កាលពីថ្ងៃទី២៨ ខែមីនា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចដកហូតតំណែងរដ្ឋមន្ត្រី អតីតយុទ្ធជន លោក David Shulkin ហើយជំនួសវិញ ដោយលោក Ronny Jackson បច្ចុប្បន្នជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់លោក។
នៅក្នុងបណ្តាញ Twitter របស់ខ្លួន លោក ត្រាំ បានបញ្ជាក់ថា លោកសូមអរគុណដល់លោក Shulkin ដោយបានលះបង់ជួយដល់ប្រទេសជាតិ និងអតីតយុទ្ធជនរបស់អាមេរិក។ មន្ត្រីសេតវិមានបានឲ្យដឹងថាលោក Shulkin មិនសមនឹងតំណែងរដ្ឋមន្ត្រីទទួលបន្ទុកអតីតយុទ្ធជនទៀតឡើយ ដោយសារតែការរអូរទាំរបស់លោក ប៉ះពាល់ដល់កម្មវិធី នយោបាយរបស់លោក ត្រាំ។
លោក Shulkin កំពុងរងការរិះគន់យ៉ាងខ្លាំង ដោយសារតែក្រោយពេលគេរកឃើញថា នៅក្នុងតំណើរទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេស និងដាណឺម៉ាក លោកទទួលនូវលិខិតទៅទស្សនាការប្រកួតកីឡា Wimbledon ដោយ មិនមានតម្លាភាព។ ក្រុមបុគ្គលិករបស់លោក បានលើកឡើងថា ភរិយារបស់លោក Shulkin អាចនឹងប្រើប្រាស់មូលនិធិក្នុងការធ្វើដំណើរកម្សាន្តនេះ។
លោក Shulkin គឺជាមន្ត្រីជាន់ខ្ពស់ទី២ នៅក្នុងជួររដ្ឋាភិបាល។ ក្រៅពីនេះ មន្ត្រីសេតវិមានជាច្រើនរូប ក៏ត្រូវបានដកហូតតំណែង ឬក៏លាលែងចេញពីតំណែងរបស់ខ្លួនមួយរយៈពេលកន្លងមក។
ចំណែក លោក Jackson ជាមន្ត្រីជាន់ខ្ពស់នៅក្នុងជួរកម្លាំងទាហានជើងទឹកអាមេរិក ធ្លាប់ធ្វើជាគ្រូពេទ្យសម្រាប់លោក ត្រាំ ចាប់តាំងពីរដ្ឋកាលដឹកនាំរបស់ លោក George W.Bush។ ចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែង លោក Jackson បានក្លាយជាគ្រូពេទ្យផ្ទាល់ខ្លួន តាមដានសុខភាពលោក ត្រាំ។
ការដកតំណែងមន្ត្រីជាន់ខ្ពស់របស់លោកត្រាំ បានបង្កក្តីបារម្ភយ៉ាងខ្លាំង ដោយមន្ត្រីដែលមានបទពិសោធន៍ ត្រូវបានផ្លាស់ប្តូរដោយមន្ត្រីគ្មានបទពិសោធន៍ ដូចជាលោក ត្រាំ ផងដែរ។ មុនពេលឡើងកាន់តំណែង លោក ត្រាំ ក៏មិនមានបទពិសោធន៍ដឹកនាំនយោបាយដូចគ្នា។
កន្លងមកថ្មីៗនេះ មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូប ក្នុងនោះមានទំាងអតីតប្រធានាធិបតីអាមេរិកផងដែរ បានព្រមានដល់លោក ត្រាំ ពីគ្រោះថ្នាក់ដល់អាមេរិក ប្រសិនបើលោកនៅតែបន្តដកតំណែងមន្ត្រីជាន់ខ្ពស់មានបទពិសោធន៍ទៀតនោះ៕ ម៉ែវ សាធី