ព័ត៌មានទាន់ហេតុការណ៍៖

ដួង ម៉ានិច ធ្វើខួបកំណើតឥតព្រាងទុក

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងវិលត្រឡប់មកពីរៀបចំពិធីចម្រើនព្រះជន្មម្តាយនាទឹកដីកំណើតខេត្តបន្ទាយមានជ័យ ដួង ម៉ានិច បានរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំល្មមមួយកាលពីរាត្រីថ្ងៃទី០២ ខែមេសានេះ ។ ទោះឥតព្រាងទុកក៏កម្មវិធីនេះ មានការចូលរួមច្រើនពីភ្ញៀបជាមិត្តរួមអាជីព ។

តារាសម្តែង ដួង ម៉ានិច ចាប់ផ្តើមមានយីអ៊ុនឡើងខ្លាំង ក្រោយពីនាងចាប់បានឱកាសសម្តែងក្នុងភាពយន្តជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ក្រៅពីឱកាសកើបប្រាក់សន្ធឹកសន្ទាប់ ពីការងារថ្មីៗក្នុងសិល្បៈកំពុងសម្រុកខ្លាំង បន្ទាប់ពីនាងតស៊ូក្នុងអាជីពនេះអស់ជាច្រើនឆ្នាំ ។

នាងកាន់តែលេចធ្លោខ្លាំង ក្រោយពីទទួលបានតំណែងថតភាពយន្តក្នុងតំណែងតួឯកជាច្រើនបន្តបន្ទាប់ ។ ដួង ម៉ានិច ធ្លាប់បានធ្វើឲ្យគេភ្ញាក់ផ្អើលបន្ទាប់ពីនាងបានរៀបចំពិធីឡើងផ្ទះថ្មី នៅបុរីប៉េង ហួត និងបុណ្យចម្រើនព្រះជន្មម្តាយនាងស្រុកកំណើត ថ្មី ។ នាងក៏បានរៀបចំពិធីខួបកំណើតមួយផងដែរ ដើម្បីជួបជុំអ្នកជិតដិតមួយចំនួន ។ កម្មវិធីខួបកំណើតរបស់នាងទទួលស្វាមគមន៍ភ្ញៀវជាច្រើនជាងអ្វី ដែលនាងរំពឹងទុក ព្រោះតែនាងយល់ថា មានកម្មវិធីជាច្រើនជាន់ចំថ្ងៃខួបកំណើតនាង ប៉ុន្តែវត្តមានភ្ញៀវជាច្រើនស្ទើរតែធ្វើឲ្យតារាស្រីរូបនេះ ស្រក់ទឹកភ្នែកព្រោះក្តីរំភើប ។

នាងថា កម្មវិធីខួបកំណើតនេះ មិនបានព្រាងទុកយូរនោះទេ ហើយអ្នកសិល្បៈជាច្រើនដែលនាងមិនបានអញ្ជើញ ព្រោះតែពេលវេលាប្រថុចញ៉ុចពេក ។ នាងថា ទោះអ្នកចូលរួមជាភ្ញៀវទើបនឹងបង្ហាញវត្តមានក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់នាងក្តី ក៏នាងនៅតែមិនខ្លាចចិត្តពួកគេដែរ ព្រោះតែការស្រឡាញ់រាប់អានមិនបានធ្វើឲ្យពួកគេយល់ថា មានរវល់ញឹកញាប់នោះទេ សំខាន់គឺការជួបជុំមួយដ៏សប្បាយរីករាយ ។

ទន្ទឹមគ្នានេះ នាងក៏ថ្លែងការសុំទោសចំពោះមិត្តភក្តិ និងផលិតករជាច្រើន ដែលនាងមិនបានអញ្ជើញ ព្រោះតែមិនមានពេលគ្រប់គ្រាន់ ៕ វឌ្ឍនា


ចែករំលែក៖