មន្ត្រីជាន់ខ្ពស់ រុស្ស៊ីបានថ្កោលទោស ទៅលើនយោបាយ របស់បារាំង ក្រោយ ពេល ប្រធានាធិបតីម៉ាក្រុង បានអំពាវឲ្យ សម្ពន្ធមិត្តយោធា ធ្វើសង្គ្រាមនៅស៊ីរី ក្នុង នោះមានអាមេរិក បន្តវត្តមាន យោធានៅ ក្នុងទឹកដីស៊ីរីដើម្បីរក្សាសន្តិសុខ បើទោះបីសង្គ្រាមបានបញ្ចប់យ៉ាងក្តី។
ទាំងនោះហើយបានធ្វើឲ្យស៊ីរី ក៏ដូចជារុស្ស៊ីព្រមទាំសម្ពន្ធមិត្តអីុរ៉ង់ ចាត់ទុកថាជា សកម្មភាព ឈ្លានពាន ធ្វើអាណានិគមន៍ ដោយយោធា ទៅលើស៊ីរី ។
កន្លងមក ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុងបានទទូច ឱ្យ សហរដ្ឋអាមេរិកបន្តរក្សាវត្តមានយោធា នៅក្នុងប្រទេសស៊ីរីនោះ ហាក់ដូចជាបាន បង្ហាញយ៉ាងច្បាស់ថា ចរិកអាណានិគម បារាំងកំពុងត្រឡប់មកវិញសាជាថ្មី។ នេះ ជាសម្ដីរបស់ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ ( Sergei Lavrov) ចុះផ្សាយបន្តដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។
លោក ស៊ឺហ្គៃ ឡាវរ៉ូវ បានកត់សម្គាល់ បែបនេះ នាឱកាសធ្វើសន្និសីទសារព័ត៌ មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃចន្ទក្នុងទីក្រុងប៉េកាំង។ ថ្លែងនាឱកាសនោះដែរ លោក ប្រមុខការទូតរុស្ស៊ីរូបនេះ បានលើក ឡើងយ៉ាងដូច្នេះថា «ខ្ញុំបានឮប្រធានា ធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ទទូចឱ្យសហរដ្ឋអាមេរិកកុំដកទ័ពចេញពីប្រទេសស៊ីរី បើទោះជាពួកភេរវករត្រូវបានលុបបំបាត់ ឬត្រូវបណ្ដេញចេញ ពីស៊ីរីក៏ដោយ… នេះជាការបង្ហាញយ៉ាង ច្បាស់ អំពីគោលជំហរបែបអាណានិគម»។
គួរជម្រាបថា កាលពីថ្ងៃទី១៤ ខែមេសា ក្រោយបារាំងបានចូលរួមជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស ដឹកនាំការវាយ ប្រហារតាមផ្លូវអាកាស លើទីតាំងដែល សម្ពន្ធមិត្តអាមេរិកបានចោទថា ស៊ីរីលួច ផលិត និងលាក់អាវុធគីមីនោះ លោក ម៉ាក្រុង បានអះអាងថា លោកគឺជាអ្នក បញ្ចុះបញ្ចូលឱ្យលោក ដូណាល់ ត្រាំ បើកការវាយប្រហារនេះ ហើយថាវាគឺជា រឿងចាំបាច់ ដែលសហរដ្ឋអាមេរិកត្រូវតែ រក្សាវត្តមានកងទ័ពនៅស៊ីរី ដើម្បីជួយ កសាងស៊ីរីថ្មីមួយ នៅក្រោយសង្រ្គាមបាន បញ្ចប់៕ ម៉ែវ សាធី