដីអង់គ្លេស ហើយដែលនេះ ប្រៀបបានទៅនឹងការដុតបញ្ឆេះកំហឹង របស់បណ្ដាប្រទេសលោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូ។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែ មីនា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរអង់គ្លេស អតីត ទីភ្នាក់ងារចារកិច្ចរុស្ស៊ី លោក សឺហ្គោយ៍ ស្គ្រីប៉ាល (Sergei Skripal) និងកូនស្រី របស់លោក ឈ្មោះ យូលៀ (Yulia) ត្រូវ បានគេបំពុលសម្លាប់ នៅក្នុងទីក្រុង សាលី ប៊ឺរី (Salisbury) នៃទឹកដីអង់គ្លេស កាល ពីថ្ងៃទី៤ ខែមីនាកន្លងទៅ ហើយបច្ចុប្បន្ន អ្នកទាំងពីរកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ទីក្រុងឡុង បានចោទប្រកាន់រុស្ស៊ីថា គឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ ខណៈលេច ឮព័ត៌មានជាច្រើនថា លោក Skripal បានលក់ព័ត៌មានសម្ងាត់ជាច្រើនឱ្យអង់គ្លេស ទាក់ទិននឹងចំនួនចារកម្មរុស្ស៊ីនៅអឺរ៉ុប។

ជុំវិញភាពចម្រូងចម្រាសនេះដែរ លោក ស្រី ហ៊ឺធើ ណូអ៊ែត (Heather Nauert) បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃពុធ យ៉ាងដូច្នេះថា «សហរដ្ឋ អាមេរិក យល់ឃើញដូចចក្រភពអង់គ្លេស ថា រុស្ស៊ីជាអ្នកទទួលខុសត្រូវលើការបំពុលសម្លាប់ពលរដ្ឋអង់គ្លេស និងកូនស្រីរបស់ គាត់… ហើយសេតវិមានក៏គាំទ្រផងដែរ ចំពោះការសម្រេចចិត្តបណ្ដេញមន្ត្រីទូត រុស្ស៊ី ចេញពីអង់គ្លេស ដ្បិតវាគឺជាវិធានការមួយឆ្លើយតបទៅនឹងទីក្រុងមូស្គូ»។

តែទោះជាយ៉ាងនេះក្ដី រុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់ទំាងឡាយ ហើយថា «ការចោទប្រកាន់ទាំងឡាយ គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយក បាន… ដូច្នេះយើងស្នើសុំភស្ដុតាងជាក់លាក់ ចំពោះការចោទប្រកាន់ប្រឆាំងនឹងរុស្ស៊ី ហើយយើងក៏មិនស្ទាក់ស្ទើរដែរ ក្នុងការ ចាត់វិធានការឆ្លើយតប»។ នេះជាការ លើកឡើង របស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចំា អង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី ណេប៊ិនស៊ីយ៉ា (Vasily Nebenzya)។

ចំណែកអង់គ្លេសវិញពេលនេះបាន ចាប់ផ្តើមធ្វើសកម្មភាព វាយបកទៅលើ ប្រទេស រុស្ស៊ី ដោយ បណ្តេញមន្ត្រីការទូតរុស្ស៊ីចេញពីអង់គ្លេស។ កាលពីថ្ងៃទី ១៤ ខែមីនា អង់គ្លេសទុកពេល២៤ម៉ោងឲ្យរុស្ស៊ីបំភ្លឺជុំវិញការបំពុលលោកសឺហ្គេយ៍ ស្គ្រី ប៉ាល ជាអតីតចារបុរសរុស្ស៊ី ឥឡូវនេះផុត ឱសានវាទហើយ។ ដូចបានព្រមានទុក លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស តេរីសា ម៉ាយ បានប្រកាសដាក់ទណ្ឌកម្ម ដោយ សម្រេចព្យួរទំនាក់ទំនងទ្វេភាគីថ្នាក់កំពូលជាមួយរុស្ស៊ី និងបណ្តេញមន្ត្រីទូតរុស្ស៊ី២៣នាក់ចេញពីអង់គ្លេស។

