ព័ត៌មានទាន់ហេតុការណ៍៖

នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៣ថ្ងៃ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរណ៍ជាង១៥ម៉ឺននាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្នុងរបាយការណ៍មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ​បានឲ្យដឹង​ថា៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល០៣ថ្ងៃ ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៨ មានភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ មកកំសាន្តនៅខេត្តព្រះសីហនុ ប្រមាណ១៥០.៧៨០នាក់ បើប្រៀបធៀបឆ្នាំ២០១៧ មានការកើនឡើង៥ភាគរយ ក្នុងនោះភ្ញៀវជាតិ១៤៤.២៥៥នាក់ បើប្រៀបធៀបឆ្នាំ២០១៧ មានការកើនឡើង៤.២ភាគរយ ។ ភ្ញៀវអន្តរជាតិមានចំនួន៦.៥២៥នាក់បើប្រៀបធៀបឆ្នាំ២០១៧កើនឡើងចំនួន២៥ភាគរយ ។

ក្នុងនោះភ្ញៀវទៅកំសាន្តតាមកោះនានាដូចជាកោះរ៉ុង និងកោះរ៉ុងសន្លឹម និងភ្ញៀវចូលទស្សនា តាមរមណីយដ្ឋាននានានៅក្នុងខេត្ត ដូចជារមនីយដ្ឋានថ្មរូង ក្នុងស្រុកកំពង់សិលា រមណីយដ្ឋានក្បាលឆាយក្នុងក្រុងព្រះសីហនុ និងនៅតាមភោជ្ជនីយដ្ឋាននៃតំបន់ឆ្នេរ ។

ភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅឆ្នេរអូរឈើទាលបានឲ្យដឹងថាមួយរយ:កាលចុងក្រោយនេះការធ្វើដំណើរមកកំសាន្តនៅខេត្តព្រះសីហនុជួបការលំបាកក្នុងការស្នាក់នៅដោយសារផ្ទះសំណាក់ សណ្ឋារគារមួយចំនួនបានជួលទៅឲ្យជនជាតិចិន ប៉ុន្តែបើទោះជាបែបនេះក្តី ពួកគាត់នៅតែបន្តមកកំសាន្តដោយមិនចាំបាច់ស្នាក់នៅកាត់បន្ថយការចំណាយបានមួយភាគវិញផងដែរ ។ ដោយឡែក មុខម្ហូបសមុទ្រស្រស់ៗការលក់ដូរមានតម្លៃខ្ពស់បន្តិចមែន តែក៏អាចទទួលយកបាន ។

នៅក្នុងរបាយការណ៍ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងថា លទ្ធផលនៃការរៀបចំសន្តិសុខសណ្តាប់ ក្នុងពិធីបុណ្យខាងលើ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទន: ទន្ទឹមនឹងនេះក៏មានករណីភ្ញៀវបរទេស ជ្រុះបាត់កាបូបលុយចំនួន០១ករណី និងមានក្មេងវង្វេងចំនួន ០២នាក់ ប៉ុន្តែនគរបាលទេសចរណ៍ បានផ្សព្វផ្សាយ ហើយឪពុក ម្តាយ បានមកទទួលយកកូនពីសមត្ថកិច្ចនគរបាលវិញ រួចរាល់ផង​ដែរ ។

ដោយឡែកអំពីករណីគ្រោះថ្នាក់ចរាចរនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំចសំរិទ្ធិស័ក ព.ស.២៥៦២.គ.ស២០១៨ក្នុងរយ:ពេល០៣ច្ងៃ ពីថ្ងៃទី១៣ដល់ ថ្ងៃទី១៦ ឆ្នាំ២០១៨មិនមានករណីគ្រោះថ្នាក់ចរាចរកើតឡើងនោះឡើយ ។

