ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅលើបណ្តាញសង្គមហ្វេសប៊ុក បានអំពាវនាវជនរួមជាតិយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ទាំងក្នុងការធ្វើដំណើរជិតឆ្ងាយ និងនៅក្នុងពេលប្រារព្ឋពិធីបុណ្យចូលឆ្នាំថ្មី ។
សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖
«នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សូមបងប្អូនជនរួមជាតិទូទាំងប្រទេសយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួនទាំងក្នុងការធ្វើដំណើរជិតឆ្ងាយ និងនៅក្នុងពេលប្រារព្ឋពិធីបុណ្យចូលឆ្នាំថ្មី គឺសូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការអុជធូបទៀនដែលអាចបណ្តាលលអោយមានអគ្គីភ័យជាដើម។
ទន្ទឹមនឹងនេះ សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវរក្សាការពារសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទេសចរជាតិនិងអន្តរជាតិនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឲ្យបានសប្បាយរីករាយនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះ» ៕