ការផ្អាកធ្វើសមយុទ្ធ គឺជាការចង់បាន របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយសមយុទ្ធនោះគឺជាការប៉ុនប៉ងឈ្លានពានទឹកដីកូរ៉េខាងជើង ។ នៅពេលនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យ ដឹងថា គេនឹងកាត់បន្ថយការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដែលកងទ័ពកូរ៉េខាងត្បូង ធ្វើ រួមគ្នា ជាមួយកងទ័ពអាមេរិក។ សមយុទ្ធ យោធា ប្រចាំឆ្នាំមាន២។ ទី១គឺសមយុទ្ធ ឈ្មោះ Foal Eagle ដែលជាសមយុទ្ធ ហាត់ សមផ្ទាល់នៅមូលដ្ឋាន និងមានប្រើគ្រឿង សព្វាវុធជាច្រើន។ សមយុទ្ធនេះ តាម ធម្មតា មានទាហានចូលរួម រាប់ម៉ឺននាក់ ហើយត្រូវចាប់ផ្តើមធ្វើនៅដើមខែមេសា ខាងមុខនេះ។
សព្វដង សមយុទ្ធ Foal Eagle នេះ មានរយៈពេល២ខែ ក៏ប៉ុន្តែប្រភពខាងលើ អះអាងថា គេកាត់បន្ថយមកនៅត្រឹមតែ ១ខែទេ។ ចំណែក សម្ភារគ្រឿងសព្វាវុធធំៗ របស់អាមេរិកវិញ ដូចជាយន្តហោះទម្លាក់ គ្រាប់បែក B-1B ព្រមទាំងកងនាវាចម្បាំង អាមេរិក ដែលតែងតែចេញប្រតិបត្តិការ ក្បែរដីកូរ៉េខាងជើង ក្នុងក្របខ័ណ្ឌសម យុទ្ធនេះ ក៏នឹងមិនមានវត្តមានឡើយ នៅ ខែមេសាខាងមុខនេះ។
ចំណែកសមយុទ្ធមួយទៀត ឈ្មោះ Key Resolve គឺជាសមយុទ្ធ ដែលគេប្រើ តែប្រព័ន្ធម៉ាស៊ីន កុំព្យូទ័រ ដើម្បីហាត់សម តែប៉ុណ្ណោះ។ ក្នុងសមយុទ្ធនេះ គេមិន មានកាត់បន្ថយអ្វីទេ ហើយបើតាមការ គ្រោងទុក គឺនឹងរៀបចំធ្វើនៅសប្តាហ៍ ក្រោយនេះហើយ។ ជារួមយើងឃើញថា ភាគីកូរ៉េខាងត្បូង ប្រឹងប្រែងណាស់ ដើម្បី បន្ទន់ចិត្តកូរ៉េខាងជើង ឲ្យព្រមចរចា ព្រោះ ថាកន្លងមក គឺសមយុទ្ធយោធារួមគ្នារវាង កូរ៉េខាងត្បូង នឹងអាមេរិកនេះហើយ ដែល ធ្វើឲ្យកូរ៉េខាងជើង ក្តៅក្រេវក្រោធ ព្រោះ គេចាត់ទុកថា ជាការហាត់សម ត្រៀមកម្លាំង ទៅផ្តួលរំលំរបបផ្តាច់ការត្រកូលគីម។
បើនិយាយជារួមទៅ គឺថា ភាគីកូរ៉េខាង ត្បូង ប្រឹងប្រែងណាស់ ប្រឹងទាល់តែពេល ខ្លះ ធ្វើឲ្យគេមើលពីខាងក្រៅទៅ ឃើញ ហាក់ដូចជា ខំអួត ខំផ្សព្វផ្សាយច្រើនជ្រុល ដែលធាតុពិត វាអាចមិនដើរទៅមុខលឿនដល់ថ្នាក់នោះទេ។ រហូតមកដល់ពេលនេះ ជំនួបកំពូលរវាងគីម ជុងអ៊ុន នឹង មូន ជេអុីន ដែលនៅមិនដល់មួយខែទៀងផង ជំនួបជាមួយលោកដូណាល់ ត្រាំ គឺមិន ទាន់មានកាលបរិច្ឆេទ និងទីតាំងនៅឡើយ ទេ។
អ្វីៗទាំងអស់នេះ គឺគេអ៊ឺអើគ្នា តែខាង កូរ៉េខាងត្បូង និងអាមេរិកប៉ុណ្ណោះ។ ចំណែកកូរ៉េខាងជើងឯណោះវិញ ស្ងាត់ឲ្យ ឈឹង មិនទាន់មាននិយាយអ្វីនៅឡើយ។ និយាយឲ្យងាយស្តាប់ គឺថា រឿងគីម ជុង អ៊ុន ជួបលោកមូន ជេអុីន ក៏ខាងកូរ៉េខាង ជើង មិនទាន់អ៊ឺអើ ឯរឿងជួបជាមួយ លោក ដូណាល់ ត្រាំ ក៏គេមិនទាន់ បាននិយាយថាពិតជាចង់ជួបមែនឬក៏យ៉ាងណាដែរ។
បើតាមការវិភាគ របស់អ្នកជំនាញជា ច្រើនអះអាងថា វាអាចជាការគ្រាន់តែ និយាយគ្នា ផ្ទៃក្នុងមិនទាន់ផ្លូវការ តែខាង កូរ៉េខាងត្បូងទេ ដែលយកវាទៅនិយាយ បំផុសបំផុល។ ដូច្នេះហើយ បានជាមក ទល់ពេលនេះ កូរ៉េខាងជើង បិទមាត់ជិត មិនទាន់និយាយអ្វី។ អ្នកវិភាគយល់ថា កូរ៉េខាងជើង មិនចង់ចងជើងខ្លួនឯងទេ។ មិននិយាយអ្វី មានន័យថា បើសិនជា បរាជ័យ គ្មានជំនួបទាំងនោះកើតឡើង គឺមិនមែនជាកំហុសគេទេ ព្រោះគេមិន បានព្រមព្រៀងជាផ្លូវការឯណា៕ ម៉ែវ សាធី