គូររំលឹកឲ្យដឹងឡើងវិញផងដែរថានៅក្នុវឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងលើរដ្ឋបាលសាលាខេត្តព្រះសីហនុដែលមានលោកយន្ត មីន ជាអភិបាលនៃគណ:អិបាលខេត្តព្រះសីហនុបានសហការណ៍ជាមួយសភាពាណិជ្ជកម្មខេត្ត និងមន្ទីជំនាញពាក់ព័ន្ធ រៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដើម្បីផ្តល់ភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលធ្វើដំណើរចូលមកកំសាន្តនៅក្នុងខេត្តព្រះសីហនុដែលប្រកបទៅដោយភាពសុខសាន្ត មានការអភិវឌ្ឍន៍រីកចម្រើន ក្រោមជំនោសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកយន្ត មីន អភិបាលនគណ:អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍នៅក្នុងឱកាសបើកសម្ភោធដាក់ឲ្យដំណើរការព្រឹត្តការណ៍និរតីសង្ក្រាន្តឆ្នាំ២០១៨ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ គ.ស ២០១៨ថា ការបើកសម្ភោធដាក់ឲ្យដំណើរការខាងលើក្នុងគោលបំណងលើកស្ទួយវប្បធ៏មប្រពៃណីជាតិក៏ដូចជាលើកកម្ពស់កិត្យានុភាពជាតិយើងនៅលើឆាកអន្តរជាតិ ព្រមទាំងទាក់ទាញបានភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកកំសាន្តលើទឹកដីខេត្តព្រះសីហនុឲ្យកាន់តែច្រើនកុះករបន្ថែមទៀតដើម្បីជំរុញដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាពិសេសវិស័យពណិជ្ជកម្ម និងទេសចរណ៍ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។ លោកអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងទៀតថា ខេត្តព្រះសីហនុជាខេត្តតំបន់ឆ្នេរនៅក្នុងចំណោមខេត្តចំនួន០៣ទៀតគឺ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ។

ខេត្តព្រះសីហនុជាខេត្តតំបន់ឆ្នេរ សំបូរទៅដោយធនធានធម្មជាតិនិវមានសក្តានុពលសេដ្ឋកិច្ចលើគ្រប់វិស័យ ពិសេស សក្តានុពលលើវិស័យទេសចរណ៍ដោយសារខេង្តយើងមានប្រជំុកោះជាច្រើន ឆ្នេរសមុទ្រខ្សាច់សរស្អាត សម្បត្តិធម្មជាតិ និងភាពអំណោយផលផ្នែកភូមិសាស្ត្រជាច្រើនទៀត សម្រាប់ជាមូលដ្ឋានក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ និងការអភិវឌ្ឍន៍ដម្បីបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើង ។

ទន្ទឹមនេះខេង្តព្រះសីហនុត្រូវបានជាប់ជាសមាជិកកនលឹបឆ្នេរសមុទ្រដ៏ស្អាតបំផុតនៅលើពិភពលោកក្នុងចំណោមខេត្តខាងលើ និងបានប្រសិទ្ធនាមថា( ជាតារារះនាទិសនិរតី) ។

លើសពីនេះខេត្តព្រះសីហនុក៏ត្រូវបានរាជរដ្ឋាភិបាលចាត់ទុក និងប្រកាសប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧសកសាហកម្ម កម្ពុជាឆ្នាំ២០១៥_២០២៥ ។

នៅពេលថ្មីៗកន្លងមកនេះក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុក៏ទទួលបានពានរង្វាន់ជ័យលាភី( ផ្ការំដួល០៣ទងដែលជានិម្មិតរូបទីក្រុងស្អាតពីប្រមុខរាជរដ្ឋាភិបាលផងដែរ ។ លោកយន្ត មីនបានមានប្រសាស៍បញ្ជាក់ជាចុងក្រោយថាកត្តាខាងលើនេះហើយដែលបានជម្រុញឲ្យភ្ញៀវទេសចរណ៍មានចំនួនកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ៕ ឆ្លាម សមុទ្រ


ចែករំលែក៖