ភ្នំពេញ៖ ដោយមើលឃើញអំពីការ អាណិតអាសូរនិងយកចិត្តទុកដាក់ចំពោះ បងប្អូនជនពិការនោះប្រមុខរាជរដ្ឋាភិបាល តាមរយៈរដ្ឋមន្រ្ដីក្រសួងព័ត៌មានបានរៀបចំមង្គលការជូនដល់ជនពិការភ្នែកទាំង សងខាង១គូ ដែលមកពីខេត្តកំពង់ចាម។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌ មាន ជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការ អញ្ជើញទៅចូលរួមក្នុងពិធីកាត់សក់ ចងដៃ និងធ្វើមេបាឱ្យកូនកំលោះនិងកូនក្រមុំដែលងងឹតភ្នែកទាំងអស់គ្នា ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីបញ្ចប់កម្មវិធីរៀបអាពាហ៍ពិពាហ៍ជូន ដល់ជនពិការភ្នែកទាំងសងខាងកាលពីព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែ មេសា ឆ្នាំ២០១៨ ដែលរៀបចំឡើងនៅ ស្ថានីយវិទ្យុ និងទូរទស្សន៍សូលីដាស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ដោយមើលឃើញពីការអាណិត អាសូរ និងស្រឡាញ់ រាប់អានចំពោះជនពិការ ជាពិសេសគូស្វាមីភរិយា១គូ ដែលបានរស់នៅក្នុងមជ្ឈ មណ្ឌលកុមារកំព្រាពិការភ្នែកទាំងសងខាងដូចគ្នាក៏បានរៀបចំពិធីអាពាហ៍ពិពាហ៍ ឱ្យពួកគេក្លាយទៅជាគូស្វាមីភរិយាដូចប្រជាពលរដ្ឋធម្មតាដែរ។
លោករដ្ឋមន្រ្ដីបានបន្ដថា សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានចាត់ទុកគូស្វាមីពិការ ភ្នែកមួយគូនេះគឺជាកូនជាចៅ និងជាក្មួយៗ របស់សម្ដេចក្នុងការជួយឧបត្ដម្ភជ្រោម ជ្រែងដល់ពួកគេទាំងពីរនាក់បានរស់នៅមានសេចក្ដីសុខសេចក្ដីចម្រើន ជាពិសេសការលើកទឹកចិត្តដល់បងប្អូនជនពិការ ដើម្បីកុំឱ្យអស់សង្ឃឹម គឺជនពិការមានសិទ្ធិស្មើគ្នាដូចជាជនមិនពិការដែរ ។
លោកបានលើកឡើងថា ក្នុងពិធីមង្គលការកូនកំលោះកូនក្រមុំពិការភ្នែកទាំងពីរនេះក៏មានមន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយ ចំនួនបានអញ្ជើញចូលរួមផងដែរ ដែលបានបង្ហាញអំពីការយកចិត្តទុកដាក់ និងចូលរួមផ្ដល់តម្លៃឱ្យជនពិការ ក្នុងការរស់នៅដោយស្មើភាពគ្មានការរើសអើងនៅក្នុងសង្គម ។
សូមបញ្ជាក់ថា ក្នុងរៀបចំពិធីមង្គលការនេះគឺបានធ្វើជូនដល់កូនកំលោះឈ្មោះ ឡាង ម៉េងហុង ជាជនពិការភ្នែកទាំងសងខាង និងកូនក្រមុំឈ្មោះ សៅ ស្រីផេន ដែលជាជនពិការភ្នែកដូចគ្នា ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងលោកស្រីជាភរិយាព្រមទាំងមន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀត អញ្ជើញចូលរួមធ្វើជាអធិបតីសម្រាប់កូនប្រុសកូនស្រីទាំងពីរនេះ ។
ចំពោះសកម្មភាពទាំងនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលក្នុងការ ផ្ដល់នូវការលើកទឹកចិត្ត និងផ្ដល់សិទ្ធិស្មើ មុខស្មើមាត់ដូចជនមិនពិការទូទៅផងដែរ ៕ ហេង សូរិយា