ខេត្តប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិនព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិនបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពប្រចាំត្រីមាសទី១ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ប្រចាំត្រីមាសទី២ ឆ្នាំ ២០១៨ ក្រោមអធិបតីភាព លោកសេនីយ៍ឯក ម៉ៅ សំបុណ្យ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធធាគារ និងជាប្រធានលេខាធិការ នៃ ក្រុមការងារថ្នាក់ជាតិទី៧ លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធានអនុប្រធានមន្ទីរ អភិបាលរងក្រុង/ស្រុក កងកំលាំងគ្រប់លំដាប់ថ្នាក់ មេឃុំចៅសង្កាត់ មេភូមិ និងប្រជាការពារភូមិសរុបចំនួន១៧៦ នាក់ ស្រី៩នាក់។
លោកវរៈសេនីយ៍ឯក ផាន់ចាន់ដារ៉ា ស្នងការរងខេត្តប៉ៃលិនបានអានរបាយការណ៍បូកសរុបលទ្ធផលការងារនៃការចាត់តាំងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពប្រចាំត្រីមាសទី១បានឲ្យដឹងថា៖ស្ថានភាពបទល្មើសមានចំនួន២១លើក បទល្មើសឧក្រិដ្ឋ មាន២លើក ករណីឃាតកម្មមាន១លើក ករណីរំលោភសេពសន្ថវៈមាន១លើក ។ បទល្មើសមជ្ឈឹមមានចំនួន១៩លើក ករណីហឹង្សាដោយចេតនា មាន៤លើក ករណីឆបោក រំលោភលើសេចក្តីទុកចិត្តមាន៤លើក និងករណីលួច មាន៧លើក។ គ្រោះថ្នាក់សង្គម មានចំនួន២៣លើក គ្រោះថ្នាក់ចរាចរណ៏មាន១២លើក អគ្គីភ័យ០២លើក អត្តឃាតមាន៤លើក គ្រោះថ្នាក់ផ្សេងៗមាន៥លើក។
បទល្មើសគ្រឿងញៀនមានចំនួន១៤លើក ចែកចាយគ្រឿងញៀនមាន៦លើក ប្រើប្រាស់គ្រឿងញៀនមាន៨លើក ជាលទ្ធផលបង្ក្រាបបានមានចំនួន៣៣លើក បង្ក្រាបការចែកចាយគ្រឿងញៀន៦លើក បង្ក្រាបការប្រើប្រាស់គ្រឿងញៀនមាន០៨លើក បង្ក្រាបបទល្មើសព្រហ្មទណ្ឌរួម១៧លើក បង្ក្រាបតាមដីការចំនួន០២លើក។
លោកបន្តថា ការងារវេទិកាសាធារណៈត្រីមាសទី១ឆ្នាំ២០១៨ បានចុះធ្វើវេទិកាសាធារណៈចំនួន ២០១ លើកដែលមានប្រជាពលរដ្ឋចូលរួម៩,៩៨៦នាក់ ស្រី៣,៥៧៣នាក់ ។ បានចុះផ្សព្វផ្សាយចំនួន២៧០លើក ដែលមានប្រជាជនចូលរួម១២,០៤០នាក់ ស្រី៤,៤០៦នាក់។ការងារចលនាប្រជាការពារក្នុងខេត្តទាំងមូលមានប្រជាការពារសរុបចំនួន៥៦៧នាក់ បែងចែកជា៥៧ក្រុមមានគោលដៅធ្វើសកម្មភាព៥០គោលដៅ។
លោកកើត សុធាអភិបាលខេត្តបានមានប្រសាសន៍ណែនាំដល់គណៈបញ្ជាការឯកភាពក្រុង/ស្រុក/ឃុំ/សង្កាត់ ជាពិសេសអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវពង្រឹងសមត្ថភាព និងត្រូវសហការសាមគ្គីក្នុងការបន្តអនុវត្តគោលនយោបាលរបស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាព សំដៅ បង្កាបង្រាបបទល្មើស ចោរលួច ចោរប្លន់ ល្បែងស៊ីសង អំពើរហឹង្សា គ្រឿងញៀន ទប់ស្កាត់គ្រោះមហន្តរាយ គ្រោះថ្នាក់ចរាចរណ៍ នៅតាមមូលដ្ឋានឲ្យបានតាមគោលដៅ ច្បាស់លាស់ ជាពិសេសចូលរួមចំណែកផ្សព្វផ្សាយអប់រំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យពួកគាត់យល់ជ្រួតជ្រាបកាន់តែច្បាស់ដើម្បីសហការជាមួយសមត្ថកិច្ចជំនាញធ្វើការទប់ស្កាត់បទល្មើសនានាឲ្យបានទាន់ពេលវេលា។ទន្ទឹមនេះត្រូវចេះគ្រប់គ្រងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការអនុវត្តការងារភូមិឃុំមានសុវត្ថិភាពទៅតាមតួនាទីភារៈកិច្ចទទួលបានជោគជ័យ ហើយត្រូវធ្វើរបាយការណ៍សកម្មភាពការងារជាប្រចាំសបា្តហ៍ខែឆ្នាំឲ្យបានត្រឹមត្រូវដើម្បីចូលរួមប្រលងប្រណាំងនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សំបុណ្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធធាគារ និងជាប្រធានលេខាធិការនៃក្រុមការងារថ្នាក់ជាតិទី៧បានមានប្រសាសន៍កោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិនដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលទទួលលទ្ធផលបានល្អប្រសើរ ដោយបានទប់ស្កាត់បង្រ្កាបបទល្មើសបានទាន់ពេលវេលា ក្នុងន័យរក្សាថែរក្សាការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានជាប្រចាំ។
លោកក៏បានលើកឡើងថា រាជរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៏លើកគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈថ្នាក់ក្រោមជាតិ និង គោលនយោបាយភូមិឃុំមានសុវត្តិភាពឲ្យថ្នាក់រដ្ឋបាលខេត្តទាំង២៥រាជធានីខេត្ត/ក្រុង/ស្រុក ខណ្ឌ ចូលរួមអនុវត្តឲ្យមានប្រសិទ្ធិភាព ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិមានសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមល្អ សំដៅលើកកម្ពស់ និងបំរើជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ដូច្នេះថ្នាក់ដឹកនាំ មន្រ្តីរាជការ ខេត្ត ក្រុង ស្រុក ទាំងអស់ត្រូវបន្តគាំទ្រ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យកាន់តែល្អថែមទៀត ដោយមានទំនួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារជាក់ស្តែងនៅតាមមូលដ្ឋានរៀងៗខ្លួន។
លោកក៏បានជំរុញដល់គណៈបញ្ជាការឯកភាពខេត្ត/ ក្រុង /ស្រុក/ ឃុំ សង្កាត់ទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងទប់ស្កាត់ និងក្តាប់នៅមុខសញ្ញា បង្រ្កាបបទល្មើស ដែលកើតមានឡើងនៅតាមមូលដ្ឋាន ឲ្យបានទាន់ពេលវេលា និង សភាពការណ៏បទល្មើស ដើម្បីរក្សានៅស្ថេរភាពសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅដោយសុខសាន្ត និងត្រូវផ្សព្វផ្សាយបំផុសស្មារតីដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សហគមន៏ ដើម្បីគៀងគរលប់បំបាត់អសន្តិសុខ ឲ្យក្លាយទៅជាមានសន្តិសុខសុវត្ថិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅការពារសុខសុវត្ថិភាព និងចូលរួមប្រឡងប្រណាំងភូមិឃុំមានសុវត្ថិភាពទទួលបានជ័យលាភី។ទន្ទឹមនឹងនេះត្រូវពង្រឹងលើការងារគ្រប់គ្រង និងការកសាងបណ្តុះបវណ្តាលធនធានប្រជាការពារនៅតាមមូលដ្ឋាននីមួយៗឲ្យមានសមត្ថភាព ក្នុងការអនុវត្តការងារទទួលបានជោគជ័យ។
ក្នុងឱកាសនោះដែរ លោកសេនីយ៍ឯក ម៉ៅ សំបុណ្យ និង លោក កើត សុធា ក៏បានប្រគល់ប័ណ្ណសរសើរ និងថវិកា ព្រមទាំងមួកសុវត្ថិភាពជូនដល់ក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ចំណាត់ថ្នាក់ជ័យលាភីល្អ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិឃុំមានសុវត្ថិភាព ៕ ស សារ៉េត