ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានប្រកាសព័ត៌មានយ៉ាងដូច្នេះថា៖ ថ្ងៃនេះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា William Heidtស្របជាមួយនឹងការកត់សំគាល់ទិវាភពផែនដី បានធ្វើជាអធិបតីនៅក្នុងពិធីបង្ហាញប្រព័ន្ធផ្ទាំងសូឡាស្រូបថាមពលព្រះអាទិត្យថ្មីរបស់ស្ថានទូតអាមេរិក។ ប្រព័ន្ធនេះនឹងកាត់បន្ថយយ៉ាងច្រើននូវការប្រើប្រាស់ភ្លើងអគ្គិសនីរបស់ស្ថានទូត ហើយជាជំហានមួយក្នុងការកាត់បន្ថយការបំពុលបរិយាកាសរបស់យើង។ ពិធីនេះក៏រួមមានផងដែរនូវការលក់ទំនិញប្រចាំឆ្នាំ ដែលមានលក់ផលិតផលកែច្នៃយកមកប្រើឡើងវិញ និងការលក់ផលិតផលរបស់កសិករក្នុងស្រុក ដែលបង្ហាញផលិតផលក្នុងស្រុករបស់គេ ដែលមិនប៉ះពាល់បរិស្ថាន។ ចូលរួមនៅក្នុងពិធីនោះផងដែរមានលោកស្រី Susan Meyerson អ្នកគ្រប់គ្រងប្រចាំតំបន់សំរាប់ការិយាល័យនៃប្រតិបត្តិការសាងសង់នៅក្រៅប្រទេស ប្រចាំនៅទីក្រុង Washington និងតំណាងមកពីក្រសួងបរិស្ថាននៃប្រទេសកម្ពុជា។
ពិធីនេះគឺជាឱកាសសំរាប់បញ្ជាក់ពីជំហានដែលស្ថានទូតអាមេរិកកំពុងប្រកាន់យក នៅក្នុងការការពារ និងវិនិយោគទៅលើបរិស្ថាននៅកម្ពុជា។
ការដំឡើងផ្ទាំងសូឡាស្រូបថាមពលព្រះអាទិត្យថ្មីទាំង ៩៤០ នេះ ដែលត្រូវចំណាយអស់ប្រហែល ១ លានដុល្លា នៅលើដំបូលនៃស្ថានទូតអាមេរិកត្រូវការពេលវេលាយូរ ហើយធ្វើអោយស្ថានទូតអាចសន្សំប្រាក់បានប្រហែល ៦៥ ០០០ ដុល្លាក្នុងមួយឆ្នាំ ពីការចំណាយលើថាមពលអគ្គិសនី។ ផ្ទាំងស្រូបថាមពលព្រះអាទិត្យ ដូចដែលយើងផ្តើមអោយមានឡើងនៅថ្ងៃនេះ គឺជាការការវិនិយោគទៅលើអនាគត ហើយផ្តល់ជាភ្លើងអគ្គិសនី សំរាប់រយៈពេល ១៩ ឆ្នាំ។ ផ្ទាំងស្រូបថាមពលព្រះអាទិត្យទាំងនេះអាចស្រូបថាមពលព្រះអាទិត្យសំរាប់ផ្គត់ផ្គង់អគ្គិសនីដល់ផ្ទះប្រជាជនកម្ពុជាបានចំនួនប្រហែល ២៤០ ផ្ទះ។
នៅក្នុងសុន្ទរកថា នៅថ្ងៃនេះរបស់លោក លោកឯកអគ្គរដ្ឋទូត Heidtបានមានប្រសាសន៍ថា “យើងបានសំរេចធ្វើគំរោងនេះ ពីព្រោះយើងចង់ការពារបរិស្ថានរបស់យើងទាំងអស់គ្នា។ ស្ថានទូតអាមេរិកមានមោទនភាពក្នុងការធ្វើការវិនិយោគនេះទៅលើអនាគតនៃបរិស្ថាននៅកម្ពុជា។ នៅសហរដ្ឋអាមេរិក គេមានសុភាសិតថា គិតជាសាកល ហើយធ្វើនៅតាមកន្លែងមូលដ្ឋាន។ វាគឺជាអ្វីដែលស្ថានទូតអាមេរិកកំពុងធ្វើ នៅទីនេះនិងក្នុងពេលនេះ”។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍បន្ថែមទៀតថា “ប្រទេសកម្ពុជាមានពន្លឺថ្ងៃច្រើន ហើយមានសក្តានុពលច្រើនក្នុងការទាញយកថាមពលព្រះអាទិត្យមកប្រើប្រាស់។ យើងសង្ឃឹមថា គំរោងនេះនឹងលើកទឹកចិត្តដល់ស្ថាប័នដទៃទៀតអោយដំឡើងផ្ទាំងសូឡាស្រូបយកថាមពលព្រះអាទិត្យផងដែរ”៕