មន្ត្រីទូតរុស្ស៊ី២៣នាក់ ដែលអង់គ្លេស បណ្តេញចេញនោះ មានពេលមួយសប្តាហ៍ដើម្បីចាកចេញពីអង់គ្លេស។ នៅអង់គ្លេស រុស្ស៊ីមានមន្ត្រីការទូត៥៩នាក់។ ការបណ្តេញ មន្ត្រីទូតរុស្ស៊ី និងការព្យួរទំនាក់ទំនងទ្វេភាគីថ្នាក់កំពូលជាមួយរុស្ស៊ី ជាទណ្ឌកម្មរបស់ រដ្ឋាភិបាលអង់គ្លេស ចំពោះរុស្ស៊ីដែលមិនបានផ្តល់ចម្លើយយកជាការណ៍បាន ដើម្បី បំភ្លឺជុំវិញការបំពុលលោក លោកសឺហ្គេយ៍ ស្គ្រីប៉ាល និងកូនស្រីយូលៀ។

កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រី លោកស្រី តេរីសា ម៉ាយ លើកឡើងនៅចំពោះមុខ សភាអង់គ្លេសថា គ្មានការសន្និដ្ឋានអ្វីក្រៅតែពីថា រដ្ឋរុស្ស៊ីជាប់សង្ស័យថា ប៉ុនប៉ងធ្វើ ឃាតលោកសឺហ្គេយ៍ ស្គ្រីប៉ាល និងកូន ស្រីនោះទេ។ សូមរំលឹកថា អតីតចារកិច្ច រុស្ស៊ី លោកសឺហ្គេយ៍ ស្គ្រីប៉ាល អាយុ៦៦ ឆ្នាំ និងកូនស្រីលោក អាយុ៣៣ឆ្នាំ ត្រូវ បានគេបំពុលសម្លាប់ កាលពីថ្ងៃ៤មីនា នៅភាគនិរតីអង់គ្លេស។ អង់គ្លេសចាត់ទុក ហេតុការណ៍នេះ ថាជាការប្រើកម្លាំងបាយខុសច្បាប់ពីសំណាក់រដ្ឋរុស្ស៊ី ប្រឆាំងអង់ គ្លេស។

ក្នុងទណ្ឌកម្មលើរុស្ស៊ីទាក់ទងនឹងសំណុំរឿងនេះ អង់គ្លេសក៏លុបចោលផងដែរ ក្នុងការមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសឺហ្គេយ៍ ស្គ្រីប៉ាល ឲ្យមកបំពេញ ទស្សនកិច្ចនៅអង់គ្លេសទៀត។ លើសពីនេះ រដ្ឋមន្ត្រីនិងដែលរាជវង្សានុវង្សអង់គ្លេស ក៏មិនទៅជាន់ដីរុស្ស៊ី ដើម្បីចូលរួមការប្រកួតបាល់ទាត់ពិភពលោកនៅរុស្ស៊ី ពាក់ កណ្តាលឆ្នាំនេះដែរ។ ការបំពុលលោក សឺហ្គេយ៍ ស្គ្រីប៉ាល មិនមែនជាការបំពុលចារបុរសរុស្ស៊ីលើកទី១ទេ ក្នុងទឹកដីអង់ គ្លេស។ ថ្ងៃពុធនេះ លោកស្រីតេរីសាយ ម៉ាយ បានរំលឹកឡើងវិញផងដែរ នូវការ បំពុលអតីតចារបុរសរុស្ស៊ីមួយរូបផ្សេងទៀត កាលពីឆ្នាំ២០០៦។ កាលនោះ អង់គ្លេសបានដាក់ទណ្ឌកម្មលើរុស្ស៊ីដែរ គឺបាន បណ្តេញមន្ត្រីការទូត៤នាក់ និងកាត់បន្ថយការផ្តល់ទិដ្ឋាការដល់មន្ត្រីរុស្ស៊ី រួមទាំងបង្កកទ្រព្យសម្បត្តិជនដែលជាប់សង្ស័យថា បានសម្លាប់អតីតចារបុរសរូបនោះ៕ ម៉ែវ សាធី

 


ចែករំលែក៖